ជនជាតិចិន២នាក់ រត់​ចេញ​ពី​ទីតាំង​ធ្វើ​ចត្តា​ឡី​ស័ក​មួយ​កន្លែង​នៅ​រាជ​ធានី​ភ្នំពេញ

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​វេជ្ជបណ្ឌិត​ ឱ វណ្ណ​ឌីន ថ្លែងក្នុងកិច្ចពិភាក្សា ស្ដីពី “សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

មន្ត្រី​ក្រសួងសុខាភិបាល ឱ្យដឹងថា មានករណីជនជាតិចិន​ ២នាក់ បាន​រត់​គេច​ចេញ​​ពី​ការធ្វើចត្តាឡីស័ក​នៅសណ្ឋាគារមួយ ​​ក្នុងរាជធានីភ្នំពេញ នៅរសៀល​ថ្ងៃ​ពុធ​នេះ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ​ឱ ​វណ្ណឌីន បានប្រាប់ក្រុមអ្នកសារព័ត៌មាន​តាមតេឡេក្រាម (Telegram)ថា ជនជាតិចិនទាំងពីរនាក់ ដែលលួច​រត់ចេញ​ពីមណ្ឌល​ចត្តា​ឡីស័ក​នោះ បានធ្វើដំណើរ​មកពីប្រទេសចិន មកដល់កម្ពុជា នៅម៉ោងប្រហែល ១១​ថ្ងៃ​ត្រង់ថ្ងៃទី៨ ខែ​កញ្ញា ម្សិលមិញ។

លោកស្រី បន្តថា ក្រោយពីបានចូលស្នាក់នៅសណ្ឋាគារ​មួយ ដែលជា​ទីតាំង​ធ្វើ​ចត្តា​ឡី​ស័ក្ក​​នោះ ដើម្បីរង​ចាំលទ្ធផលតេស្ត​រកវីរុសកូវីដ១៩ ប៉ុន្តែដោយសារមានទំនាស់​ក្នុង​ក្រុម​របស់ពួកគេនោះ ជនជាតិ​ចិនទាំងពីរនាក់នេះ ក៏បានរត់ចេញពីសណ្ឋាគារ​នោះ​តែម្តង​ នៅ​រសៀល​ថ្ងៃទី៩ ខែកញ្ញានេះ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖«បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចបាន  និង​កំពុង​តែ​ស្រាវ​ជ្រាវ​រក​បុគ្គលទាំងពីរនាក់​​នេះ ហើយ​លទ្ធផលតេស្តរបស់ពួកគាត់ទាំងពីរនាក់  គឺ​អវិជ្ជ​មាន​វីរុស​កូវីដ-១៩ ដែលតម្រូវឲ្យបន្តធ្វើ​​ចត្តាឡីស័ក​បន្តទៀត»។

ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៨ ​ខែសីហា ឆ្នាំ២០២០ ធ្លាប់​បាន​ចេញលិខិតណែនាំ​ដល់​អភិបាល​រាជធានី​-ខេត្ត​ទាំងអស់ ត្រូវ​ដាក់​កម្លាំងសមត្ថកិច្ច​យាមកាម​ឱ្យបានម៉ត់ចត់​ ដើម្បីពង្រឹង​សន្តិសុខ និង​សណ្ដាប់ធ្នាប់ នៅតាមមណ្ឌលចត្តាឡីស័ក​ទាំងអស់​នៅទូទាំង​ប្រទេស ជាពិសេស​​កុំ​ឱ្យ​អ្នកកំពុងធ្វើចត្តាឡីស័ក រត់ចេញពីមណ្ឌលចត្តាឡីស័ក មុន​កាល​​កំណត់​។

លិខិត​របស់​ក្រសួង​ បានបញ្ជាក់ដែរ​ថា ប្រសិនបើមានបុគ្គលណា មិនអនុវត្ត​តាមវិធាន​ការ​​ចត្តាឡីស័ករបស់ក្រសួង​សុខាភិបាល​ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តច្បាប់​និង​បទដ្ឋាន​គតិយុត្តដែលមានជាធរមាន។

កាលពីថ្ងៃទី១៦ ខែសីហា ជនជាតិវៀតណាមពីរនាក់ ក៏បាន​​លួច​ចេញពីការធ្វើចត្តា​ឡី​ស័ក​​នៅ​ក្នុងមន្ទីរ​ពេទ្យ​បង្អែក​ព្រះស្តេច ខេត្តព្រៃវែង ​ទៅកាន់​ខេត្តកំពង់ឆ្នាំង ប៉ុន្តែ​​ក្រសួងបាន​រកឃើញវិញ និងតម្រូវ​ឱ្យ​ពួកគេ​ធ្វើ​ចត្តាឡីស័កឡើងវិញនៅថ្ងៃដដែល​នោះ។

កាលពី​ថ្ងៃទី៣ ខែសីហា មាន​បុរស​ខ្មែរ​ពីរ​នាក់ដែល​បន្ត​ជើងហោះហើរ​មក​ពី​ប្រទេស​ម៉ាឡេ​ស៊ី បាន​រត់ចេញ​ពី​មណ្ឌល​ចត្តាឡីស័​កនៅ​វិទ្យាល័យ ហ៊ុន សែន កំពង់លាវ ខេត្ត​ព្រៃវែង ដែរ ប៉ុន្តែ​​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​រក​ឃើញ​នៅផ្ទះ​របស់​ពួក​គេនៅ​យប់​ថ្ងៃ​ដដែល​នោះ។ ទោះយ៉ាង​ណា ពួកគេ​ពុំ​ត្រូវ​បាន​ពិន័យ​ជាប្រាក់នោះទេ ដោយសារ​ជីវភាពក្រីក្រ ប៉ុន្តែក្រុមការងារក្រសួង​បានតម្រូវឱ្យពួកគេ​ធ្វើចត្តាឡីស័កឡើងវិញ១៤ថ្ងៃ។

ដោយឡែក កាលពី​ថ្ងៃទី១៧ ខែកក្កដា ក៏​មាន​ស្ត្រី​ខ្មែរសញ្ជាតិ​អាមេរិក​ម្នាក់ទៀត ធ្លាប់​បាន​​​​​រត់ចេញ​ពី​មណ្ឌល​ចត្តាឡីស័​កនៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញនិង​ត្រូវ​បាន​មន្ត្រី​សុខាភិបាល​​រក​ឃើញ​វិញនៅ​ខេត្ត​កំពង់ចាម ហើយ​ស្ត្រី​រូប​នោះត្រូវ​បាន​មន្ត្រី​សុខា​ភិ​បាល​ខេត្ត​សម្រេច​ផាកពិន័យ​អន្តរការណ៍​ចំនួន១លាន​រៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ