កាលពីមុន អ្នកស្រី ស្រ៊ុន ជាអ្នករុញរទេះដឹកផ្លែឈើនិងបន្លែឆ្លងកាត់ព្រំដែនទៅប្រទេសថៃជាមួយស្វាមីរបស់ខ្លួន។ ការងារនេះគឺជាការងារដែលហត់នឿយខ្លាំងណាស់ ហើយវាតម្រូវឱ្យអ្នកស្រីនិងប្តី អូសរទេះចម្ងាយប្រហែល៦គីឡូម៉ែត្រ។ តាមរយៈមុខរបរនេះ គាត់អាចរកចំណូលបានចំនួន១០ ០០០រៀលក្នុងមួយជើង ដោយទៅតែមួយជើងឬពីរជើង ប្តីប្រពន្ធមួយគូនេះអាចផ្គត់ផ្គង់ជីវភាពគ្រួសារគាត់បានហើយ។
អ្នកស្រីបាននិយាយនៅក្នុងភូមិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយតិចជាង២ គីឡូម៉ែត្រពីព្រំដែនថា៖ «វាបានជួយយើងក្នុងការទិញម្ហូបអាហារ បង់បំណុល និងផ្គត់ផ្គង់ការរស់នៅគ្រួសារបស់យើង។ យើងអាចរកបានត្រឹមមួយរស់»។
ការងាររបស់ពួកគេត្រូវបានផ្អាកភ្លាមៗនៅចុងខែមីនា នៅពេលដែលប្រទេសថៃបានបិទព្រំដែនជាឯកតោភាគីជាមួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសឆ្លងកូវីដ១៩ ដែលនៅក្នុងពេលនោះ ករណីកូវីដ១៩ ត្រូវបានរកឃើញមានចំនួន៩០ករណី។ ដោយគ្មានឱកាសការងារផ្សេងទៀត អ្នកស្រី ស្រ៊ុន បានចាប់ផ្តើមជួយប្អូនស្រីរបស់អ្នកស្រី ដើរប្រមូលអេតចាយនៅតាមដងផ្លូវក្រុងប៉ោយប៉ែត។
ជារៀងរាល់ថ្ងៃ អ្នកស្រី ស្រ៊ុន ជាអ្នកដើររុញរទេះ ខណៈដែលប្អូនស្រីរបស់គាត់ដែលមានអាយុ៥៧ឆ្នាំ ជាអ្នកដើរប្រមូលដបនិងកំប៉ុងនៅតាមដងផ្លូវនានានៅក្នុងក្រុង។ ក៏ប៉ុន្តែបន្ទាប់ពីធ្វើការពេញមួយថ្ងៃ ពួកគេអាចរកប្រាក់បានច្រើនបំផុត១០០០០រៀលប៉ុណ្ណោះ។ ក្នុងចំណោមលុយដែលពួកគាត់រកបាន១០០០០រៀល អ្នកស្រី ស្រ៊ុន ទទួលយកបានតែ២០០០ឬ៣០០០រៀល ខណៈប្អូនស្រីរបស់គាត់ទទួលបាន៨០០០រៀល។
ប្តីរបស់អ្នកស្រី ស្រ៊ុន គឺលោក យៅ ឌឿន អាយុ៦៤ឆ្នាំ ក៏មានឱកាសតិចតួចក្នុងការទទួលបានការងារប្រចាំថ្ងៃនៅការដ្ឋានសំណង់ក្នុងក្រុង។ ទន្ទឹមនឹងនេះដែរ ពេលខ្លះអ្នកស្រី ស្រ៊ុន ទៅបេះបន្លែឬរើសខ្យងខ្ចៅពីបឹងនៅក្បែរនោះ ដែលគាត់អាចលក់បាន៥ ០០០រៀលក្នុងមួយថ្ងៃ។
អ្នកស្រី ស្រ៊ុន បាននិយាយថា ការងារទាំងនេះធ្វើឱ្យអ្នកស្រីខ្មាសគេណាស់ ហើយចង់វិលត្រឡប់ទៅដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនវិញ ប៉ុន្តែប្អូនស្រីគាត់គឺអ្នកស្រី ចេន សប្បាយរីករាយដែលបានបងស្រីគាត់មកជួយរើសអេតចាយ។
អ្នកស្រី ចេន បាននិយាយថា៖ «វាល្អនៅពេលដែលគាត់មកជួយ ហើយខ្ញុំអាចរកប្រាក់បានបន្តិចបន្តួច» ។
លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា បានមានប្រសាសន៍ថា ការរីករាលដាលនៃជំងឺកូវីដ១៩និងការបិទព្រំដែន បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កម្មករក្រៅប្រព័ន្ធនៅក្រុងប៉ោយប៉ែត។
លោក ពុទ្ធី បាននិយាយថា ដោយមានការបិទព្រំដែន អ្នកលក់ដូរមិនអាចចូលទៅកន្លែងលក់ដូររបស់ពួកគេ ដែលធ្វើឱ្យប៉ះពាល់ដល់ការរកចំណូល។
កាលពីខែមិថុនា មន្រ្តីព្រំដែនកម្ពុជានិងថៃបានយល់ព្រមអនុញ្ញាតឱ្យរថយន្តដឹកទំនិញចំនួន៥០ គ្រឿងរាល់ថ្ងៃ ប្រមូលនិងដឹកទំនិញមកវិញដែលជាកម្មសិទ្ធិរបស់អាជីវករខ្មែរ ប៉ុន្តែលោក ពុទ្ធីបាននិយាយថា ដំណើរការនេះមានភាពស្មុគស្មាញខ្លាំង។
លោកបានមានប្រសាសន៍ថា៖ «ពួកគេត្រូវតម្រង់ជួរដើម្បីចុះឈ្មោះដើម្បីដឹកទំនិញត្រឡប់មកវិញតាមរយៈការចាប់ឆ្នោត។ មានវេជ្ជបណ្ឌិតតែម្នាក់គត់សម្រាប់ការត្រួតពិនិត្យសីតុណ្ហភាពចាំបាច់នៅព្រំដែន ខណៈពេលដែលមានមនុស្សជាច្រើនរង់ចាំព្យាយាមឆ្លងកាត់»។
លោក ពុទ្ធី បានបន្តថា ស្ថានភាពកាន់តែយ៉ាប់យ៉ឺនសម្រាប់អ្នករុញរទេះ ដោយសារតែពួកគាត់មិនអាចរកចំណូលបាន ពីព្រោះមន្រ្តីអន្តោប្រវេសន៍បានអនុញ្ញាតឱ្យតែឡានដឹកទំនិញធុនធំឆ្លងកាត់តែប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា៖ «គាត់មិនអាចរកប្រាក់ចំណូល១០០ភាគរយ»។
លោកបាននិយាយថា សមាជិកសមាគមរបស់លោកភាគច្រើនបានក្លាយជាអ្នករើសអេតចាយឬពេលខ្លះពួកគេក៏ធ្វើជាកម្មករសំណង់ជាដើម។ អ្នកខ្លះត្រូវលក់ទ្រព្យសម្បត្តិដូចជាម៉ូតូ ដើម្បីផ្គត់ផ្គង់ជីវភាពខ្លួននិងគ្រួសារ។
ពួកគេបានព្យាយាមធ្វើបាតុកម្មប្រឆាំងការបិទព្រំដែន ដោយគ្រោងឱ្យមានការចូលរួមពីអ្នកអូសរទេះនិងអ្នកដឹកជញ្ជូនទំនិញប្រមាណជាង១០០០នាក់កាលពីថ្ងៃទី១ ខែមិថុនា ត្រូវបានបដិសេធដោយមន្ត្រីខេត្ត។
លោក ពុទ្ធី បានថ្លែងថា អាជ្ញាធរមូលដ្ឋានបានដាក់ពង្រាយកងកម្លាំងសន្តិសុខយ៉ាងច្រើនពេញក្រុងប៉ោយប៉ែត ដើម្បីទប់ទល់នឹងផែនការតវ៉ា។ កងកម្លាំងសន្តិសុខដែលជិះម៉ូតូបានប្រកាសព្រមានតាមមេក្រូមិនឱ្យអ្នកស្រុកចូលរួមក្នុងការតវ៉ានិងធ្វើតាម«ពួកអគតិ»។
ប្រធានសមាគមរូបនេះក៏ត្រូវបានទទួលការគំរាមកំហែងផងដែរ។ គាត់បាននិយាយថា កម្លាំងសន្តិសុខស្លៀកពាក់ស៊ីវិលត្រូវបានគេដាក់ពង្រាយនៅខាងក្រៅផ្ទះរបស់គាត់ ហើយពួកគេថែមទាំងបានដើរតាមគាត់នៅជុំវិញទីក្រុងប៉ោយប៉ែត។
លោកបានមានប្រសាសន៍ដូច្នេះថា៖ «មានការគំរាមកំហែងយ៉ាងច្រើន។ នៅពេលយើងនិយាយ ពួកគេគំរាមកំហែងចង់ចាប់យើង»។
លោក ពុទ្ធី បាននិយាយថា ការតវ៉ានេះគ្រាន់តែដើម្បីបង្ហាញពីភាពអយុត្តិធម៌ ដោយថា អាជ្ញាធរអនុញ្ញាតឱ្យរថយន្តដឹកទំនិញធុនធំចេញចូល តែបែរជាទៅរារាំងមិនឱ្យអ្នកអូសរទេះដឹកទំនិញឆ្លងកាត់ដើម្បីរកចំណូលផ្តត់ផ្គង់គ្រួសារទៅវិញ។
លោក វួច អូន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បាននិយាយថា ព្រំដែននៅតែបន្តបិទមិនឱ្យប្រជាជនឆ្លងកាត់ រួមទាំងអ្នកអូសរទេះឆ្លងផងដែរ ក៏ប៉ុន្តែលោកថារថយន្តដឹកទំនិញត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែន។
លោកបានមានប្រសាសន៍ថា៖ «នៅពេល[ព្រំដែន]បិទ តើអ្នកអូសរទេះគេឆ្លងកាត់យ៉ាងដូចម្ដេចបាន? ប្រទេសថៃ គេរឹតបន្តឹងជាងយើងផង»។
នៅពេលសួរអំពីការធ្វើបាតុកម្មដែលបានគ្រោងទុកកាលពីខែមិថុនា លោក អូន បាននិយាយថា កម្មករក្រៅប្រព័ន្ធទាំងនេះគ្រាន់តែព្យាយាមចង់បានព័ត៌មានអំពីពេលវេលាដែលព្រំដែននឹងបើកវិញតែប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា៖ «ពួកគេមិនបានមកតវ៉ាទេ។ ពួកគេគិតថា ខាងថៃអនុញ្ញាតឱ្យពួកគេឆ្លងកាត់ ហើយយើងបានឆ្លើយតបទៅពួកគេថា នៅពេលយើងទទួលបានព័ត៌មានថ្មីបំផុតយើងនឹងជូនដំណឹងដល់ពួកគេ។ នៅពេលជំងឺកូវីដបាត់រលត់ យើងនិងថៃនឹងបើកទ្វារព្រំដែនឡើងវិញ»។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី មានប្រសាសន៍ថា រដ្ឋាភិបាលបានផ្តល់ជំនួយដល់អ្នកភូមិ១០០ ០០០គ្រួសារ រួមមានទាំងស្បៀងអាហារនិងថវិកាចាប់តាំងពីមានជំងឺកូវីដ១៩ចាប់ផ្តើមរាតត្បាត ដែលភាគច្រើននៃអ្នកដែលបានទទួលជំនួយទាំងនោះ គឺជាអ្នករុញរទេះនៅក្នុងក្រុងប៉ោយប៉ែត។
ក្រៅពីទទួលជំនួយពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ លោក អ៊ុំ រាត្រី បាននិយាយថា អ្នករុញរទេះអាចផ្លាស់ប្តូរងាកទៅរកធ្វើកសិកម្មគ្រួសារដើម្បីចិញ្ចឹមគ្រួសារ និងអាចលក់ដូរសម្រាប់ប្រាក់ចំណូលបន្ថែម។ ការលើកឡើងរបស់លោក ជាការបន្ទរសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនផ្សព្វផ្សាយនាពេលកន្លងមក ដែលថា ប្រជាពលរដ្ឋដែលគ្មានការងារធ្វើ អាចងាកទៅធ្វើស្រែចម្ការវិញ។
លោកបន្តថា៖ «ដោយសារតែកាលពីមុនពួកគេអាចរកប្រាក់បានពីការទាញរទេះ ហើយឥលូវពួកគេគ្មានប្រាក់ចំណូល ដូច្នេះពួកគេត្រូវរកការងារធ្វើក្នុងស្រុកនិងធ្វើស្រែចម្ការនៅជុំវិញផ្ទះរបស់ពួកគេ»។
លោកបានមានប្រសាសន៍ថា៖ «ពាក់ព័ន្ធនឹងបងប្អូននិងប្រជាពលរដ្ឋដែលអត់មានស្បៀង គឺអត់មានទេ គឺយើងតែងតែដោះស្រាយបញ្ហាប្រឈមជូនពួកគាត់។ យើងមិនមានបញ្ហាហ្នឹងទេ ហើយក្នុងក្រុងប៉ោយប៉ែតចង់ជិត១០០០គ្រួសារទៅហើយដែលយើងបានដោះ»។
នៅកាច់ជ្រុងពីផ្ទះរបស់អ្នកស្រី ស្រ៊ុន ស្រ្តីម្នាក់ទៀតឈ្មោះ កែវ ពៅ អាយុ៦៧ឆ្នាំ ដែលបានរើសអេតចាយស្ទើរតែមួយជីវិតអ្នកស្រី។ នៅខាងមុខផ្ទះរបស់អ្នកស្រី មានស្ត្រីរហូតដល់ទៅ១០នាក់ដែលពួកគេទាំងនោះបានបាត់បង់ការងារជាអ្នកអូសរទេះដឹកឬអ្នកលក់ដូរនៅផ្សារថៃ។
ពួកគេមួយចំនួនរកស៊ីដូចជាអ្នកស្រី ស្រ៊ុន ដែរ ដោយបានចាប់ផ្តើមរើសអេតចាយ ដើម្បីរកប្រាក់ចំណូលខណៈពេលដែលជំងឺកូវីដ១៩កំពុងរីករាលដាល។ ការកើនឡើងនៃអ្នករើសអេតចាយនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់អ្នកស្រី ពៅ។
គាត់មានការអាណិតអាសូរចំពោះអ្នកជិតខាងរបស់គាត់ ប៉ុន្តែគាត់បានសារភាពថា ការកើនឡើងនៃអ្នករើសអេតចាយដែលធ្វើឱ្យបរិមាណអេតចាយធ្លាក់ចុះយ៉ាងខ្លាំង។
អ្នកស្រី ពៅ មានប្រសាសន៍ថា៖ «មានអ្នករើសអេតចាយច្រើនណាស់។ អ្នកដែលធ្លាប់រកស៊ីរុញរទេះឆ្លងដែន ក៏បានក្លាយជាអ្នករើសអេតចាយដែរ»។
អ្នកស្រីបានបន្ថែមថា៖ «ពីមុនពេលយើងអាចរើសអេតចាយបានច្រើន ប៉ុន្តែឥលូវនេះ គេបិទកាស៊ីណូ»។ ដោយពន្យល់បន្ថែមថា នៅកាស៊ីណូធ្លាប់សម្បូរទៅដោយដបប្លាស្ទិកនិងកំប៉ុង។
អ្នកស្រី ពៅ ធ្លាប់រកប្រាក់បានប្រហែល១២,៥០ដុល្លារពីការដើររើសអេតចាយ៣យប់ ប៉ុន្តែបន្ទាប់ពីការបិទព្រំដែននិងកាស៊ីណូដោយសារកូវីដ១៩ គាត់រកបានត្រឹមតែ៥ដុល្លារ។
គាត់បានព្រួយបារម្ភថា នឹងគ្មានលុយបង់ថ្លៃផ្ទះនិងបង់ការប្រាក់កម្ចីប្រមាណ២០០ដុល្លារដែលគាត់បានខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដើម្បីជួសជុលច្រកចូលផ្ទះ លូដែលបានលិចទឹក និងជញ្ជាំងផ្ទះរបស់គាត់។
អ្នកស្រីទើបតែទទួលបាន៥០ដុល្លារពីរដ្ឋាភិបាលតាមរយៈបណ្ណក្រីក្រ ប៉ុន្តែអ្នកស្រី ពៅ បានប្រើប្រាក់៧០ភាគរយនៃប័ណ្ណក្រីក្រនេះដើម្បីសងរំលស់ប្រាក់កម្ចីពីរខែដែលគាត់បានខ្ចីគេ។
គាត់បានចង្អុលទៅកាន់ឯកសារដែលគាត់បានខ្ចីគេ ដោយនិយាយដូច្នេះថា៖ «ម្ចាស់ផ្ទះនឹងយោគយល់ ប៉ុន្តែពួកអង្គការគេមិនយោគយល់យើងនោះទេ»៕
ប្រែសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេស