សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​មនុស្ស​ម្នាក់​អំឡុង​​ពេល​​ពលរដ្ឋ​​តវ៉ា​​ទាម​ទារ​​បើក​​ច្រក​​ប៉ោយប៉ែត​​ឡើង​វិញ​​

ក្រុមអាជីវករប្រមូលផ្ដុំគ្នាតវ៉ាទាមទារឱ្យបើកច្រកទ្វារព្រំដែនប៉ោយប៉ែត ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ (បណ្ដាញសង្គម/ពលរដ្ឋក្រុងប៉ោយប៉ែត)

សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់ពេល​ដែល​រូប​គាត់​កំពុង​ឡាយ​ផ្ទាល់​(Facebook Live​) ពាក់ព័ន្ធ​រឿង​អាជីវករ​ប្រមូល​ផ្តុំគ្នា​ដើរ​ហែ​ក្បួន​ទាមទារ​ឱ្យ​បើក​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ឡើងវិញ។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អាជីវករ​ប្រមាណ៣០នាក់ បាន​ប្រមូល​ផ្តុំគ្នា​តវ៉ានៅ​ម្តុំ​ផ្សារត្រី ក្រុង​ប៉ោយប៉ែត ទាមទារ​ឱ្យ​អាជ្ញាធរ​បើក​ច្រក​អន្តរជាតិ​កម្ពុជា​-ថៃ ​(ប៉ោយប៉ែត​) ឡើងវិញ ដើម្បី​ឱ្យ​ពួក​គាត់​បាន​ប្រកបរបរ​ចិញ្ចឹមជីវិត ក្រោយពី​ច្រក​ទ្វារ​នេះ​បាន​បិទ​ជាច្រើន​ខែ​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ១៩។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចាន់​គា ដែល​តាមដាន​ការ​តវ៉ា​នេះ ប្រាប់​វី​អូ​ឌី​ថា ក្នុង​អំឡុង​ពេល​ប្រមូល​ផ្តុំ​នោះ សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ បាន​ចាប់ខ្លួន​អាជីវករ​ម្នាក់ឈ្មោះ ស៊ី​ម វណ្ណៈ អាយុ២៦ឆ្នាំ និង​ដក​ទូរសព្ទ​ដៃ​ពីរ​គ្រឿង របស់​លោក ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ខណៈ​ពួក​គេ​កំពុង​ថត​សកម្មភាព​តវ៉ា​នោះ។

លោក​មានប្រសាសន៍​ថា៖ «ព្រឹកមិញ ពួក​គាត់​បាតុកម្ម គោលបំណង​របស់​គាត់​សុំ​ឱ្យ​អាជ្ញាធរ​បើក​ច្រក ​[ប៉ោយប៉ែត​] ឡើងវិញ សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្សម្នាក់ ដក​ទូរសព្ទ​ពី​លោក ឌិន ពុទ្ធី អស់ពីរ​គ្រឿង ហើយ​សមត្ថកិច្ច​និយាយ​ថា ថត​ដោយ​គ្មាន​ការ​អនុ​ញ្ញាត ព្រោះ​អ្នកឯង​មិនមែន​ជា​អ្នកសារព័ត៌មាន។ បើ​អ្នកឯង​ជា​អ្នកសារព័ត៌មាន​ បាន​ឱ្យ​ថត»។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នោះបញ្ជាក់​ថា បច្ចុប្បន្ន​នេះ សមត្ថកិច្ច​បាន​បញ្ជូន​អាជីវករ​ម្នាក់​នោះ​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​សាកសួរ។

ក្នុង​ការ​ប្រមូល​ផ្តុំ​តវ៉ា​នោះ អាជីវករបាន​ពាក់អាវ​ដែល​មាន​សរសេរ​សារ​ថា​ «អរគុណ​សន្តិភាព ខ្ញុំ​សុំ​រស់​ផង»។

វី​អូ​ឌី មិន​អាច​សុំ​ការ​បំភ្លឺ​ពីអធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត លោក ធិន ស៊ិន​ដេ​ត និង​អភិបាលរង​ក្រុង​ប៉ោយប៉ែត លោក កែវ តារារស្មី បានទេ​នៅ​ព្រឹក​នេះ។

សេចក្តី​ជូនដំណឹង​របស់​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះ​កែវ កាលពី​ចុងខែ​មីនា ឆ្នាំ២០២០នេះ បានឱ្យ​ដឹង​ថា កម្ពុជា​-ថៃ សម្រេច​បិទ​ច្រកព្រំដែន​អន្តរជាតិនិង​ច្រក​ទ្វារ​ទាំងអស់​នៃ​ប្រទេស​ទាំងពីរ​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។ ច្រក​ទ្វារ​អន្តរជាតិនិង​ច្រក​ទ្វារ​តំបន់រវាង​កម្ពុជា​-ថៃ មាន​ចំនួន២៤ច្រក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ