ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃពុធនេះ បានបន្តកិច្ចប្រជុំរបស់ខ្លួន ដើម្បីចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២១ ប៉ុន្តែនៅមិនទាន់មានការកំណត់តួលេខជាផ្លូវការនៅឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្នុងកិច្ចប្រជុំនោះ តំណាងភាគីកម្មករនិយោជិតនិងតំណាងភាគីនិយោជក រួមនឹងមន្ត្រីពាក់ព័ន្ធក្រសួងការងារ បានបង្ហាញនូវបច្ចេកទេសនៃលក្ខណៈវិនិច្ឆ័យចំនួន៧ ប្រកបដោយភាពចាស់ទុំ ភាតរភាព និងសាមគ្គីភាពជាមួយគ្នា។
តែយ៉ាងណា ក្រសួងបន្តថា តំណាងភាគីកម្មករនិយោជិតនិងតំណាងភាគីនិយោជក បានឯកភាពគ្នាបន្តកិច្ចពិភាក្សាបន្ថែមទៀត នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃស្អែកទៀត។
កាលពីថ្ងៃចន្ទ ក្រុមសហជីពដែលជាតំណាងភាគីកម្មករនិយោជិត បានកំណត់យកតួលេខ១២,៣៥ដុល្លារ ដើម្បីទៅចរចាប្រាក់ឈ្នួលអប្បបរមានេះ ពោលគឺក្រុមសហជីពចង់ឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនៅឆ្នាំ២០២១ ឡើងដល់២០២,៣៥ដុល្លារក្នុង១ខែ។
ចាប់តាំងពីឆ្នាំ២០១៣ រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ជារៀងរាល់ឆ្នាំ ក្នុងនោះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងឆ្នាំ២០២០នេះ បានកើនដល់១៩០ដុល្លារ នៅក្នុងមួយខែ៕









