ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២១ មានចំនួន១៩២ដុល្លារក្នុងមួយខែ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងថា តាមរយៈកិច្ចប្រជុំប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលជាយន្តការត្រីភាគី រួមមាន តំណាងភាគីកម្មករ តំណាងភាគីនិយោជក និងតំណាងភាគីរដ្ឋាភិបាល បានឯកភាពគ្នាជាឯកច្ឆន្ទគាំទ្រតួលេខ១៩០ (មួយរយកៅសិប) ដុល្លារអាមេរិក ជាតួលេខប្រាក់ឈ្នួលអប្បបរមាក្នុងមួយខែ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។
ក្រសួងបន្តថា ស្របពេលគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្រេចបន្ថែម២ដុល្លារថែមទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាដែលកម្មករនិយោជិតទទួលបាននៅឆ្នាំ២០២១ សរុបមានចំនួន១៩២ដុល្លារ។
ក្រសួងបញ្ជាក់ថា៖ «ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន១៩២ (មួយរយកៅសិបពីរ) ដុល្លារអាមេរិកក្នុងមួយខែចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន១៨៧ (មួយរយប៉ែតសិបប្រាំពីរ) ដុល្លារអាមេរិកក្នុងមួយខែចំពោះកម្មករនិយោជិតសាកល្បង»។
គួរបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ក្នុងឆ្នាំ២០២០នេះមានចំនួន ១៩០ដុល្លារ នៅក្នុងមួយខែ៕