មនុស្ស១១នាក់ស្លាប់ និងផ្ទះជិត២ពាន់ខ្នងបានលិចដោយសារឥទ្ធិពលនៃព្យុះទី១១

ប្រជា​ពលរដ្ឋចុះ​ទៅ​ប្រើ​ប្រាស់​ទឹក​ទន្លេ​ក្រោម​ស្ពាន ឆ្លង​កាត់​ទន្លេ​មេគង្គ ខេត្ត​ស្ទឹងត្រេង។ រូបថត៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម

មនុស្ស១១នាក់ បានស្លាប់ និង​ផ្ទះជិត២ពាន់ខ្នងបាន​លិច​លង់ ខណៈមនុស្សជាង ៤០០នាក់ បានជម្លៀសចេញពីភូមិ ដោយសារគ្រោះធម្មជាតិ​ជំនន់ទឹកភ្លៀង និងរន្ទះបាញ់​​ ដែលបង្ក​ឡើង​ដោយ​​ឥទ្ធិពល​​ព្យុះឈ្មោះថា នូល (NOUL)។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៦ ខែកញ្ញា បាន​​ប្រកាសថា កម្ពុជា នឹង​រង​នូវ​ឥទ្ធិពលនៃព្យុះទី១១ ដែលមានឈ្មោះថា នូល ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ដែលធ្វើតំបន់ខ្លះ​មានភ្លៀងធ្លាក់​ពីមធ្យមទៅច្រើន ហើយប្រឈមខ្ពស់ទៅនឹងជំនន់ទឹកភ្លៀង រួមជាមួយខ្យល់បក់បោកខ្លាំង។

របាយការណ៍របស់គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ​បានឱ្យ​​ដឹងនៅថ្ងៃចន្ទនេះ​​ថា ឥទ្ធិពលនៃព្យុះទី១១ ដែលកើតឡើង​រយៈពេលប៉ុន្មានថ្ងៃចុង​ក្រោយ​នេះ បានធ្វើឱ្យ​​ប៉ះពាល់នៅក្នុងក្រុង​ចំនួន​១០ នៃខេត្តចំនួន​៥ រួមមានខេត្តព្រះសីហនុ ពោធិ៍សាត់ ឧត្តរ​មានជ័យ កោះកុង និង​បៃលិន។

របាយការណ៍ បន្តថា គិតត្រឹមម៉ោងជាង៧យប់ ថ្ងៃទី​២០ ខែកញ្ញានេះ មានមនុស្ស ១១នាក់ បាន​ស្លាប់ ក្នុងនោះ៨នាក់​ ស្លាប់ដោយសារបាតុភូត​​រន្ទះបាញ់ ខណៈ៣នាក់ទៀត​​ ស្លាប់ដោយសារ​ជំនន់ទឹកភ្លៀង​​។

របាយការណ៍ឱ្យ​ដឹងទៀតថា ផ្ទះចំនួន ១៨២៥ខ្នង និង​​ដំណាំផ្សេងៗចំនួន ៣១២ហិកតា ត្រូវ​បាន​លិច​លង់​ ខណៈមនុស្សចំនួន ៤៧៥នាក់ ត្រូវ​បានជម្លៀសចេញ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់​​ថា ​ខេត្តព្រះសីហនុ ប៉ះពាល់ផ្ទះ ១៧០១ខ្នង និងមនុស្ស ៤៧៥នាក់ ត្រូវបានជម្លៀសចេញ, ផ្លូវជាតិ៣កន្លែងប្រវែង៤០០ម៉ែត្រ និងផ្លូវលំ៩កន្លែងប្រវែង៣៤៧០ម៉ែត្រត្រូវបានលិច។ ចំណែកខេត្តឧត្តរមានជ័យ លិច​ផ្ទះ៩៣ខ្នង ស្រូវ១២០ហិកតា ដំឡូងមី៥៨ហិកតា​ និងផ្លូវ៦៨៣៩ម៉ែត្រ និងខេត្តផ្សេងៗរងផលប៉ះពាល់តិចតួចជាងនេះ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក ឃុន សុខា មាន​ប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធបាននិង​​កំពុងអន្តរាគមន៍ជួយសង្គ្រោះ ខណៈស្ថានភាព​ទឹកជំនន់​នៅបណ្តាខេត្តមួយចំនួនបាន​ស្រកទៅវិញ​​ខ្លះហើយ​។

លោកបន្ត​ថា៖ «ការព្យាករអស់ត្រឹមថ្ងៃទី២១នេះហើយព្យុះ អីចឹងវាចាប់ផ្តើមស្រកហើយនៅតំបន់ខ្លះ ព្រោះអាហ្នឹងវាមិនមែនជាជំនន់ទន្លេទេ វាជាជំនន់ទឹកភ្លៀង»

អ្ននាំពាក្យរដ្ឋបាល​ខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់វីអូឌីថា គិតមកដល់ម៉ោង៣រសៀលនេះ ស្ថានភាពជំនន់ទឹកភ្លៀងមានការស្រក​ចុះខ្លះហើយ។ លោកបន្តថា ពលរដ្ឋ១៩៥៥គ្រួសារ (គិត​ជាមនុស្ស​ចំនួន​ ​ ៧៩៥៤នាក់) បានរងផលប៉ះ​ពាល់ ក្នុងនោះ ប្រជាពលរដ្ឋ និង​​អ្នកទេសចរ​បានចំនួន ១៨៦៥នាក់ ត្រូវ​បានជួយ​សង្គ្រោះទៅកាន់ទីទួលសុវត្ថិ​​ភាព ដោយសារពួកគេរងផលប៉ះពាល់ខ្លាំង។

លោកបន្ថែមថា៖ «ដោយសារស្ថានភាព​ម្សិលមិញនេះ នៅចម្លោះម៉ោង១០​ទៅម៉ោង៣រសៀល គឺចម្លោះពេលល្អស្ងប់ខ្យល់ យើងបានបញ្ចេញកាណូត១៨គ្រឿង ជាប្រភេទកាណូតលឿន ទៅដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចររបស់យើង មកកាន់ដីគោកវិញ ដោយសុវត្ថិភាពវិញទាំងអស់គ្នា»

ពាក់ព័ន្ធនឹង​បញ្ហាអាកាសធាតុ​ដោយ​សារ​ឥទ្ធិពលព្យុះនូលនេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃអាទិត្យ ដោយ​ណែនាំដល់ម្ចាស់​រមណីយដ្ឋានដែលស្ថិតនៅជ្រោះជ្រលងភ្នំ ដងស្ទឹងបឹងបួរ ឱ្យ​ផ្អាកដំណើរការ​ជាបណ្តោះអាសន្នជាបន្ទាន់ ចាប់ពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃជូនដំណឹងជាថ្មី ដើម្បីជៀសវាងការកើតមាននៅគ្រោះថ្នាក់ផ្សេងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ