ក្រុមការងារអង្គការអភិរក្សសត្វព្រៃ (WCS) បានប្រទះឃើញកូនក្រពើត្រីចំនួន១៥ក្បាលដែលទើបនឹងញាស់ នៅក្នុងបឹងធម្មជាតិមួយក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការ WCS ដែលបានផ្សព្វផ្សាយនៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ក្រុមការងារការពារសំបុកក្រពើត្រី បានប្រទះឃើញកូនក្រពើត្រីចំនួន១៥ក្បាល ដែលកូនក្រពើនីមួយៗមានប្រវែងប្រហែល៣០សង់ទីម៉ែត្រ កំពុងហែលនៅក្នុងបឹងធម្មជាតិក្នុងតំបន់ដីសើមដែលជាទីជម្រកដ៏សំខាន់មួយរបស់ក្រពើប្រភេទនេះ។
សេចក្តីប្រកាសព័ត៌មានបន្តថា ដោយសារក្នុងឆ្នាំនេះមានភ្លៀងធ្លាក់តិច បឹងនៅក្នុងតំបន់ដីសើមនេះកាន់តែរាក់ទៅៗ ដែលធ្វើឱ្យប៉ះពាល់ដល់ទីជម្រករបស់វាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា៖ «ក្រពើត្រីកំពុងប្រឈមទៅនឹងកត្តាគំរាមកំហែងជាច្រើនដូចជា ការបាត់បង់ទីជម្រកនិងការប្រមាញ់ខុសច្បាប់លើក្រពើជំទង់ និងការប្រមូលយកកូនតូចនិងពងរបស់វាទៅលក់ឱ្យកសិដ្ឋានចិញ្ចឹមក្រពើនៅក្នុងប្រទេសកម្ពុជា វៀតណាម និងថៃ»។
បើតាមអង្គការ WCS ក្រពើត្រី ត្រូវបានកត់ត្រាចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក។ តាមការសិក្សាស្រាវជ្រាវកន្លងមក គេសង្កេតឃើញ វត្តមានសត្វប្រភេទនេះប្រហែលជា៥ ០០០ក្បាលនៅក្នុងប្រទេសកម្ពុជា ដែលចាត់ទុកថាជាចំនួនមួយច្រើនជាងប្រទេសដទៃទៀត៕









