ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃអង្គារនេះ នៅសល់តែអ្នកជំងឺកូវីដ១៩ម្នាក់ប៉ុណ្ណោះដែលកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅថ្ងៃម្សិលមិញ មានអ្នកជំងឺកូវីដ១៩ចំនួន១នាក់ ជាបុរសជនជាតិបារាំង អាយុ៣០ឆ្នាំ បានជាសះស្បើយ ក្រោយពីទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ចំនួន២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងបន្តថា បុរសដែលជាសះស្បើយនោះជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន(តៃវ៉ាន់)មកដល់រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។
ក្រសួងបានបន្ថែមថា គិតមកដល់ម៉ោង៧ព្រឹក ថ្ងៃទី៨ ខែកញ្ញានេះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបមានចំនួន២៧៣នាក់ ក្នុងចំណោមអ្នកជំងឺកូវីដ១៩ដែលបានរកឃើញនៅកម្ពុជាសរុបចំនួន២៧៤នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅសល់តែម្នាក់ប៉ុណ្ណោះជាបុរស។
បើតាមក្រសួងសុខាភិបាល នៅថ្ងៃម្សិលមិញ កម្ពុជា ពុំមានករណីឆ្លងថ្មីនោះទេ៕