រដ្ឋាភិបាលកម្ពុជា បេ្តជ្ញា​​​​បន្ត​រក្សាស្ថិរភាពនយោបាយ ​និង​ម៉ាក្រូសេដ្ឋកិច្ច​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

រដ្ឋាភិបាលកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តក្នុងការ​​បន្តរក្សា​ស្ថិរភាពនយោបាយ និង​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យ​បានល្អប្រសើរ រួមនិង​ការងារជាអាទិភាពមួយចំនួនទៀត ដើម្បី​សន្តិភាព សុវត្ថិ​ភាព សុខមាលភាពប្រជាពលរដ្ឋ និងការ​អភិវឌ្ឍជាតិ។

ការបេ្តជ្ញាចិត្តនេះ បានធ្វើឡើងនៅក្នុ​ងសារលិខិត​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុ​ងទិវាសន្តិភាពអន្តរជាតិ ក្រោមប្រធានបទ «ការកសាង​សន្តិភាពជាមួយគ្នា» ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងក្នុង​សារលិខិតនោះថា កម្ពុជាបាន​ប្រឹង​ប្រែង​ងើបឈរ​ដោយខ្លួន​ឯង​​ ក្នុងកា​រកសាង និង​អភិវឌ្ឍន៍ប្រទេសឡើងវិញ ធានាបាននូវការ​​លើកស្ទួយ​កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែដោយសារមាន​រលកព្យុះនៃវិបត្តិ​ជំងឺកូវីដ១៩ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​លើសេដ្ឋកិច្ច និងសង្គម នៅកម្ពុជា​ និងបណ្តា​ប្រទេស​ស្ទើរ​ទាំងអស់ក្នុងពិភពលោក។

លោក​បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្ត​ក្នុងការ​ថែរក្សា​ឱ្យបាន​នូវ​ភាពជាម្ចាស់ការ លើការងារ​អាទិភាពមួយចំនួន ក្នុងនោះនឹងបន្ត​រក្សា​ស្ថិរភាពនយោ​បាយ ដែលជាមូល​ដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រង​ស្ថាន​ការណ៍ និង​ការរក្សា​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច​​​ឱ្យ​បានល្អប្រសើរ ទប់ស្កាត់​អតិផរណា និង​ការឡើងថ្លៃទំនិញ​ក្នុង​ទីផ្សារជា​ដើម។​

សារលិខិត​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើងដែរថា កម្ពុជា យល់ច្បាស់​ថា ការគោរពសិទ្ធិ​មនុស្ស ការ​លើកកម្ពស់សេរីភាពជាមូលដ្ឋាន ការប្រកាន់ខ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការលើកកម្ពស់​នីតិរដ្ឋ នឹង​នាំមកនូវ​សន្តិភាព ស្ថិរភាព ភាពសុខដុមរមនា និងយុត្តធម៌សង្គម និង​ការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន។

តែយ៉ាងណា លោកថា បើទោះជាកម្ពុជា ខិតខំកសាង​ និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ការបង្រួបបង្រួមជាតិ និង​ការបោះជំហាន​ទៅមុខ​លើ​មាគ៌ានយោបាយ​សន្តិសហវិជ្ជមាន អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ និងការ​ពារអធិបតេយ្យនិង​បូរណភាពទឹកដីក៏ដោយ ប៉ុន្តែកម្ពុជា នៅតែមិនទទួលបានការ​សាទរពីមហា​អំណាច និង​ប្រទេស​លោក​ខាងលិចខ្លះនោះទេ។

លោក​បានបន្ថែមថា៖ «លើសពីនេះ ពួកគេមិនញញើត​ក្នុងការអនុវត្ត​នូវ​ស្តង់ដាពីរ ចំពោះការវាយ​តម្លៃ​លើការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅកម្ពុជា និងប្រើប្រាស់​បញ្ហាសិទ្ធិ​មនុស្ស​នេះ ជា​ឧបករណ៍នយោបាយ​ ឬជាលេស​សម្រាប់ការលូក​ដៃ​ចូលជ្រៀតជ្រែក​ចូលកិច្ចការ​ផ្ទៃ​ក្នុង រំលោភ​លើអធិបតេយ្យ​ភាព និង​ឯករាជ្យ​ភាពរបស់កម្ពុជា និងបណ្តាប្រទេស​ទន់ខ្សោយ​ផ្សេង​ទៀត»។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា​ រដ្ឋាភិបាលកម្ពុជា ចូលរួម​សាទរ​ជាមួយបណ្តាប្រទេស​សមាជិកអង្គការ​សហប្រជាជាតិ​ទាំងអស់ ប្រារព្ធទិវា​សន្តិភាព សំដៅលើកកម្ពស់ការ​យល់​ដឹង​ពីអត្ថន័យ​នៃសន្តិភាពឱ្យកាន់តែទូលំទូលាយ ពង្រឹង​សាមគ្គី​ភាព ឯកភាពជាតិ និង​បន្តជំរុញកិច្ចសហការក្នុងការថែរក្សា​ឱ្យ​បាន​នូវ​សន្តិភាពសម្រាប់​កម្ពុជា និងពិភពលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ