អាជ្ញាធរ​​រាជ​ធានី​ភ្នំពេញ​​ឃាត់​ខ្លួន​​យុវជន​ម្នាក់​​ដែល​​​ព្យាយាម​​ធ្វើ​បាតុកម្ម​នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​​

ក្រុមអាជ្ញាធរខណ្ឌបានចុះមកត្រួតពិនិត្យនិងរារាំងចំពោះក្រុមពលរដ្ឋដែលមានបំណងធ្វើដំណើរទៅលានប្រជាធិបតេយ្យដើម្បីធ្វើបាតុកម្មសន្តិវិធីទាមទារឱ្យដោះលែងលោក រ៉ុង ឈុន និងសកម្មជនផ្សេងទៀតពាក់ព័ន្ធបញ្ហាព្រំដែន នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

សមត្ថកិច្ចរាជធានីភ្នំពេញ បាន​​ឃាត់​ខ្លួនយុវជនម្នាក់ក្នុង​អំឡុងពេលដែលរូបគាត់និង​ពលរដ្ឋ​ប្រមាណជិត៥០នាក់ព្យាយាម​ទៅប្រមូល​ផ្តុំនៅទីលានប្រជាធិបតេយ្យ ក្នុង​ខណ្ឌឫស្សីកែវ នៅព្រឹកនេះ។

តាមគម្រោង ក្រុមពលរដ្ឋ​សកម្មដើម្បីយុត្តិធម៌ គ្រោង​​ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ចាប់​​ពីថ្ងៃទី៧ដល់​​ថ្ងៃ​ទី១៥ ខែកញ្ញា ដើម្បីទាមទារឱ្យមានយុត្តិធម៌នៅក្នុងសង្គមនិង​​ទាមទារឱ្យដោះលែង​​​លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និងមនុស្ស​៤នាក់ទៀតដែលជាប​់ពន្ធនាគារ​បណ្តោះអាសន្នពាក់ព័ន្ធនឹង​រឿង​ព្រំដែន។​

ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ច​ក៏បានដាក់ពង្រាយ​កម្លាំងនិង​ដាក់របាំងហ៊ុមព័ទ្ធមិន​ឱ្យ​មានការ​ប្រមូល​ផ្តុំផងដែរ។

កញ្ញា សូ មេត្តា យុវជនខ្មែរ​ថាវរៈ ដែលចូលរួម​បាតុកម្មនោះ បាន​ឱ្យ​ដឹងថា នៅព្រឹកមិញនេះ សមត្ថកិច្ច​​បាន​ឃាត់ខ្លួនសមាជិក​ពួកគេ​ម្នាក់ឈ្មោះ ថា ឡាវី នៅពេលដែលរូបគាត់និង​ពលរដ្ឋ​ផ្សេង​ទៀត​​ព្យាយាម​ទៅប្រមូល​ផ្តុំនៅទីលានប្រជាធិបតេយ្យ។ កញ្ញាបានចាត់ទុកសកម្មភាពរារាំងរបស់អាជ្ញាធរថា ជាការ​បំបិទសិទ្ធិសេរីភាពសម្តែងមតិរបស់ពលរដ្ឋ។

កញ្ញាថា៖ «គាត់[សមត្ថកិច្ចខណ្ឌ​​​]ចាប់ចងគ្នាខ្ញុំម្នាក់ព្រឹក​មិញហើយ​​ មិន​ឱ្យ​យើងមានមាត់និយាយ ដូច្នេះ​តើឯណាទៅសិទ្ធិសេរីភាពប្រជាពលរដ្ឋ​​ ហើយ​នេះជាទីសាធារណៈរបស់ប្រជាពលរដ្ឋ ខ្ញុំសុំសួរថា ​ហេតុអ្វីយើង​ម​កសម្តែង​មតិ​មិនបាន មកដាក់កងកម្លាំងរារាំងពួក​យើង ហើយ​​រុញច្រានពួកយើងទៀត»។

លោក មួង សុភ័ក្រ ជាយុវជនម្នាក់ក្នុង​ចំណោម​អ្នក​​​ដែល​ទៅប្រមូល​ផ្តុំនោះ បាន​និយាយថា ទីតាំង​ប្រជាធិបតេយ្យជា​កន្លែងសម្រាប់​ឱ្យ​ពលរដ្ឋប្រមូល​ផ្តុំសម្តែង​មតិ ហើយ​ពួកគេ​ក៏បានជូនដំណឹង​រួច​ហើយទៅសាលា​រាជធានីភ្នំពេញពីការ​ធ្វើបាតុកម្មដោយសន្តិវិធីនេះ។

លោកថា៖ «ខ្ញុំមកសម្តែងមតិដោយសន្តិវិធី ខ្ញុំបានជូនដំណឹងទៅសាលារាជធានីភ្នំពេញ​ហើយ»។

ទោះជាយ៉ាងណា សមត្ថកិច្ច​ខណ្ឌឫស្សីដែលមិន​បញ្ជាក់ឈ្មោះ បានប្រាប់ក្រុមអ្នកតវ៉ាថា សាលារាជធានីភ្នំពេញបានជូនដំណឹង​រួច​ហើយ ថា​មិនអនុញ្ញាតឱ្យមានការ​ប្រមូល​ផ្តុំនៅទីលាន​ប្រជាធិបតេយ្យ​នោះទេ។ លោកបន្តថា ការរារាំងនេះក៏ដើម្បីការពារ​សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងការកកស្ទះចរាចរណ៍។

ចំណែក អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់កាលពីសប្តាហ៍មុន​ថា បើក្រុមយុវជនទាំងនោះនៅតែ​ជួបជុំគ្នាសម្តែងមតិមិនស្របតាមច្បាប់ ពួកគេនឹង​ប្រឈមនឹងវិធានការរបស់អាជ្ញាធរ។

លោកមានប្រសាសន៍ថា៖ «វាអត់មានអ្វីចម្លែកទេ [បើធ្វើបាតុកម្មមិនគោរពច្បាប់] សម្រាប់អាជ្ញាធរក្នុងការចាត់វិធានការ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ»។

កាលពីថ្ងៃអាទិត្យ​ម្សិលមិញ អាជ្ញាធរ​រាជធានីភ្នំពេញក៏បានចាប់​ឃាត់​​ខ្លួនយុវជនម្នាក់ឈ្មោះ មាន ព្រហ្មមុនី ទៅតាមដីការបស់​សាលាដំបូង​រាជធានីភ្នំពេញ​ ក្រោមបទចោទ «ញុះញង់ឱ្យមាន​ភាពវឹកវរ​ដល់​​សន្តិសុខ​សង្គម» ពាក់ព័ន្ធរឿងព្រំដែន។

យុវជនរូបនោះជាយុវជនម្នាក់ក្នុង​ចំណោម​មនុស្ស​៣នាក់ ក្នុងនោះមានលោក ថា ឡាវី ផងដែរ​ដែលបាន​ប្រកាសពីការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃចន្ទនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ