សភា​​កម្ពុជា​​ស្នើ​​អាស៊ាន​​ធ្វើ​ស​មា​​ហរ​ណ​កម្ម​​តំបន់​​ឱ្យ​​កាន់​តែ​​ស៊ី​ជម្រៅ​​ក្នុង​​ពេល​​មាន​​វិបត្តិ​​កូ​វីដ​១៩​​

ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន និងមន្ត្រីជាន់ខ្ពស់កម្ពុជា ក្នុងពិធីបើកជាផ្លូវការ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ ដែលរដ្ឋសភាវៀតណាមធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូខន​ហ្វ្រឺ​រេ​ន។ (ហ្វេសប៊ុក៖ National Assembly Of Cambodia)

ប្រធាន​រដ្ឋសភា​កម្ពុជា បាន​ស្នើ​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ធ្វើស​មា​ហរ​ណកម្ម​តំបន់ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ដើម្បី​សម្រួល​ដល់​លំហូរទំនិញ សេវាកម្ម និង​ប្រជាជន នៅក្នុង​ពេល​មាន​វិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរដោយសារ​ជំងឺ​កូ​វីដ១៩នេះ។ 

ការ​ស្នើ​នេះបាន​ធ្វើឡើង​នៅក្នុង​សុន្ទរកថា​គន្លឹះ​របស់លោក ហេង សំ​រិន ប្រធាន​រដ្ឋសភា​កម្ពុជា ថ្លែង​ទៅកាន់​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី៤១ តាម​ប្រព័ន្ធ​វីដេអូ​ខន​ហ្វ្រឺ​រេន (Video Conference​) នៅ​ថ្ងៃទី៨ ខែកញ្ញា​នេះ ដែល​សភា​ប្រទេស​វៀតណាមធ្វើជា​ម្ចាស់ផ្ទះ។

លោក​ ហេង សំ​រិន បាន​ថ្លែង​ថា ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩នៅ​លើ​ពិភពលោក បាន​នាំមក​នូវ​បញ្ហា​ប្រឈម​ជាច្រើន រួមមាន សុវត្ថិភាព សុខភាព​សាធារណៈ ការ​បង្អាក់​ការ​ប្រមូល​ផ្តុំ និង​ដំណើរការ​នៃ​សង្វាក់​ផ្គត់ផ្គង់​សកល ជាពិសេសបាន​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សង្គមនិង​សេដ្ឋកិច្ច​សកលលោក។ 

លោក​បាន​គូសបញ្ជាក់​ថា៖ «យើង​ត្រូវ​ធ្វើការ​រួមគ្នា បង្កើន​កិច្ច​សហប្រតិបត្តិ​ការ និង​សាមគ្គីភាព​អន្តរជាតិ ដើម្បី​ផលប្រយោជន៍​រួម​របស់​យើង»។

ជាមួយគ្នា​នេះ​ដែរ លោក​ក៏បាន​បញ្ជាក់​ជំហរ​ដែរ​ថា សភា​កម្ពុជា​គាំទ្រ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន ក្នុង​ការ​ថែរក្សានិង​លើកកម្ពស់​សន្តិភាព សន្តិសុខនិង​ស្ថិរភាព​ក្នុង​តំបន់ ការ​ដោះស្រាយ​ជម្លោះ​ដោយសន្តិវិធី​ឈរ​លើ​គោលការណ៍​ច្បាប់អន្តរជាតិ និង​យន្តការ​ការទូត​ដើម្បី​ចៀសវាង​ការប្រើ​ប្រាស់​កម្លាំងប្រដាប់អាវុធ។

តាំង​នាម​ឱ្យ​សភា​កម្ពុជា លោក ​ហេង សំ​រិន ក៏បាន​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​កាន់តែ​ច្រើន​ពី​សមាជិកសភា​វ័យក្មេងនៅក្នុង​កិច្ចប្រជុំ​សំខាន់​របស់​អាយ​ប៉ានិង​ជាមួយ​យុវជន​អាស៊ាន​ផង​ដែរ ខណៈ​យុវជនបាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅក្នុង​ការចូលរួម​អភិវឌ្ឍ​សង្គមជាតិ ក៏ដូចជាដំណើរការ​កសាង​សមាគមអាស៊ានប្រកបដោយ​វឌ្ឍនភាពនិង​វិបុលភាព។

បើ​តាម​ការ​ជូនដំណឹង​របស់​សភា​កម្ពុជា មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី៤១នេះ នឹង​ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃទី៨ ដល់​ថ្ងៃទី១០ ខែកញ្ញា​នេះ ក្រោម​មូលបទ “ការទូត​សភា ដើម្បី​សម្រេច​បាន​សហគមន៍​អាស៊ាន ប្រកបដោយ​ភាព​ស្អិត​រមួត និង​ឆ្លើយតប​”។ 

អន្តរ​សភា​អាស៊ាន ដែល​ហៅ​កាត់​ថា អាយ​ប៉ា ​(AIPA​) ជា​អង្គការ​អន្តរ​សភា តំណាង​ស្ថាប័ន​នីតិប្បញ្ញត្តិ នៃ​បណ្តា​ប្រទេស​ជាស​មា​ជិ​កស​មា​គម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​(ASEAN​) ដែល​មាន ប្រទេស​កម្ពុជា ប៊្រុយ​ណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហ​បុរី ថៃ វៀតណាម និង​ហ្វីលីពីន។

អន្តរ​សភា​អាស៊ាន ជា​ការ​ប្រមូលផ្ដុំ​សំឡេង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អាស៊ាន ជា​ដៃគូ​របស់​អាស៊ានក្នុង​ការជំរុញ​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​សហគមន៍​អាស៊ាន​តែមួយ។ 

បន្ទាប់ពី​ពិធី​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ មហាសន្និបាត​នឹង​មាន​កិច្ចប្រជុំ​តាម​គណៈកម្មាធិការ​ជំនាញ​ជាច្រើនតាម​ប្រព័ន្ធ​វីដេអូ​ខន​ហ្វ្រឺ​រេ​ននេះ រួមមាន កិច្ចប្រជុំ​គណៈកម្មាធិការ​ស្រ្តី កិច្ចប្រជុំ​សមាជិកសភា​អាយ​ប៉ាវ័​យក្មេង កិច្ចប្រជុំ​គណៈកម្មាធិការ​នយោបាយ កិច្ចប្រជុំ​គណៈកម្មាធិការ​សេដ្ឋកិច្ច កិច្ចប្រជុំ​គណៈកម្មាធិការ​សង្គមកិច្ច និង​កិច្ចប្រជុំ​គណៈកម្មាធិការ​រៀបចំ ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ