ក្រសួងបរិស្ថាន ជំរុញឱ្យបង្កើនការយកចិត្តទុកដាក់លើការប្រើប្រាស់និងបោះចោលសំណល់សារធាតុគីមីឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីចៀសវាងផលប៉ះពាល់ដល់បរិស្ថាននិងសុខភាពសាធារណៈ ខណៈសារធាតុគីមីជាង១សែន៣ម៉ឺនប្រភេទ ត្រូវបានផលិតនិងចរាចរនៅលើទីផ្សារពិភពលោក។
ការជំរុញនេះបានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពង្រឹងស្ថាប័នសម្រាប់ប្រសិទ្ធភាពលើការសម្របសម្រួលបំពេញកាតព្វកិច្ចជាភាគីនៃអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងការគ្រប់គ្រងសារធាតុគីមីគ្រោះថ្នាក់ និងសំណល់គ្រោះថ្នាក់» កាលពីថ្ងៃពុធ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សាបូ អូហ្សាណូ ត្រូវបានស្រង់ប្រសាសន៍ផ្សព្វផ្សាយក្នុងហ្វេសប៊ុកក្រសួងកាលពីថ្ងៃម្សិលមិញថា បើតាមការសិក្សា មានសារធាតុគីមីជាង១៣០ ០០០ប្រភេទ ត្រូវបានផលិតនិងចរាចរនៅលើទីផ្សារពិភពលោក សម្រាប់បម្រើក្នុងវិស័យជាច្រើន។
លោកបន្តថា ក្នុងចំណោមសារធាតុគីមីទាំងនោះ មានតែប្រភេទសារធាតុគីមីតិចតួចប៉ុណ្ណោះ ដែលបានដាក់ស្លាកសញ្ញាត្រឹមត្រូវ បានសិក្សាអំពីផលប៉ះពាល់ និងដឹងអំពីប្រភពនៃការធ្វើចរាចរ។ ករណីនេះ លោកបានជំរុញឱ្យមានការយកចិត្តទុកដាក់ក្នុងការទុកដាក់និងការប្រើសារធាតុគីមីឱ្យបានត្រឹមត្រូវ ព្រមទាំងត្រូវអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងសហគមន៍អំពីការប្រើប្រាស់សារធាតុគីមីនេះ។
លោកបញ្ជាក់ថា៖ «ការប្រើប្រាស់ឬការស្តុកទុកសារធាតុគីមីនិងការបោះចោលសំណល់មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស នឹងបង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាននិងសុខភាពសាធារណៈ ដូចជា ការធ្វើឱ្យខូចគុណភាពដី ការបំពុលទឹក និងខ្យល់ ព្រមទាំងការបង្កឱ្យកើតមានជំងឺរ៉ាំរ៉ៃ ជំងឺមហារីក ការប៉ះពាល់ដល់ការបង្កកំណើត ឬការលូតលាស់របស់ទារក»។
រដ្ឋលេខាធិការរូបនេះ បន្ថែមថា ការបំពុលបរិស្ថានដែលបង្កឡើងដោយការប្រើប្រាស់សារធាតុគីមីនិងការបោះចោលសំណល់មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស គឺជាបញ្ហាសកល ដែលប្រទេសជាច្រើនកំពុងប្រឈមនិងរកដំណោះស្រាយ។ លោកថា ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ គឺតម្រូវឱ្យមានកិច្ចសហការពីគ្រប់ភាគីតាមរយៈការអនុវត្តអនុសញ្ញាអន្តរជាតិនិងវិធានការថ្នាក់ជាតិ។
បើតាមក្រសួងបរិស្ថាន បច្ចុប្បន្ន មានអនុសញ្ញាអន្តរជាតិសំខាន់ៗចំនួន៥ ពាក់ព័ន្ធនឹងការគ្រប់គ្រងសារធាតុគីមីនិងសំណល់គ្រោះថ្នាក់នេះ រួមមាន អនុសញ្ញាបាសែល ស្តីពីការត្រួតពិនិត្យចលនាដឹកជញ្ជូន និងការបោះបង់ចោលសំណល់គ្រោះថ្នាក់ឆ្លងដែន, អនុសញ្ញារ៉ូថឺដាម ស្តីពីនីតិវិធីនៃការយល់ព្រមផ្តល់ព័ត៌មានជាមុន ចំពោះសារធាតុគីមី និងថ្នាំកសិកម្មគ្រោះថ្នាក់ក្នុងពាណិជ្ជកម្មអន្តរជាតិ, អនុសញ្ញាស្តុកខូម ស្តីពីសារធាតុបំពុលសរីរាង្គមិនងាយបំបែកធាតុ, អនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន និងពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន និង អនុសញ្ញាមីណាម៉ាតា ស្តីពីបារត ដែលមានគោលបំណងសំខាន់រួមគឺការពារសុខភាពសាធារណៈនិងបរិស្ថាន៕