ក្រសួងមហាផ្ទៃតែងតាំងស្នងការថ្មីសម្រាប់ខេត្តកំពង់ធំ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុងពិធីបើកវេទិកាលើកទី៤ ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ។ (វេបសាយ ក្រសួងមហាផ្ទៃ)

ក្រសួងមហាផ្ទៃសម្រេចតែងតាំងស្នងការនគរបាលថ្មី សម្រាប់គ្រប់គ្រងកម្លាំងនគរបាលនៅក្នុងខេត្តកំពង់ធំ បន្ទាប់ពីស្នងការនគរបាលមុនត្រូវបានដកចេញពីតំណែងដោយរងការចោទថា បៀតបៀនកេរ្តិ៍ខ្មាស់មន្ត្រីនគរបាលជាស្ត្រីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។

លិខិតរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២០ បានបញ្ជាក់ថា លោក ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ផ្ទេរទៅជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំវិញ។​

ចំណែកលោក ហួត សុធី ជាស្នងការរងទទួលបន្ទុកផែនការងារសន្តិសុខនៃស្នងការដ្ឋានខេត្តសៀមរាបផ្ទេរទៅជាស្នងការនៃស្នងការដ្ឋានខេត្តឧត្តរមានជ័យវិញ។​

កាលពីខែសីហា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃបានចាត់ក្រុមមន្ត្រីជំនាញស៊ើបអង្កេតលើលោក អ៊ុក កុសល អតីតស្នងការខេត្តកំពង់ធំដែលរងការចោទថា បានបៀតបៀនកេរ្តិ៍ខ្មាស់មន្ត្រីនគរបាលជាស្ត្រីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។​

 ក្រោយមកក៏សម្រេចដកតួនាទី និងបន្ថយឋានន្តរសក្តិពីថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២)មកត្រឹមវរសេនីយ៍ឯក(សក្តិ៥)វិញ ក្រោយពីរកឃើញថា មន្ត្រីរូបនេះ ពិតជាបានបៀតបៀនកេរ្តិ៍ខ្មាស់នគរបាលជាស្ត្រីនៅក្រោមការគ្រប់គ្រងរបស់ខ្លួនមែន៕​​

វីអូឌី សូមកែតម្រូវ​កឋាខណ្ឌទី២៖ «លិខិតរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២០ បានបញ្ជាក់ថា លោក ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ…»។ ខ្លឹមសារដែលត្រឹមត្រូវគឺ៖ «លិខិតរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២០ បានបញ្ជាក់ថា លោក ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ…»។

ក្រសួង​​ដក​​តំណែង​​ស្នង​ការ​​ខេត្ត​កំពង់ធំ​ ក្រោយ​​រក​​ឃើញ​ថា​​បាន​​បៀត​បៀន​​នគរ​បាល​​ស្ត្រី​​

ស្នង​ការ​​ខេត្ត​កំពង់ធំ​ ច្រាន​​ចោល​​បណ្តឹង​ដែល​​ចោទ​​លោក​​ថា​​បៀត​បៀន​​កេរ្តិ៍​​ភេទ​​នគរ​បាល​​នារី​​

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ