ពលរដ្ឋ​​ជិត​១០០០នាក់នាំគ្នាតវ៉ាមុខក្រសួងរៀបចំដែនដី ចំថ្ងៃទិវាសន្តិភាពអន្តរជាតិ

អ្នកមានជម្លោះដីធ្លីជិត ១០០០នាក់ មកពីខេត្តចំនួន៤ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខក្រសួងរៀបចំដែនដី ចំថ្ងៃទិវាសន្តិភាពអន្តរជាតិ នាថ្ងៃចន្ទ ទី២១ ២០២០

អ្នកមានជម្លោះដីធ្លីជិត ១០០០នាក់ មកពីខេត្តចំនួន៤​ បានប្រមូលផ្ដុំគ្នា​តវ៉ា​នៅមុខក្រសួងរៀបចំដែនដី ចំថ្ងៃទិវា​សន្តិភាពអន្តរជាតិ នាថ្ងៃចន្ទនេះ ដើម្បីជំរុញឱ្យស្ថាប័នមួយ​នេះ ពន្លឿនការដោះស្រាយវិវាទដីធ្លីជូនពួកគេ។

ប្រជាពលរដ្ឋទាំងនោះ មកពីសហគមន៍មួយចំនួន ក្នុង​​ខេត្តកោះកុង ស្វាយរៀង ព្រះសីហនុ និង​ត្បូង​ឃ្មុំ មាន​បញ្ហាវិវាទដីធ្លីជាមួយក្រុម​ហ៊ុន​ឯកជន​ និងក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន​នៅកម្ពុជា។

តំណាងពលរដ្ឋមកពីខេត្ត​ត្បូង​ឃ្មុំ​ លោក សែម ចំណាន ប្រាប់អ្នកសារព័ត៌មាននៅមុខក្រសួងដែនដីថា ពួកគាត់មានជម្លោះដីធ្លីជាមួយ​ក្រុមហ៊ុន​ចិនមួយ​​ជាច្រើនឆ្នាំមកហើយ ក្នុងនោះក៏មាន​​ពលរដ្ឋដែលសកម្មក្នុង​​ការ​​តវ៉ារឿង​ដីធ្លីនេះ ត្រូវជាប់ពន្ធនាគារ និង​អ្នកខ្លះទៀត កំពុងជាប់បណ្ដឹងនៅតុលាការ។

លោកថា៖ «ពលរដ្ឋគ្មានសិទ្ធិ​ដូចជានៅលើដីខ្លួនឯងហើយគ្មានសិទ្ធិទាមទារ តវ៉ា នៅពេលមានការរំលោភបំពានពីក្រុមហ៊ុន​ឬមួយអាជ្ញាធរអ្នកមានអំណាច។ គ្មានសិទ្ធិតវ៉ា មានតែការចាប់ខ្លួនមានតែការ​ហាមឃាត់​អីជាដើម។ អ៊ីចឹងយើងមកលើកហ្នឹង សូមឱ្យក្រសួងពាក់​ព័ន្ធក៏ដូចជារាជរដ្ឋាភិបាល ឱ្យគាត់ជួយរក​ដំណោះស្រាយជូន​ប្រជាពលរដ្ឋឱ្យដូចអ្វីដែលគាត់ដាក់ថា ពាក្យសន្តិភាពអ៊ីចឹង»។

លោកសែម ចំណាន បានបញ្ជាក់ដែរ​ថា ការដែលពួកគាត់ឡើងមកតវ៉ាចំថ្ងៃ​ទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១កញ្ញានេះ គឺចង់បង្ហាញទៅរដ្ឋាភិបាលថា ពួកគាត់មិនទាន់មានសន្តិភាពនៅឡើយ​ ដោយ​សារ​តែ​រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ មិនទាន់បានដោះស្រាយវិវាទដីធ្លីឱ្យពួកគាត់។

កញ្ញា ម៉ែន ដាវី  អះអាង​ជាតំណាងពលរដ្ឋចំនួន ១៥២​គ្រួសារ នៅ​សហគមន៍មានជ័យ ខេត្ត​ស្វាយរៀង លើកឡើងថា ពួកគាត់មានជំម្លោះដីធ្លីតាំងពីឆ្នាំ២០១៤ មកម្លេះ ប៉ុន្តែមកដល់ពេលនេះ អាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធមិនបានដោះស្រាយឱ្យពួកគាត់នៅឡើយ។ 

កញ្ញាថា៖ «រដ្ឋាភិបាលគាត់ត្រូវការសន្តិភាព អ៊ីចឹងប្រជាពលរដ្ឋយើងទាំងមូលកំពុងរងទុក្ខវេទនា​រឿងដីធ្លី​។ អ៊ីចឹងថ្ងៃហ្នឹងគិតថា សម្ដេច[ហ៊ុន សែន]គាត់នឹងធ្វើការដោះស្រាយដល់ប្រជាពលរដ្ឋ ​ដើម្បីឱ្យប្រទេសយើងមាន​សន្តិភាព​ ដូចអ្វីដែល​បានសន្យា​ ដូចអ្វីដែលគាត់កំពុងតែធ្វើ»។ ​

ប្រជាពលរដ្ឋម្នាក់ទៀត មកពីឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង លោក កាន់ ឈន និយាយថា បច្ចុប្បន្ន ពួកគាត់​គ្មានដីសម្រាប់ធ្វើស្រែចម្ការទេ ដោយសារ​ជម្លោះដីធ្លីរបស់ពួកគាត់ដែលបានកើតឡើង​​​ជាង ១០ឆ្នាំមកហើយ នៅមិនទាន់មានដំណោះស្រាយ។  

លោកថា៖ «សូមសម្ដេច[ហ៊ុន សែន] មេត្តាដោះស្រាយដីធ្លីនេះ​ឱ្យ​ប្រជាពលរដ្ឋផង កុំឱ្យប្រជាពលរដ្ឋនេះ នៅក្រជាង១០ឆ្នាំហើយ មកយកដីគ្នាហើយអត់ដោះស្រាយឱ្យគ្នា »។

នៅព្រឹកមិញនេះដែរ ប្រជាពលរដ្ឋ​ទាំងនោះ ក៏បានព្យាយាម​ដើរ​ក្បួន​ទៅភូមិនគ្រឹះលោកនាយក​​​​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្បែរ​វិមានឯករាជ្យ​ និងក្រសួងមហាផ្ទៃ ដើម្បីសុំឱ្យជួយអន្ត​រាគមន៍​ករណីវិវាទដីធ្លីរបស់​ពួកគេ​ដែរ ប៉ុន្តែត្រូវ​បានអាជ្ញាធរ​​ដាក់កម្លាំង​រារាំង និង​រុញច្រាន ក្រោម​ហេតុ​​ផលថា បញ្ចៀសការ​កកស្ទះចរាចរណ៍។

អ្នក​នាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មាន​ប្រសាសន៍ថា ការដែលអាជ្ញាធររារាំងក្រុមប្រជាពលរដ្ឋមិនឱ្យដើរនោះ ដើម្បីរក្សាសណ្ដាប់សាធារណៈ និងបញ្ជៀសការកកស្ទះចរាចរណ៍។

លោកថា៖ «បើគ្រាន់តែគោលបំណង​ក្នុងការស្នើសុំអន្តរាគមន៍ដោះស្រាយពីស្ថាប័នណាមួយ ដូចជា ការដាក់ញត្តិ ជូនដំណឹងផ្សេងៗ ដែលមិនចាំបាច់ប្រមូលផ្ដុំរហូតទៅដល់ច្រើនរហូតទៅដល់ប៉ះពាល់សណ្ដាប់សាធារណៈ ចរាចរណ៍ កកស្ទះផ្លូវ ឬអាចបារម្ភឈានទៅដល់បញ្ហាសន្តិសុខផ្សេងទៀត អ៊ីចឹងហើយបានជាយើង រៀបចំការងារហ្នឹងឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរ»។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីប្រកាសមួយដោយលើកឡើងថា សំណើររបស់​​ពលរដ្ឋ ​ដែលមានជំម្លោះដីធ្លី​ជាមួយក្រុមហ៊ុន ហេង ហ៊ុយ, ក្រុមហ៊ុន Koh Kong Plantation, ក្រុមហ៊ុនKoh Kong Sugar Industry និងក្រុមហ៊ុនចិន Union Development Group ឬ UDG នៅខេត្តកោះកុង ក្រសួង​មិន​ទទួលដោះស្រាយឡើយ ដោយសារ​ជម្លោះខ្លះ​​​​​បានដោះស្រាយ​រួច​​ហើយ និង​ក្រុមពលរដ្ឋខ្លះទៀត​មិនស្ថិត​ក្នុងក្រុម​រង​ផលប៉ះពាល់។

ក្រសួង​បានបញ្ជាក់ថា៖ «ជារូមការទាមទាររបស់ពលរដ្ឋ​ទាំង​៥ក្រុម​ មិន​មាន​មូល​ដ្ឋានផ្លូវ​ច្បាប់​សម្រាប់ក្រសួងទទួលធ្វើការដោះស្រាយឡើយ»។

ប្រធាន​សម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បាន​ជំរុញឱ្យរដ្ឋាភិបាល និងក្រសួងរៀបចំដែនដី ដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីឱ្យ​ពលរដ្ឋ​មានដីធ្លីសម្រាប់​​បង្កបង្កើនផលចិញ្ចឹមជីវិត​។ លោក​ថា ប្រសិនបើរដ្ឋាភិបាលនៅតែមិនព្រមដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនោះ​ មានន័យ​ថា សន្តិភាពដែលរដ្ឋាភិបាលតែងតែលើក​ឡើងនោះ ​មិនបាន​ឆ្លុះបញ្ចាំងពី​ការពិតឡើយ។

លោកថា៖ «ជំរុញឱ្យមានយុត្តិធម៌​សង្គម ស្មើភាព​គ្នា ជាពិសេស បញ្ហាដីធ្លីនេះ​ល្អប្រសើរ ទើប ប្រជាពលរដ្ឋទទួលបានសន្តិភាពពិតប្រាកដ ប៉ុន្តែបើសិនជាមានតែសន្តិភាពមួយផ្នែកណាមួយខ្ញុំគិតថា វា​មិនទាន់សមស្របទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ