ក្រុមសហជីពមួយចំនួន បានប្រកាសធ្វើពហិកាមិនចូលរួមកិច្ចពិភាក្សាធ្វើវិសោធនកម្មច្បាប់ស្តីពីការងារដែលគ្រោងរៀបចំធ្វើនៅថ្ងៃអង្គារស្អែកនេះទេ និងស្នើឱ្យក្រសួងការងារទម្លាក់ចោលការធ្វើវិសោធនកម្មច្បាប់នេះ។
ការប្រកាសនេះ ធ្វើឡើងមុនមួយថ្ងៃនៃកិច្ចប្រជុំក្រុមការងារយន្តការត្រីភាគីបូក សម្រាប់ពិភាក្សាការងារធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែកញ្ញា។
សេចក្តីថ្លែងការណ៍រួមរបស់តំណាងសហភាព សហជីព សហព័ន្ធសហជីពជិត១០អង្គភាព ផ្សព្វផ្សាយនៅថ្ងៃចន្ទនេះ បានលើកឡើងថា ក្នុងកិច្ចប្រជុំនោះនឹងមានការពិភាក្សាឈានទៅរកការធ្វើវិសោធនកម្មមាត្រា១៨៤ ស្តីពីការកាត់បន្ថយប្រាក់ឈ្នួលការងារវេនយប់ពី១៣០%មកត្រឹម១០០% និងមាត្រា១៦២ ស្តីពីការធ្វើការងារថ្ងៃបុណ្យជាតិចំថ្ងៃអាទិត្យ មិនលើកពេលឈប់សម្រាក១ថ្ងៃបន្ថែមទៀត ដែលនាំឱ្យខាតបង់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចកម្មករនិយោជិតដែលស្ថិតក្រោមវិសាលភាពច្បាប់ការងារ។
ករណីនេះ ក្រុមសហជីពទាំងនោះ បានសម្រេចធ្វើពហិកាមិនចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារនៅថ្ងៃស្អែកនេះទេ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «យើងខ្ញុំទាំងអស់គ្នាយល់ថា ក្នុងស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយនាពេលបច្ចុប្បន្ននេះ មិនមែនជាពេលវេលាសមស្របក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារនេះឡើយ»។
សេចក្តីថ្លែងការណ៍របស់ក្រុមសហជីព ក៏បានស្នើយ៉ាងទទូចដល់ក្រសួងការងារឱ្យទម្លាក់ចោលការធ្វើវិសោធនកម្មនេះ ដូចដែលពួកគេធ្លាប់បានស្នើតាំងពីក្នុងកិច្ចប្រជុំលើកទី១នៅខែមករា និងលើកទី២នៅខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះដែរ។
សហជីពទាំងនោះមានដូចជា សហភាពការងារកម្ពុជា, សម្ព័ន្ធសហជីពចលនាកម្មករ, សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា, សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា, សហព័ន្ធសហជីពកម្ពុជា, សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងសហភាពចលនាកម្មករកម្ពុជា ជាដើម៕









