ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បន្ថែម១នាក់ទៀត ដែលនាំឲ្យអ្នកឆ្លងជំងឺនេះ កើនដល់២៧៥នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកញ្ញានេះ បានលើកឡើងថា បុរសជនជាតិអង់គ្លេសដែលរកឃើញមានកូវីដ១៩នេះ អាយុ៥៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ Apartment មួយកន្លែង ក្នុងសង្កាត់ បឹងកក់២ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសអង់គ្លេស ដោយឆ្លងកាត់ប្រទេសហូឡង់ ហើយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។
ក្រសួងបញ្ជាក់ថា បច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ ចំណែក អ្នករួមដំណើរជាមួយជនជាតិអង់គ្លេសនោះ មានចំនួនសរុប៧៣នាក់ (ស្រី្ត ២១នាក់ និង កុមារី ០៣នាក់) ហើយអ្នកទាំងនោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារក្នុងរាជធានីភ្នំពេញចំនួន៥៤នាក់, មណ្ឌលកងទ័ពអាកាសចំនួន១៧នាក់ និងនៅស្ថានទូតអាល្លឺម៉ង់ចំនួន០២នាក់ (ជាមន្ត្រីការទូត)។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល គិតត្រឹមព្រឹកថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០២០នេះ មានមនុស្សចំនួន ២៧៥នាក់ហើយ ដែលត្រូវបានរកឃើញឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះអ្នកជំងឺ ២៧៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០១នាក់៕









