ក្រុមសហជីពបានកំណត់យកតួលេខ១២,៣៥ដុល្លារ ដើម្បីទៅចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើងនៅឆ្នាំក្រោយនេះ។
កាលពីម្សិលមិញនេះ ក្រុមសហជីពដែលមានទំនោរគាំទ្ររដ្ឋាភិបាល និងសហជីពឯករាជ្យ បានជួបប្រជុំគ្នាជាលើកទី២ ដើម្បីកំណត់យកតួលេខជាក់លាក់មួយសម្រាប់ដាក់ចរចាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២១។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ប្រាប់ថា ក្រុមសហជីពកំណត់យកតួលេខ១២,៣៥ដុល្លារដើម្បីចរចា ខណៈការប្រជុំលើកទី១កាលពីចុងខែសីហា បានកំណត់យកត្រឹមតែ១១,៥៩ដុល្លារប៉ុណ្ណោះ ពោលគឺក្រុមសហជីពចង់ឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនៅឆ្នាំ២០២១ ឡើងដល់២០២,៣៥ដុល្លារក្នុង១ខែ ដែលជាចំនួនច្រើនជាងប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ន១៩០ដុល្លារ។
លោក អាត់ ធន់ មានប្រសាសន៍ថា ក្រុមសហជីពសម្រេចយកតួលេខនេះ ក្រោយពីពិនិត្យរបាយការណ៍របស់ក្រសួងការងារឃើញថា អតិផរណាមានការកើនឡើង ដែលតួលេខថ្មីនេះត្រូវតែកើនឡើងដោយសារតែអតិផរណា។
មេសហជីពរូបនេះបន្តថា ដោយពឹងផ្នែកលើការជជែកគ្នាពេលកន្លងមកនិងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន គឺលោកសង្ឃឹមថា ការចរចាប្រាក់ឈ្នួលកម្មករនៅឆ្នាំនេះ នឹងមានការកើនឡើង។
លោក អាត់ ធន់ បន្ថែមថា៖ «សហជីពបានឯកភាពដាក់តួលេខចំនួន១២,៣៥ដុល្លារ ដែលជាចំនួនកើនឡើងលើសមុនបន្តិច ដោយសារតែវាប្រែប្រួលទៅតាមអតិផរណាដែលយើងគិតពីមុននោះមានតែ២,៨ទេ។ ដល់ពេលយើងពិនិត្យមើលរបាយការណ៍ក្រសួង វាកើន៣,១។ អ៊ីចឹង វាធ្វើឱ្យចំនួនភាគរយហ្នឹងក៏មានការកើនឡើងបន្តិច»។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC លោក ខេន លូ សុំមិនធ្វើអធិប្បាយលើរឿងនេះទេ ដោយរង់ចាំដល់ថ្ងៃចេញលទ្ធផលនៃការចរចា។
លោក ខេន លូ ប្រាប់ថា៖ «យើងមានតួលេខនៅក្នុងដៃ ប៉ុន្តែយើងអត់ប្រាប់បានទេ។ យើងរង់ចាំលទ្ធផលចរចា»។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី១កាលពីសប្ដាហ៍មុនថា ការចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២១ នឹងទទួលបានលទ្ធផលដែលអាចទទួលយកបានទាំងអស់គ្នា។
លោក អ៊ិត សំហេង ថ្លែងថា៖ «ធម្មតាទេ! អ្នកសុំតែងតែចង់បានច្រើន ហើយអ្នកឱ្យតែងតែពិនិត្យលទ្ធភាពថា ធ្វើយ៉ាងម៉េចឱ្យបានសមរម្យ។ អ៊ីចឹង ភាគីទាំងបីនឹងបន្តជជែកគ្នាទៀត»។
ក្រុមប្រឹក្សាជាតិស្តីពីប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចពិភាក្សាគ្នាទៀតនៅថ្ងៃទី៩ និងទី១០ ខែកញ្ញានេះ ដើម្បីឈានទៅរកការកំណត់ប្រាក់ឈ្នួលគោលកម្មករសម្រាប់ឆ្នាំ២០២១។
គួរបញ្ជាក់ថា នៅក្នុងការចរចារឿងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករឆ្នាំ២០២០នេះ ក្រុមសហជីពបានស្នើចំនួន១៩៥ដុល្លារនិងភាគីនិយោជកស្នើ១៨៦ដុល្លារ ខណៈរដ្ឋាភិបាលបានស្នើ១៨៧ដុល្លារ ហើយត្រូវបានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបោះឆ្នោតយកតួលេខ១៨៧ដុល្លារ ក្នុងនោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថែមជូន៣ដុល្លារទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករមានចំនួន១៩០ដុល្លារ៕









