អង្គការក្រៅរដ្ឋាភិបាលចំនួន៣ រួមមាន មូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) អង្គការសុខភាពពិភពលោក (WHO) អង្គការ Helen Keller អន្តរជាតិ (HKI) បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយជំរុញរដ្ឋាភិបាលឱ្យគ្រប់គ្រងតឹងរ៉ឹងលើការលក់ផលិតផលជំនួសទឹកដោះម្ដាយ។
សេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី០៧ ខែកញ្ញា បានលើកឡើងថា ក្រុមសង្គមស៊ីវិល ព្រួយបារម្ភខ្លាំងបន្ទាប់ពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ឯករាជ្យមួយរកឃើញថា ទឹកដោះគោនុតទ្រីលែត (Nutrilatt) ពុំមានគ្រប់គ្រាន់នូវមីក្រូសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា ជាតិដែកនិងស័ង្កសី ដែលជាហានិភ័យចំពោះសុខុមាលភាពកុមារ។
សេចក្ដីថ្លែងការណ៍ដដែលកត់សម្គាល់ថា៖ «លទ្ធផលនេះ [តេស្តលើទឹកដោះគោនុតទ្រីលែត] គឺជាការក្រើនរំឭកពីសារៈសំខាន់នៃការគ្រប់គ្រងដ៏តឹងរ៉ឹងលើការលក់ផលិតផលជំនួសទឹកដោះម្ដាយ។ ប្រសិនបើកុមារមិនទទួលបាននូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេនោះ ពួកគេនឹងមិនអាចលូតលាស់បានល្អលើផ្នែករាងកាយនិងស្មារតីទ្បើយ»។
មន្ត្រីទំនាក់ទំនងសាធារណៈនៃមូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) ប្រចាំនៅកម្ពុជា លោក មាស ប៊ុនលី ថ្លែងប្រាប់វីអូឌីថា ក្រុមសង្គមស៊ីវិលបារម្ភខ្លាំងចំពោះស្ថានភាពសុខភាពកុមារកម្ពុជា បន្ទាប់ពីរកឃើញថា ម្សៅទឹកដោះគោមានគុណភាពអន់ កំពុងចរាចរលើទីផ្សារកម្ពុជា។
លោកបន្តថា សង្គមស៊ីវិលសូមលើកទឹកចិត្តឱ្យអាជ្ញាធរកម្ពុជាអនុវត្តច្បាប់ឱ្យបានជាក់លាក់ច្បាស់លាស់បន្ថែមទៀតចំពោះផលិតផលជំនួសទឹកដោះម្ដាយ។
លោក មាស ប៊ុនលី បានលើកឡើងថា៖ «យើង [NGO] ត្រូវការរឹតបន្តឹងឬការគ្រប់គ្រងផលិតផលនៅលើទីផ្សារ គឺផលិតផលសម្រាប់ជំនួសទឹកដោះម្ដាយហ្នឹង។ ជាការដាស់តឿនមួយឱ្យមានការពិនិត្យបន្តបន្ទាប់ មិនសំដៅតែផលិតផលណាមួយទេ គឺចង់សំដៅទៅលើផ្នែកចំណីអាហារឬផលិតផលសម្រាប់ជំនួសទឹកដោះម្ដាយហ្នឹង»។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បញ្ជាក់បន្ថែមថា គ្មានផលិតផលណាមួយអាចជំនួសទឹកដោះម្ដាយបានឡើយ។ ប៉ុន្តែក្នុងករណីប្រើប្រាស់ផលិតផលជំនួសទឹកដោះម្ដាយ ផលិតផលទាំងនោះត្រូវតែឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅតាមស្ដង់ដារ Codex ស្ដីពីផលិតផលម្សៅទឹកដោះគោសម្រាប់ទារកនិងកុមារ និងត្រូវគោរពតាមអនុក្រឹត្យលេខ១៣៣ ស្តីពីការគ្រប់គ្រងលើការផ្សព្វផ្សាយលក់ផលិតផលទាំងនេះ។
សេចក្ដីថ្លែងការណ៍កត់សម្គាល់បន្ថែម៖ «ការខកខានពុំបានគោរពទៅតាមវិធានការច្បាប់ រួមនឹងការប្រើប្រាស់ផលិតផលទាំងនេះមិនបានសមស្រប ធ្វើឱ្យជីវិតកុមារត្រូវប្រឈមនឹងហានិភ័យ»។
កាលពីថ្ងៃទី០៣ ខែកញ្ញា ក្រសួងពាណិជ្ជកម្មបានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួនដើម្បីទប់ស្កាត់ការចរាចររាល់ការចែកចាយទឹកដោះគោម៉ាក Nutrilatt បន្ទាប់ពីរកឃើញថា ទឹកដោះគោនេះមានជាតិដែកទាបខ្លាំងបើធៀបនឹងស្ដង់ដារអន្តរជាតិ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានថ្លែងប្រាប់វីអូឌីថា ក្រសួងពាណិជ្ជកម្មនឹងចាត់វិធានការនានាតាមជាក់ស្ដែង ដើម្បឆ្លើយតបនឹងផលិតផលដែលគ្មានគុណភាពនិងបះពាល់ដល់សុខុមាលភាពកុមារ។
ប្រសាសន៍លោក ស៊ាង ថៃ៖ «សូមជម្រាបថា ដើម្បីការពារសុខភាពអ្នកប្រើប្រាស់និងប្រឆាំងការប្រកួតប្រជែងមិនស្មោះត្រង់ ក្រសួងពាណិជ្ជកម្មដែលមានអគ្គនាយកដ្ឋានជំនាញនិងអង្គភាពពាក់ព័ន្ធផ្សេងទៀតជាសេនាធិការ បាននិងកំពុងត្រួតពិនិត្យគុណភាពទំនិញគ្រប់មុខដែលចរាចរលើទីផ្សារ រាប់ទាំងម្សៅទឹកដោះគោឬផលិតផលជំនួសទឹកដោះម្ដាយដទៃទៀតយ៉ាងម៉ឺងម៉ាត់បំផុត»។
របាយការណ៍របស់យូនីសែហ្វប្រចាំនៅកម្ពុជា បង្ហាញថា អត្រានៃការបំបៅកូនដោយទឹកដោះគោកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ កាលពីឆ្នាំ២០១០ កម្ពុជាមានអត្រាទារកអាយុ៦ខែ ៧៤% បានបៅទឹកដោះម្តាយ ខណៈក្មេងដែលបៅទឹកដោះគោមានប្រមាណ ២៦%។ ៤ឆ្នាំក្រោយមក នៅឆ្នាំ២០១៤ អត្រាបំបៅកូនដោយទឹកដោះម្ដាយធ្លាក់ចុះមកត្រឹម ៦៥% នាំឱ្យអត្រាបំបៅកូនដោយទឹកដោះគោកើនឡើងរហូតដល់៣៥%។
បើតាមមន្ត្រីទំនាក់ទំនងសាធារណៈនៃមូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) ប្រចាំនៅកម្ពុជា លោក មាស ប៊ុនលី បញ្ជាក់ថា និន្នាការបំបៅកូនដោយទឹកដោះគោនៅកម្ពុជាកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយការបំបៅកូនដោយទឹកដោះម្ដាយកាន់តែថយចុះ៕