កម្មករ-កម្មការិនីជាង២០០នាក់ធ្វើការនៅរោងចក្រ វ៉ាយអូលែត (VIOLET APPAREL CAMBODIA CO,.LTD.) នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្នើសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ជួយអន្តរាគមន៍ទៅអ្នកបញ្ជាទិញនិងរដ្ឋាភិបាលឱ្យជំរុញទៅថៅកែរោងចក្រផ្តល់សំណងជូនកម្មករតាមច្បាប់។
ការស្នើនេះបានធ្វើឡើងខណៈដែលពួកគេបានទៅប្រមូលផ្តុំគ្នាដាក់ញត្តិនៅការិយាល័យសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា នៅថ្ងៃចន្ទនេះ ក្រោយពីគ្មានដំណោះស្រាយពីស្ថាប័នរដ្ឋ។
អ្នកស្រី អ៊ុង ចាន់ធឿន បម្រើការងារផ្នែកកាន់ឃ្លាំងនៅរោងចក្រ វ៉ាយអូលែត រយៈពេល១៧ឆ្នាំ និងជាតំណាងកម្មករ ប្រាប់វីអូឌីក្រោយដាក់ញត្តិថា ក្រុមកម្មករបានផ្ទុះការតវ៉ាកាលពីដើមខែកក្កដា ក្រោយពីថៅកែរោងចក្របានប្រកាសបិទទ្វារភ្លាមៗ ដោយមិនបានជូនដំណឹងជាមុននិងដោះស្រាយសំណងជូនកម្មករត្រឹមត្រូវតាមផ្លូវច្បាប់។
អ្នកស្រីបន្តថា កន្លងមក ក្រុមកម្មករបានរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធជាច្រើនលើកហើយ ដើម្បីឱ្យជួយដោះស្រាយវិវាទការងារនេះ ប៉ុន្តែពុំទាន់មានដំណោះស្រាយនៅឡើយ ទើបពួកគាត់សម្រេចស្វែងរកកិច្ចអន្តរាគមន៍ពីសហភាពអឺរ៉ុបបន្ថែមទៀត ដោយសារតែផលិតផលទំនិញរបស់រោងចក្រនេះលក់ឱ្យបណ្តាប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប។
អ្នកស្រីបន្ថែមថា៖ «សម្រាប់ brand [យីហោឬម៉ាក] មួយចំនួន ប្រសិនបើមិនគោរពសិទ្ធិនិងច្បាប់ស្តីពីការងារទេ គឺគាត់អត់កម៉្មង់ទិញអីវ៉ាន់ទាំងអស់ដែលរោងចក្រនីមួយៗផលិតឱ្យទេ។ អីចឹងអ្វីដែលខ្ញុំគិតឃើញ ក៏ដូចជាបងប្អូនកម្មករទាំងអស់គ្នាសម្រេចមកដាក់ញត្តិនិងរកកិច្ចអន្តរាគមន៍ពី EU [សហភាពអឺរ៉ុប] នេះ គឺយើងគិតថា សហភាពអឺរ៉ុបហ្នឹងអាចជំរុញ buyer [អ្នកទិញ] និងក្រសួងពាក់ព័ន្ធជំរុញរឿងហ្នឹងឱ្យដោះស្រាយលឿនបំផុតជូនពួកខ្ញុំ»។
តំណាងកម្មកររូបនេះឱ្យដឹងដែរថា រោងចក្រ វាយអូលែត មានថៅកែជាជនជាតិចិននិងមានសាខាបីផ្សេងទៀតដែលកំពុងដំណើរការផលិតសម្លៀកបំពាក់ឱ្យយីយោម៉ាកល្បីៗ មានដូចជា Nike, Matalan, Carter និង C&A។
កម្មការិនីផ្នែកជំនួយការដេរ អ្នកស្រី សួស ចិន្តា អាយុ៤០ឆ្នាំ បាននិយាយថា ក្រោយរោងចក្របិទទ្វារ ក្រុមកម្មករជួបប្រទះនូវការលំបាកជាខ្លាំងក្នុងជីវភាព ទាំងការចំណាយផ្សេងៗនិងការបង់សងធនាគារជាដើម។
អ្នកស្រីថា៖ «បញ្ហាប្រឈមខ្លាំងជាងគេ គឺពួកខ្ញុំចាស់ៗអស់ហើយ ពេលទៅរកការងារធ្វើ គេអត់យកទេ។ បើនិយាយពីចំណាយវិញ ត្រូវការថ្លៃផ្ទះជួល ហូបចុក អីចឹងយើងខ្វះខាតគ្រប់បែបយ៉ាង ដូចខ្ញុំត្រូវទទួលខុសត្រូវម្តាយចាស់នៅផ្ទះទៀត»។
ក្នុងញត្តិដាក់ទៅសហភាពអឺរ៉ុប ក្រុមកម្មករបានស្នើសុំជួយអន្តរាគមន៍ទៅថៅកែរោងចក្រឱ្យទូទាត់ប្រាក់ជូនកម្មករតាមផ្លូវច្បាប់មួយចំនួន រួមមាន ប្រាក់ជូនដំណឹង ប្រាក់ដំណាច់ឆ្នាំ ប្រាក់អតីតភាពការងារ និងប្រាក់សំណងជំងឺចិត្ត ក្រោយរោងចក្រប្រកាសបិទទ្វារដោយមិនបានជូនដំណឹងត្រឹមត្រូវតាមផ្លូវច្បាប់។
ក្រុមកម្មករក៏បានស្នើឱ្យថៅកែទូទាត់ប្រាក់លំហែមាតុភាពដែលថៅកែជំពាក់រយៈពេល៣ខែ ប្រាក់បង់បេឡាជាតិរបបសន្តិសុខសង្គម (បសស) និងប្រាក់៥ថ្ងៃដែលកម្មករធ្វើការងារថ្ងៃចូលឆ្នាំខ្មែរដែលថៅកែនៅជំពាក់ និងស្នើឱ្យក្រសួងការងារបញ្ជូនសំណុំរឿងវិវាទការងាររបស់ពួកគេទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយបន្តផងដែរ។
មន្ត្រីការិយាល័យសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអនុញ្ញាតឱ្យតំណាងកម្មករចូលជួប ដោយបានទទួលយកញត្តិនិងបានសន្យាថា នឹងជំរុញទៅក្រសួងពាក់ព័ន្ធនិងអ្នកបញ្ជាទិញដោះស្រាយរឿងនេះ។ នេះបើតាមការបញ្ជាក់របស់តំណាងកម្មករ អ្នកស្រី អ៊ុង ចាន់ធឿន។
វីអូឌី មិនអាចសុំការឆ្លើយតបពីខាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងប្រធានរដ្ឋបាលរោងចក្រវ៉ាយអូលែត លោក ប៊ូ សំណាង បានទេ ពាក់ព័ន្ធករណីនេះ។
តែយ៉ាងណា លោក ប៊ូ សំណាង បានបញ្ជាក់ប្រាប់កាលពីថ្ងៃទី២៩ ខែកក្កដាថា រោងចក្របានផ្តល់សំណងចំនួន៣ចំណុចទៅដល់កម្មករហើយ រួមមាន ប្រាក់ឈ្នួលចុងក្រោយ ប្រាក់អតីតភាពការងារ និងប្រាក់ដំណាច់ឆ្នាំ ទៅតាមគោលការណ៍ច្បាប់ត្រឹមត្រូវដូចដែលក្រសួងបានកំណត់។
លោកបានបន្តថា កាលដែលរោងចក្របិទទ្វារបណ្ដាលមកពីគ្មានការបញ្ជាទិញ ព្រោះតែវិបត្តិសុខភាពសកល។
មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ូ រតនា មានប្រសាសន៍ថា ករណីក្រុមកម្មករដាក់ញត្តិនៅសហភាពអឺរ៉ុបនេះ វាជាសិទ្ធិរបស់ពួកគេ ហើយអ្វីដែលក្រសួងបានដោះស្រាយកន្លងមកនោះ គឺអនុវត្តត្រឹមត្រូវទៅតាមផ្លូវច្បាប់ហើយ។
លោកបានបន្តថា ប្រសិនបើមានបណ្តឹងណាមួយពីក្រុមកម្មករសុំឱ្យជួយដោះស្រាយនោះ ក្រសួងនឹងពិចារណាឆ្លើយតបសំណើពួកគេ។
លោកបន្ថែមថា៖ «គាត់ដាក់ [បណ្តឹង] ទៅសហគមន៍អឺរ៉ុប គាត់ដាក់ទៅ buyer ពួកគាត់អត់ដាក់មកខាងខ្ញុំផងហ្នឹង អីចឹងយើងម៉េចត្រូវដោះស្រាយ ធម្មតាតែយើងមានបណ្តឹង យើងត្រូវធ្វើហើយ។ តែបើអត់បណ្តឹង យើងម៉េចធ្វើ គាត់អត់ទុកចិត្តយើង យើងដោះស្រាយអត់ទៅតាមផ្លូវច្បាប់ អាហ្នឹងយើងអត់ដឹងថាម៉េចដែរ ប៉ុន្តែយើងធ្វើអ្វីមួយទៅតាមស្មារតី ទៅតាមច្បាប់ និងការបំភ្លឺ»។
កម្មកររោងចក្រនេះមានកម្មករចំនួន១,២៨៤នាក់ បានផ្ទុះការតវ៉ាកាលពីថ្ងៃទី១ ខែកក្កដា ក្រោយថៅកែប្រកាសបិទទ្វារភ្លាមៗ និងក្រោយពេលព្យួរការងាររយៈពេល២ខែគឺក្នុងខែឧសភានិងខែមិថុនា ដោយមិនបានដោះស្រាយសំណងត្រឹមត្រូវតាមផ្លូវច្បាប់៕









