សមត្ថកិច្ចជំនាញនឹងចាត់វិធានការលើការ​លក់​ផលិត​ផល​ក្លែង​ក្លាយ​​​តាម​អន​ឡាញ

លោកមៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង​ផលិត​ផល​ក្លែងក្លាយ​នៃក្រសួងមហាផ្ទៃ

គណៈកម្មាធិការ​​​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ប្រកាស​ចាត់​វិធាន​ការ​តឹងរឹង​លើការ​លក់​​ផលិត​ផលក្លែង​​ក្លាយ និង​ខុស​ច្បាប់ ​​តាមប្រព័ន្ធអន​ឡាញ ​​ខណៈ​របាយ​ការណ៍​បញ្ជាក់​ថា ការ​បង្ក្រាប​ផលិត​ផលក្លែងក្លាយ​ដែលចរាចរ​លក់​​​លើ​ទីផ្សារ​​នៅ​កម្ពុជា​មាន​​ការកើន​ឡើង។

ការប្រកាសនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការចុះបង្ក្រាប និងរឹបអូសបានផលិតផល ដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ ដូចជា ផលិតផលស៊ីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និង​ផលិត​ផលផ្សេង​ៗទៀត សរុបប្រមាណជាង ៥០០តោន កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅក្រសួង​មហាផ​្ទៃ។

ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ លោក មៀច សុ​ផាន់​ណា បាន​ថ្លែងក្នុងសន្និសីទនោះថា នៅ​ដើមឆ្នាំ​២០២០​នេះ សមត្ថកិច្ចជំនាញ បានបង្ក្រាប​ផលិតផលក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និង​ខុស​ច្បាប់​ បានជាង៥៣០​តោន ដូចជា ផលិតផលស៊ីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត នៅ​រាជ​ធានី​ភ្នំពេញ ខេត្តកណ្តាល សៀមរាប បន្ទាយមានជ័យ ​និងបណ្តារខេត្តមួយចំនួន​ទៀត ។

លោក​បន្តថា៖ «យើង​នឹងបំផ្លាញ[ផលិតផលក្លែងក្លាយ និង​ខុស​ច្បាប់]​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​នៅ​មាន​ករណីដែល​កំពុងតែ​បន្តដំណើរការ​​​នីតិវិធីនៅតុលាការ ប្រហែល​រាប់រយ​តោន​ទៀត។ ចាប់​ឃុំឃាំង​អ្នក​​ដែល​​ប្រព្រឹត្ត​​ប​​ទ​​ល្មើស​​ជាង ២៨​នាក់ ចំនួន​ករណី​​មាន​ការ​ឡើង​ និង​​ចំនួន​ជនល្មើស​ដែលយើងចាប់បានផងដែរ»។

លោកបន្ថែម​ថា៖«ក្នុងរយៈពេលក្រោយនេះ យើង​បានបង្កើនសកម្មភាពយ៉ាងច្រើន…យើងចាប់បាន​ជនដៃដល់ បញ្ជូន​ទៅតុលាការ ហើយ​មាន​អ្នក​ខ្លះ​ក៏កាត់​ទោស ជាប់​ពន្ធនាគារ អ្នកខ្លះក៏កាត់​ទោស​ឲ្យស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ អ្នកខ្លះ​ទៀត​ក៏ត្រូវ​បាន​ផាក​ពិន័យ មួយ​ចំនួន​​ត្រៀម​នឹង​បណ្តេញ​ចេញ​ផង​ដែរ គឺ​ជន​បរទេស​មួយ​ចំនួន​ទៀត តាម​ច្បាប់ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ និង​ច្បាប់​អន្តោប្រវេសន៍»។

លោក មៀច សុផាន់ណា បានឱ្យដឹងទៀត​ថា សមត្ថកិច្ច​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ក៏​នឹង​ចាប់​ផ្តើម​​បង្ក្រាប​ទៅ​ការលក់​ផលិត​ផល​ក្លែង​ក្លាយ​តាម​ប្រព័ន្ធ​អន​ឡាញផងដែរ បន្ទាប់​ពី​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​រួច ​ដោយ​សារ​តែ​ជន​ខិល​ខូច​មួយ​ចំនួន​បាន លក់​ផលិត​ផល​ក្លែង​ក្លាយ​ ដែល​អាច​ធ្វើ​​ឱ្យ​​​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​ប្រជា​ពលរដ្ឋ។

លោក​បាន​បញ្ជាក់​ថា៖ «អ្នកជំនួញ​គាត់​ប្រើ​ឱ​កាស ដោយ​ប្រើ​ប្រាស់​បណ្តាញ​សង្គម និង​បណ្តាញ​អន​ឡាញ​ ដើម្បី​លក់ផលិត​ផល​របស់​គាត់ ប៉ុន្តែ​ចំណុច​ផ្តេស​ផ្តាស់​ នោះគឺ​គាត់បំប៉ោងពីគុណភាព ខ្លះគឺឆ្លៀត​ឱ​កាស​លក់​របស់​ដែល​ក្លែង​ក្លាយ បើ​គាត់លក់​របស់​​ពិតប្រាកដ វា​ការ​ល្អ​ណាស់។ ​រឿង​អាក្រក់​​គឺ​គាត់​ភូត និង​គាត់បំប៉ោង​ពីគុណ​ភាព​​ទំនិញ ឬ​គាត់​បោក​អតិថិជន​តែម្តងដូច​ជា​រឿង​ថ្នាំ កែរសម្ភស្ស គ្រឿង​សម្អាង ទឹក​អប់​មួយដប​របស់​គេ[ផលិតផលពិត] គេលក់១០០ដុល្លារ តែ​គាត់​លក់​តែ៥​​ដុល្លារ​ឬ​២០ដុល្លារជាដើម»។

លោកមៀច សុផាន់ណា បានបន្តទៀតថា មន្ត្រីជំនាញរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ ក៏​បាន​សហការ​ជាមួយ​​នាយកដ្ឋាន​​ប្រឆាំងបទល្មើសបច្ចេក​វិទ្យា និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រួមនិងម្ចាស់​ផលិត​ផលដើម ដើម្បី​​ធ្វើ​ការ​ស្រាវ​​ជ្រាវ​​រក​​ប្រភព​​អ្នក​លក់​ផលិត​ផល​ក្លែង​ក្លាយ​​តាម​អនឡាញនេះ​ផងដែរ ដើម្បី​ចាត់​វិធានការផ្លូវ​ច្បាប់ទៅលើជន​​ល្មើស​ទាំង​នោះ។

លោកថា៖ «តាមរបាយការណ៍ មាន១០ករណី ដែលយើងប្រមូលព័ត៌មានគ្រប់គ្រាន់ ហើយ​យើងនឹងចាប់ផ្តើម​ការងារបង្ក្រាបបន្ទាប់ពី​បុណ្យ​ភ្ជុំ​​​បិណ្ឌ»។

តែយ៉ាងណា មន្ត្រីរូបនេះ ពុំបាន​បញ្ជាក់ពីរបាយការណ៍​លទ្ធផល​ដែលគណៈកម្មាធិការជាតិ បានបង្ក្រាប​បទល្មើស​ផលិត​ផល​ក្លែង​​ក្លាយ បន្លំ​គុណ​ភាព ខូចគុណភាព ផុតសុពលភាព និងផលិតផល​ខុសច្បាប់​ ក្នុងរយៈពេល  ៨ខែ​ដើម​ឆ្នាំនេះទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ការបង្ក្រាប​​មានការកើនឡើង។

​មន្ត្រីរូបនោះ បាន​អះ​អា​ងថា​ កន្លងមក អាជ្ញាធរមានសមត្ថកិច្ច មាន​ការលំបាក​ក្នុងការបង្ក្រាប​ជនល្មើស​ដែលចែកចាយផលិត​ផល​ក្លែង​ក្លាយ​ទាំង​នោះ ដោយសារតែជនល្មើស​មាន​ការ​យល់​ដឹង និងមាន​ល្បិច​ខ្ពស់​ ខណៈ​ផលិតផល​ថ្មីៗ​បន្ត​ចេញ​ជា​ហូរ​​ហែរ ដែលទាមទា​រឱ្យ​អា​ជ្ញាធរមាន​សមត្ថកិច្ច ត្រូវ​ពង្រឹង​សមត្ថភាព និងចំណេះដឹង​​បន្ថែម ដើម្បី​ធ្វើការ​បង្ក្រាប​បទ​ល្មើស​ឱ្យ​​កាន់​តែ​មាន​ប្រសិទ្ធភាព។

លោកបានបន្ថែមថា៖ «កន្លងមកនេះ ដោយសារតែ​មូលហេតុខ្លះ ករណី​ធំៗ​ខ្លះ គឺ​មេក្លោង​ដែល​ចែក​ចាយ ឬ​ក៏​ផលិត មិន​បានមាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ គឺ​គេ​ធ្វើ​តាម​រយៈ​ជួល​កម្មករ​ខ្មែរ ជួល​មេការ​ខ្មែរ ​ដើម្បីឱ្យ​​មើល​ការ​ខុស​ត្រូវ មុខ​របរ​ជំនួញ ឬរោងចក្រ​របស់​គេ ដែលធ្វើឱ្យ​អាជ្ញាធរមានសមត្ថកិច្ចជួបបញ្ហាលំបាក​ក្នុងការបង្ក្រាប​»។

កាលពីថ្ងៃទី១៣ ខែកញ្ញាថ្មីៗនេះ សមត្ថកិច្ច​ចម្រុះ ដោយមាន​ការសម្រប​សម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិ​តឡេ​ក្លែងក្លាយ​មួយ​កន្លែង​​​ ស្ថិត​នៅ​មុខវិទ្យាល័យ​ទួល​អំពិល ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន៤នាក់ដើម្បី​សាកសួរ ខណៈ​ម្ចាស់​ទីតាំង​ឈ្មោះ វីង ជី​ហេង បាន​រត់គេច​ខ្លួនមុន​សមត្ថកិច្ច​ចុះ​បង្ក្រាប។

បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បានឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ២០១៨ សមត្ថកិច្ច​បាន​រឹបអូស​ទំនិញ​ក្លែងក្លាយហើយ​ដុត​បំផ្លាញ​ចោល​បន្តបន្ទាប់​ដែល​មាន​ជាង២០០តោន ខណៈ​នៅដើមឆ្នាំ២០១៩នេះ សមត្ថកិច្ច​ក៏បាន​ចុះ​បង្រ្កាប​បាន​ទំនិញ​ក្លែងក្លាយ​រាប់​រយ​តោន​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ