ពលករខ្មែរចំណាកស្រុក២នាក់បាត់ខ្លួន ខណៈលួចឆ្លងដែនពីប្រទេសថៃមកកម្ពុជាវិញ តាមរយៈជិះចានដែកឆ្លងកាត់ទឹកកាលពីម្សិលមិញ នៅត្រង់ចំណុចទឹកដីស្រុកសាលាក្រៅ ខេត្តប៉ៃលិនជាប់ព្រំប្រទល់ជាមួយថៃ។
គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយនៅថ្ងៃនេះថា ពលករចំណាកស្រុកសរុបចំនួន ១១នាក់ បាននាំគ្នាលួចឆ្លងដែនតាមចានដែកពីត្រើយម្ខាងនៃប្រទេសថៃ ចូលមកកម្ពុជាវិញ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ប៉ុន្តែបានមកដល់ត្រើយម្ខាងនៃទឹកដីកម្ពុជាចំនួន៩នាក់តែប៉ុណ្ណោះ ខណៈពីរនាក់ទៀតជាស្រ្តីម្នាក់ ត្រូវទឹកកួច បណ្តាលឲ្យក្រឡាប់ចានដែក លិចបាត់ កាលពីវេលាម៉ោង១៧និង៥០នាទី នៅថ្ងៃដដែល ស្ថិតនៅចំណុច ល្បាត១ ខ៣ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
អ្នកដែលបាត់ខ្លួនហូរទៅតាមទឹក ឈ្មោះ សេង ស្រីម៉ៅ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិស្វាយមាស សង្កាត់ កណ្តាលជ្រុំ ក្រុងសួង ខេត្តត្បូងឃ្មុំ ។
គេហទំព័រដដែលបញ្ជាក់ថា មូលហេតុដែលនាំឲ្យលិចចានដែក ដោយសារកំពុងឆ្លង គឺគាត់អស់ដៃ ក៏ប្រលែងចានដែកដែលជនរងគ្រោះជិះពីលើ បណ្តាលក្រឡាប់ លិចទៅក្នុងទឹកហូរកួចយកទៅបាត់។ ប៉ុន្តែរហូតមកដល់ថ្ងៃ២០ ខែកញ្ញានេះ សមត្ថកិច្ចមិនទាន់រកឃើញសាកសពនៅឡើយ៕