សកម្មជនព្រៃឈើនិងពលរដ្ឋជិត១០នាក់ មកពីស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃពុធនេះ បានដាក់បណ្តឹងទៅរដ្ឋសភានិងស្ថាប័នរដ្ឋថ្នាក់ជាតិមួយចំនួន ដោយចោទប្រកាន់អាជ្ញាធរមូលដ្ឋានថា បានឃុបឃិតគ្នាលក់ដីព្រៃរបស់រដ្ឋនិងដីតំបន់អភិរក្សព្រៃឡង់ដោយខុសច្បាប់។
ក្នុងញត្តិដែលដាក់ទៅក្រសួងមហាផ្ទៃ រដ្ឋសភា អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងបរិស្ថាន និងក្រសួងរៀបចំដែនដី ក្រុមពលរដ្ឋទាំងនោះបានចោទមេឃុំកាំងចាម លោក ឃឹម សុខា ថាបានឃុបឃិតគ្នាជាមួយមន្ត្រីអាជ្ញាធរពាក់ព័ន្ធផ្សេងទៀតនិងឈ្នួញដី លួចលក់ដីព្រៃរបស់រដ្ឋនិងដីតំបន់អភិរក្សព្រៃឡង់ទំហំ៨៨១ហិកតា ស្ថិតក្នុងភូមិដូង ទៅឱ្យពលរដ្ឋចំណាកស្រុកជាង៣០០គ្រួសារ កាលពីឆ្នាំ២០១៥។
ញត្តិដដែលបន្តថា ឈ្មួញដីឈ្នោះ មាត់ ហ៊ីម ដែលមានមេឃុំកាំងចាម ជាអ្នកចុះហត្ថលេខាអនុញ្ញាតឱ្យលក់ដីរដ្ឋនោះ បានបែងចែកដីជាឡូតិ៍ៗទំហំ៥០ម៉ែត្រគុណនឹង១ពាន់ម៉ែត្រ ក្នុងតម្លៃចន្លោះពី១៥០០ដុល្លារទៅ៣០០០ដុល្លារ។
តំណាងបណ្តាញសហគមន៍ព្រៃឡង់នៅខេត្តស្ទឹងត្រែង លោក ខេង ខូ ប្រាប់វីអូឌីក្រោយដាក់បណ្តឹងនៅក្រសួងមហាផ្ទៃថា បច្ចុប្បន្នពលរដ្ឋដែលបានទិញដីពីលោក មាត់ ហ៊ីម និងលោកមេឃុំ ឃឹម សុខា បាននឹងកំពុងរុករានរំលោភយកដីរដ្ឋទំហំ៣៩៨៤ហិកតា និងដីតំបន់ការពារព្រៃឡង់ទំហំ២៦០៣ហិកតាបន្ថែមទៀត។
លោកបន្តថា កន្លងមក បណ្តាញសហគមន៍ព្រៃឡង់ធ្លាប់ដាក់បណ្តឹងពាក់ព័ន្ធករណីនេះ ទៅអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធក្នុងខេត្តដែរ ប៉ុន្តែមន្ត្រីទាំងនោះមិនបានចាត់វិធានការឡើយ ទើបពួកគាត់នាំគ្នាមកដាក់ពាក្យបណ្តឹងនៅស្ថាប័នរដ្ឋថ្នាក់ជាតិឱ្យជួយដោះស្រាយ។
លោកថា៖ «ពួកខ្ញុំមកនេះ គឺដើម្បីដាក់ញត្តិពាក់ព័ន្ធការកាប់រាននិងលក់ដីព្រៃរបស់រដ្ឋខុសច្បាប់។ តាមដែលខ្ញុំស្រាវជ្រាវរកឃើញ គឺការលក់នៅមានការអនុញ្ញាតដោយមេឃុំ [មេឃុំកាំងចាម លោក ឃឹម សុខា] ទៅតាមដំណាក់ៗ។ អីចឹងទេពួកខ្ញុំមើលឃើញថា វាបានបាត់បង់ធនធានធម្មជាតិយ៉ាងច្រើននៅក្នុងតំបន់នោះ»។
លោក ដន លួន អះអាងថា ជាសមាជិកក្រុមប្រឹក្សាឃុំកាំងចាមដែលចូលរួមដាក់ពាក្យបណ្តឹងជាមួយសកម្មជនព្រៃឈើ បានអះអាងថា មេឃុំកាំងចាម បានឃុបឃិតគ្នាជាមួយបក្សពួកនិងកូនក្មួយ រំលោភយកនិងលួចលក់ដីព្រៃរបស់រដ្ឋនិងដីតំបន់ការពារពិតមែន។
លោកបន្តថា កន្លងមក រូបលោកនិងប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងឃុំនេះ ធ្លាប់ស្នើសុំដីសម្បទានសង្គមកិច្ចពីរដ្ឋ ដើម្បីសង់លំនៅឋាននិងបង្កបង្កើនផល ប៉ុន្តែមេឃុំរូបនោះមិនបានពិនិត្យលើសំណើពលរដ្ឋឡើយ។
លោកបន្ថែមថា៖ «ក្នុងឯកសារ គេដាក់ថា បើបង្កើតដី [សម្បទាន] សង្គមកិច្ចបាន នឹងចែកឱ្យប្រជាពលរដ្ឋក្រីក្រ ប៉ុន្តែមិនចែកឱ្យអ្នកក្រ បែរជាយកអ្នកចំណាកស្រុកមក ដើម្បីយកដីនោះលក់ បានតែអ្នកចែកចាយ អ្នកមានលុយ អ្នកមានអំណាច ជាពិសេសគឺមេឃុំហ្នឹងតែម្តង»។
បើតាមការបញ្ជាក់របស់សកម្មជនព្រៃឈើនិងពលរដ្ឋទាំងនោះ មន្ត្រីរដ្ឋសភានិងស្ថាប័នរដ្ឋទាំងនោះបានទទួលយកពាក្យបណ្តឹងរបស់ពួកគាត់ហើយ ប៉ុន្តែមិនទាន់មានការឆ្លើយតបភ្លាមៗនៅឡើយ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា លោកពុំទាន់បានដឹងរឿងពលរដ្ឋដាក់ពាក្យបណ្តឹងនេះនៅឡើយ ដោយសារលោកកំពុងមានបេសកកម្មការងារនៅតាមខេត្ត។ តែយ៉ាងណា លោកថា បើក្រសួងបានទទួលពាក្យបណ្តឹងនោះហើយ ក្រសួងនឹងពិនិត្យលើឯកសារនោះ និងមានការឆ្លើយតបវិញទៅពលរដ្ឋឆាប់ៗ។
វីអូឌី មិនអាចសុំការបកស្រាយពីមេឃុំកាំងចាម លោក ឃឹម សុខា ពាក់ព័ន្ឋការចោទប្រកាន់នេះបាននៅឡើយទេ នៅថ្ងៃពុធនេះ។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានបដិសេធអត្ថាធិប្បាយ ដោយប្រាប់ថា ជាប់ប្រជុំជាមួយគណៈកម្មការគ្រប់គ្រងដីរដ្ឋ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា សង្កេតឃើញថា កន្លងមក មានមន្ត្រីអាជ្ញាធរមូលដ្ឋាននៅតាមបណ្តាខេត្តមួយចំនួន ជាពិសេសនៅជុំវិញតំបន់ព្រៃឡង់ បានឃុបឃិតគ្នារំលោភយកដីនិងលក់ដីរដ្ឋដោយខុសច្បាប់ ហើយនៅពេលដែលពលរដ្ឋប្តឹងមន្ត្រីទាំងនោះ គឺមិនត្រូវបានអាជ្ញាធរថ្នាក់ជាតិចាត់វិធានការនោះទេ បែរជាចាត់វិធានការលើពលរដ្ឋដែលប្តឹងនោះទៅវិញ។
លោកបន្ថែមថា៖ « អ៊ីចឹងក្រោយពីទទួលបានពាក្យបណ្តឹងហ្នឹងហើយ អាជ្ញាធរថ្នាក់ជាតិគួរតែចុះត្រួតពិនិត្យទៅលើកន្លែងកើតហេតុហ្នឹង។ ប្រសិនបើរកឃើញថា មន្ត្រីណាជាប់ពាក់ព័ន្ធទៅនឹងបទល្មើស ត្រូវតែចាត់វិធានការតាមច្បាប់ មិនអាចបណ្តែតបណ្តោយអ៊ីចឹងបានទៀតទេ ព្រោះអាចនឹងហិនហោចព្រៃឈើ ឬក៏ធនធានធម្មជាតិ ឬក៏ដីរបស់រដ្ឋជាដើមហ្នឹង»។
កន្លងមក ក្រសួងបរិស្ថានធ្លាប់បានអំពាវនាវជាបន្តបន្ទាប់ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពរុករាន ទន្ទ្រាន និងកាន់កាប់ដីរបស់រដ្ឋនិងតំបន់ការពារធម្មជាតិ និងត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការទិញលក់ដីរដ្ឋនិងការបញ្ជាក់ការទិញលក់ដីរដ្ឋដោយខុសច្បាប់ បើពុំនោះទេ នឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់៕