សាលា​ឧទ្ធរណ៍​​បដិសេធ​​បណ្ដឹង​សុំ​​នៅ​​ក្រៅ​​ឃុំ​​របស់​​អតីត​​សកម្ម​ជន​​បក្ស​​ប្រឆាំង​២​រូប​

ក្រុម​គ្រួសារ​របស់​អតីត​សកម្មជន​បក្ស​ប្រឆាំង​ជិត២០នាក់ បាន​នាំគ្នា​ប្រមូលផ្ដុំ​នៅមុខ​សាលាឧទ្ធរណ៍ ដើម្បី​ទាមទារ​ឱ្យ​ដោះលែងនិង​ទម្លាក់​បទចោទប្រកាន់​លើ​គ្រួសារ​របស់​ពួក​គេ នៅមុខសាលាឧទ្ធរណ៍ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ សម្រេច​ច្រានចោល​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​ការពារក្ដី​សកម្មជន​បក្ស​ប្រឆាំង​ពីរ​រូប ដោយ​សម្អាង​ថា ដើម្បី​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់។ 

សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​សកម្មជន​បក្ស​ប្រឆាំង លោក ឡោ ជុន​ធី ប្រាប់​វី​អូ​ឌី​ថា បន្ទាប់ពី​សវនាការ​សួរដេញដោលនៅ​ព្រឹកមិញ​នេះ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ លោក លាង សំណាត់ បានសម្រេច​មិន​អនុញ្ញាត​ឱ្យ​កូនក្ដី​របស់​លោក​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ​ទេ។

លោក​ថា៖ «គេ​តម្កល់​ គេ​ខ្លាច​ប៉ះពាល់​ដល់​ការស៊ើបអង្កេត ប៉ះពាល់​សាក្សី​ហ្នឹង ម៉េច​ៗយើង​ប្ដឹង​សាទុក្ខ​បន្ត​ទៀត ​ឱ្យ​តុលាការ​កំពូល​ពិនិត្យមើល តើ​ការសម្រេច​ហ្នឹង វា​សម​ហេតុផល​ទេ​»។ 

លោក ឡោ ជុន​ធី បាន​បញ្ជាក់​ដែរ​ថា ក្នុង​សវនាការ​ព្រឹកមិញ​នេះ តុលាការ​មិនបាន​យកកូន​ក្ដី​របស់​លោកមក​ចូលរួម​សួរដេញដោល​នោះ​ទេ។ 

វី​អូ​ឌី មិន​អាច​សុំ​ការ​បញ្ជាក់​ពីក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ លោក លាង សំណាត់ បានទេនៅ​ថ្ងៃសុក្រ​នេះ។

​អតីត​សមាជិក​ក្រុមប្រឹក្សា​ស្រុក​បវេល​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក លាស់ ឆេង​ឡាយ និង​មេឃុំ​ឃ្លាំង​មាស​ ស្រុក​បវេល លោក អ៊ុ​ក ឆុំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ខណៈ​ដែល​ពួក​គេ​កំពុងធ្វើការ​ងារ​នៅផ្ទះ។ សមត្ថកិច្ច​បាន​បញ្ជូន​អ្នក​ទាំងពីរមក​ឃុំខ្លួន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ក្រោម​បទ​ចោទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​ដែល​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ 

ខណៈ​ដែល​តុលាការ​កំពុង​សវនាការនា​ព្រឹក​ថ្ងៃសុក្រ​នេះ ក្រុម​គ្រួសារ​របស់​អតីត​សកម្មជន​បក្ស​ប្រឆាំង​ជិត២០នាក់ បាន​នាំគ្នា​ប្រមូលផ្ដុំ​នៅមុខ​សាលាឧទ្ធរណ៍ ដើម្បី​ទាមទារ​ឱ្យ​ដោះលែងនិង​ទម្លាក់​បទចោទប្រកាន់​លើ​គ្រួសារ​របស់​ពួក​គេ។

ភរិយាលោក លាស់ ឆេង​ឡាយ គឺ​អ្នកស្រី ឡេង ឡី បាន​បង្ហាញ​ការ​សោក​ស្តាយដែល​តុលាការ មិន​អនុញ្ញាត​ឱ្យ​ប្ដី​របស់​គាត់​នៅ​ក្រៅ​ឃុំ។ អ្នកស្រី​ចាត់ទុក​ការ​ចាប់​ឃុំខ្លួន​ប្ដី​របស់​គាត់និង​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ដទៃទៀត ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួក​គាត់។

អ្នកស្រី​ថា៖ «យើង​អត់មាន​បាន​ធ្វើ​អី​ខុស​សោះ បើ​ខុស​ក៏​ខ្ញុំ​មិនថា​ដែរ គាត់​នៅតែ​ចម្ការ​សោះ អត់មាន​បាន​ទៅ​ធ្វើ​អី អត់មាន​ទៅ​ញុះញង់​ជួបជុំគ្នា​បង្ក អត់មាន​ទាំងអស់។ នៅ​ធ្វើចម្ការ​ ឡើង​មក​ផ្ទះ​មើល​ប្អូន​ឈឺ គេ​ចាប់​ហ្នឹង»។

ចាប់តាំងពី​ដើមឆ្នាំ២០២០មក មាន​សកម្មជន​បក្ស​ប្រឆាំងចំនួន២៣នាក់​ហើយដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន ក្នុង​នោះ​មនុស្ស១៥នាក់ត្រូវ​បាន​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។ មន្ត្រី​គណបក្ស​ប្រឆាំង​ទាំងនោះ ត្រូវ​បាន​ចោទ​ប្រកាន់​ដូច​ៗគ្នាពី​បទ «រួមគំនិតក្បត់ ញុះញង់​កុំឱ្យ​យោធិន​ស្ដាប់បង្គាប់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ