សាលា​ខេត្ត​​បាត់ដំបង​​ចោទ​​ពលរដ្ឋ​​ទន្ទ្រាន​​ដី​រដ្ឋ​​នៅ​​តំបន់​ការពារ​ធម្មជាតិ​​ធ្វើ​ជា​​កម្ម​សិទ្ធិ​​

ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០​ មន្រ្តីឧទ្យានុរក្សនៃ​ដែនជម្រកសត្វព្រៃភ្នំសំកុស បានចុះល្បាតក្នុងភូមិសាស្រ្តអូរត្រីរ៉ស់ ក្នុងតំបន់ការពារធម្មជាតិនេះ ស្ថិតនៅក្នុងខេត្តបាត់ដំបង។ (moe.gov.kh)

សាលាខេត្ត​បាត់ដំបង​ព្រមាន​ចាត់វិធានការ​ច្បាប់​លើ​ប្រជាពលរដ្ឋ ដែល​អាជ្ញាធរ​ខេត្ត​នេះ​ចោទ​ថា ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ ស្ថិតនៅ​ស្រុក​សំឡូត។

ក្នុង​លិខិត​ជូនដំណឹង​របស់​ខ្លួន​ចេញផ្សាយ​កាលពី​ម្សិលមិញ​នេះ រដ្ឋបាល​ខេត្តបាត់ដំបងបាន​និយាយ​ថា ក្រុមការងារ​ក្រសួងបរិស្ថាននិង​ក្រុមការងារ​ចម្រុះ​ខេត្ត កំពុង​ចុះ​ធ្វើ​អត្តសញ្ញាណ​កម្ម​មនុស្សនិង​អត្តសញ្ញាណ​កម្ម​ដី ស្ថិតនៅ​ភូមិសាស្ត្រ​ស្រុក​សំឡូត។

រដ្ឋបាល​ខេត្ត​នេះបញ្ជាក់​ថា ខ្លួន​បាន​រក​ឃើញ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​បន្ត​ទន្ទ្រាន​ដី​ព្រៃ​ថ្មី​បន្ថែម​ទៀត តាមរយៈ​ការ​ឈូស​ឆាយ​ពង្រីក ការ​កាប់​រាន ឬការតាំងទី​លំនៅ​ថ្មី​មិន​ស្របច្បាប់ ក្នុង​តំបន់ការពារធម្មជាតិ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​សំឡូត។

រដ្ឋបាល​ខេត្តបាត់ដំបង ចាត់ទុក​ទង្វើ​របស់​ប្រជាពលរដ្ឋ​ទន្ទ្រាន​យក​ដី​រដ្ឋ​ខុសច្បាប់ និង​ព្រមាន​ចាត់វិធានការរឹបអូស​សម្ភារ គ្រឿងចក្រ ឬរុះរើ​លំនៅឋាន​ថ្មី​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​តាំងទីលំនៅ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​សំឡូត។

លិខិត​សាលាខេត្ត​បាត់ដំបង​ព្រមាន​ថា៖ «ករណី​[ពលរដ្ឋ​]បំពាន​លើ​សេចក្តី​ជូនដំណឹង​នេះ នឹង​ត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់»។

សាលាខេត្ត​បាត់ដំបង ក៏​ជូនដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន កុំ​ធ្វើ​លិខិតបញ្ជាក់​ទីលំនៅនិង​ដីធ្លីជូន​ប្រជាពលរដ្ឋ ស្ថិតនៅ​ក្នុង​តំបន់ការពារធម្មជាតិ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំ​បន់ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​នោះ​ផង​ដែរ។

បន្ថែម​ពីនេះ សាលាខេត្ត​បាត់ដំបង អះអាង​ថា មិន​ទទួលស្គាល់​ទិន្នន័យ​ទាំងឡាយ​ណា​ដែល​កើត​ចេញដោយសារការរុករាន​ថ្មី​នោះ​ឡើយ​។

អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ ប្រាប់​បន្ថែម​ថា ក្រុមការងារ​ខេត្ត​កំពុង​សហការ​ជាមួយ​មន្ត្រី​បរិស្ថាន ដើម្បី​កំណត់​អត្តសញ្ញាណ​គ្រួសារនិង​អត្តសញ្ញាណ​ដី ដើម្បី​ងាយស្រួល​កាត់​ឆ្វៀល​ដី​ផ្តល់​ប្លង់​កម្ម​សិទ្ធ​ិជូន​ប្រជាពលរដ្ឋ​ឱ្យស្របតាម​គោលការណ៍​របស់​រដ្ឋាភិបាល។ 

លោក ងួន រតនៈ ប្រាប់​ថា៖ «បទបញ្ជា​របស់​សម្តេច​ឱ្យឆ្វៀល​ដី​ណា​ដែល​គាត់​អាស្រ័យផល យើង​ឆ្វៀល​ឱ្យ។ មាន​បងប្អូន​មួយចំនួន​អត់​បាន​អាស្រ័យផល​ទេ គាត់​ចង់ទៅ​ទន្ទ្រាន​ ហើយគាត់​បង្ហាញថា គាត់​អាស្រ័យផល​ដែរ។ អ៊ីចឹង យើង​ជូនដំណឹង​កុំ​ឱ្យគាត់​កាប់ឆ្ការ ដើម្បកុំ​ឱ្យខុស​គោលការណ៍»។

នៅពេល​ត្រូវ​បាន​សាកសួរ​ថា តើមាន​ដី​តំបន់​ការពារ​ប៉ុន្មាន​ហិ​កតា​ត្រូវ​បាន​ប្រជាពលរដ្ឋ​កាប់ឆ្ការ​ទន្ទ្រាន​យក​នោះ អភិបាលខេត្ត​រូប​នេះ ប្រាប់​ថា អាជ្ញាធរ​ខេត្ត​មិនទាន់​មាន​តួលេខ​ច្បាស់លាស់​នៅឡើយ​ទេ ហើយ​លោក​ថា កិច្ចការ​នេះ​កំពុង​ស្ថិត​ក្រោម​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត។

ប្រធានមន្ទីរ​បរិស្ថាន​ប្រចាំ​ខេត្តបាត់ដំបង លោក កត បូ​រ៉ា​ន ប្រាប់​ថា បច្ចុប្បន្ន​នេះ មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ស្រាវជ្រាវ​ពីអ​ត្ត​សញ្ញាណ​កម្ម​គ្រួសារនិង​អត្ត​សញ្ញាណ​កម្ម​ដី​នៅ​តំបន់​អភិរក្ស ស្ថិតនៅ​ក្នុង​ឃុំ​សំឡូតនិង​ឃុំ​តា​សោក បាន​ចំនួន​ជាង៦ពាន់​ក្បាលដីនិង​ជាង ២ពាន់​គ្រួសារ ពោល​បាន​ពាក់កណ្តាល ដើម្បី​ងាយស្រួល​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ។ ប៉ុន្តែលោក​ថា នៅពេល​ចុះ​ស្រាវជ្រាវ អាជ្ញាធរ​បាន​រក​ឃើញ​ពលរដ្ឋ​មួយចំនួន​បាន​យក​បង្គោល​បោះ​លើ​ដី​ព្រៃ​បន្ថែម លើស​ដី​កំពុង​អាស្រ័យផល ដែល​ខុសពី​គោលការណ៍​របស់​រដ្ឋាភិបាល។

លោក កត បូ​រ៉ា​ន ប្រាប់​ថា៖ «ពួក​គាត់​ធ្វើខុស​ការណែនាំ​របស់​គោលការណ៍​សម្តេច​ [ហ៊ុន សែន​] ហើយ​យើង​កំពុង​សិក្សា​រឿង​ហ្នឹង​បន្ត​ទៀត»។

កាលពី​ខែកក្កដា​កន្លងមក ឧកញ៉ា សន ថន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួននិង​ចោទប្រកាន់​ពី​បទ​ផ្ដើមគំនិត​ក្នុង​បទ​បំផ្លាញ​ដោយចេតនា និង​កេង​បំបាត់​ដោយ​ទុ​ច្ច​រិត និង​បទ​សូកប៉ាន់ ហើយ​អភិបាលរងខេត្ត​បាត់ដំបង លោក ស៊ូ អា​រ៉ា​ហ្វា​ត់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បំផ្លាញ​ដោយចេតនា និង​បទ​កេង​បំបាត់​ដោយ​ទុច្ចរិត និង​បទ​ស៊ីសំណូក​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង។

មន្ត្រី​អង្កេត​របស់​អង្គ​កា​រអា​ដហុក​ប្រចំា​ខេត្តបាត់ដំបង លោក យិន ម៉េ​ងលី ប្រាប់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចុះ​ស្រាវជ្រាវឱ្យបាន​គ្រប់ជ្រុងជ្រោយ រក​អ្នកមាន​អំណាច​នៅ​ពីក្រោយ​ការ​ឈូស​ឆាយដី​នោះ មុន​ធ្វើការ​កាត់​ឆ្វៀល​ដីនិង​ចោទប្រកាន់​លើ​ប្រជាពលរដ្ឋ។

លោក យិន ម៉េ​ងលី ប្រាប់​ថា៖ «អាជ្ញាធរ​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់​ឡើងវិញ​ពី​បញ្ហា​នេះ។ ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ថា មាន​អ្នក​នៅ​ពីក្រោយខ្នង ឱ្យប្រជាពលរដ្ឋ​ទៅ​កាប់​ឆ្ការ ​[ដី​ព្រៃ] ហើយ​ឱ្យ​ប្រជាពលរដ្ឋ​គ្រាន់តែ​បាន​ទទួល​ឈ្នួល​ទេ ហើយ​អ្នកមាន​អំណាច​នៅ​ពីក្រោយខ្នង​នៅក្នុង​រឿង​ហ្នឹង​ដែល​មិន​ចេញមុខ។ ពេល​មាន​បញ្ហា​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ ចេះតែ​ចោទ ចេះតែ​លាប​ពណ៌​ដល់​ប្រជាពលរដ្ឋ។ យើង​ត្រូវ​ធ្វើការ​អង្កេត​វែកញែក​ឱ្យបាន​ច្បាស់លាស់»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក បូ​រ៉ា​ន ប្រាប់​ថា ក្រុម​មន្ត្រី​ជំនាញ​នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ស្រាវជ្រាវនិង​ចាត់វិធានការ​លើ​អ្នក​ដែល​ប្រព្រឹត្ត​ខុសច្បាប់និង​ផ្ទុយពី​គោលការណ៍​រដ្ឋាភិបាល។

លោក កត បូ​រ៉ា​ន ប្រាប់​ថា៖ «ពួក​គាត់​ធ្វើខុស​តាម​ការណែនាំ​​របស់​គោលការណ៍​សម្តេច ​[ហ៊ុន សែន​] ហើយ​យើង​កំពុង​សិក្សា​រឿង​ហ្នឹង​បន្ត​ទៀត​! [ប្រសិនបើ​រក​ឃើញ​មន្ត្រី​ណា​ដែល​នៅ​ពីក្រោយ​ឱ្យពលរដ្ឋ​ឈូស​ឆាយដី​ព្រៃ​បន្ថែម​ទៀត​នោះ តើ​អាជ្ញាធរ​នឹង​ចាត់វិធានការ​ដូចម្តេច​?] យើង​ចាត់ការ​ផ្លូវច្បាប់​ហើយ មិន​ទុក​ទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ