ក្រសួងសុខភិបាលព្យាបាលជាសះស្បើយអ្នកជំងឺផ្តាសាយធំជិត៦០០អង្គ/នាក់

ក្រុមគ្រូពេទ្យនិងអ្នកជំនាញចុះទៅពិនិត្យនិងយកសំណាកពីព្រះសង្ឃគង់នៅ​វត្ត​ស្វាយដង្គំ ស្រុក​ឯកភ្នំ ដែលមានអាការក្ដៅខ្លួន ក្អក និងហៀរសំបោរ យកទៅពិនិត្យ កាលពីយប់ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង Battambang Provincial Health Department)

ក្រសួងសុខាភិបាលភិបាលបានព្យាបាលអ្នកឆ្លងជំងឺផ្តាសាយធំនៅក្នុង៨ខេត្ត បានជាសះស្បើយជិត៦០០អង្គ/នាក់ ខណៈ៥៧នាក់ទៀតជាអ្នកទោសត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ។

ក្នុងលិខិតរបស់ក្រសួងសុខាភិបាលចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញាថា មុនពេល កំឡុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាសង្កេតឃើញមានចម្លងជំងឺគ្រុនផ្តាសាយធំ ដែលភាសាបច្ចេកទេសពេទ្យហៅថា «Influenza A» ចំនួន៦៤២នាក់ នៅក្នុងខេត្តចំនួន៨ និងព្យាបាលជាសះស្បើយចំនួន៧ខេត្ត គឺមានចំនួន៥៧៥អង្គ/នាក់ (ស្ត្រី៧២នាក់) ខណៈ៥៧នាក់ទៀតជាអ្នកទោស ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរសុខាភិបាលខេត្តកំពង់ធំ។

ខេត្តទាំង៨ដែលមានអ្នកឆ្លងជំងឺគ្រុនផ្តាសាយធំរួមមាន ខេត្តតាកែវ ព្រះវិហារ បាត់ដំបង ត្បូងឃ្មុំ បន្ទាយមានជ័យ កោះកុង រតនគិរី និងខេត្តកំពង់ធំ។

លិខិតដដែលបានអំពាវនាវឲ្យប្រជាពលរដ្ឋ ព្រះសង្ឃ តាអាចារយ្យ យាយជី និងគណៈកម្មការវត្តទាំងអស់នៅទូទាំងប្រទេសចូលរួមអនាម័យខ្លួនប្រាណ កន្លែងរស់នៅ នៅពេលទៅទីប្រជុំជន វត្តអារាម ត្រូវពាក់ម៉ាស់ ប្រើកន្សែង ឬក្រម៉ា ហើយពេលក្អកឬកណ្តាសត្រូវខ្ទប់មាត់ និងច្រមុះ ឬកែងដៃ ហើយត្រូវរក្សាគម្លាតពីគ្នាពី១ម៉ែត្រកន្លះឡើងទៅ និងជៀសវៀងប៉ះពាល់សត្វបំប៉ៅកូនដោយទឹកដោះ ឬសត្វបក្សី ដោយផ្ទាល់ ត្រូវលាងដៃជាមួយសាប៊ូ មុនកាន់របស់របរញាំ ឬប៉ះពាល់ផ្ទៃមុខខ្លួនឯង ត្រូវពិសារទឹកក្តៅអ៊ុនៗ បរិភោគអាហារឆ្អិនល្អ  ជៀសវាងនៅកន្លែងម៉ាស៊ីនត្រជាក់ខ្លាំង និមន្ត ឬដើរចេញក្រោមទឹកភ្លៀងជាដើម។

បន្ថែមពីនេះ បើសិនជាមានបញ្ហាសុខភាពប្រជាពលរដ្ឋ និងព្រះសង្ឃមិនត្រូវចូលរួមក្នុងកម្មវិធីណាមួយឡើយ ត្រូវគង់ ឬស្នាក់នៅដាច់ដោយឡែកពីអ្នកដទៃ ស្វែងរកកន្លែងព្យាបាលនៅមន្ទីរពេទ្យជិតបំផុត ឬរាយការណ៍ទៅលេខ១១៥ ដើម្បីកុំឲ្យចម្លងបន្តទៅអ្នកដទៃទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ