សមត្ថកិច្ចរាជធានីភ្នំពេញ នៅពុំទាន់រកឃើញជនជាតិចិនពីរនាក់ដែលបានរត់គេចពីការធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញនៅឡើយគិតមកដល់ល្ងាចថ្ងៃពុធនេះ ខណៈការស្វែងរកបានធ្វើឡើងអស់រយៈពេលប្រមាណពីរសប្តាហ៍មកហើយ។
ជនជាតិចិនទាំង២នាក់ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយកាលពីថ្ងៃទី៨ ខែកញ្ញា ដើម្បីរង់ចាំលទ្ធផលតេស្តរកវីរុសកូវីដ១៩ ប៉ុន្តែដោយសារមានទំនាស់ក្នុងក្រុម ពួកគេក៏បានរត់ចេញពីសណ្ឋាគារនៅរសៀលថ្ងៃទី៩ ខែកញ្ញា។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត មានប្រសាសន៍ថា កម្លាំងសមត្ថកិច្ចនៅពុំទាន់ស្វែងរកជនជាតិចិនទាំង២នាក់នោះឃើញនៅឡើយ ប៉ុន្តែអាជ្ញាធរកំពុងខិតខំបន្តស្រាវជ្រាវនិងស្វែងរកពួកគេ។
លោកបានបញ្ជាក់ថា៖ «អ្នកទាំងនោះ [ជនជាតិចិនទាំងពីរនាក់] ក៏មិនអាចទៅកន្លែងជំនុំឬចំណោមមនុស្សដែលកុះករបានទេ ពួកគេប្រហែលជាលាក់ខ្លួននៅកន្លែងណាមួយ ហើយយើងកំពុងធ្វើការស្វែងរក»។
ស្នងការរូបនេះបន្តថា ក្រោយហេតុការណ៍នេះភ្លាម សមត្ថកិច្ចបានសួរនាំជនជាតិចិនម្នាក់ដែលជាមិត្តភក្តិរបស់ជនជាតិចិនទាំងពីរនាក់នោះដែរ ប៉ុន្តែបុរសរូបនោះមិនសហការ ហើយអាជ្ញាធរបាននិងកំពុងរៀបចំឯកសារ ដើម្បីបណ្តេញជនជាតិចិនរូបនេះចេញពីកម្ពុជាទៅតាមច្បាប់អន្តោប្រវេសន៍។
លោក ស ថេត បានបន្តទៀតថា កន្លងមក កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន ប៉ូលិស អាវុធហត្ថ និងអាជ្ញាធរពាក់ព័ន្ធ បានធ្វើការរឹតបន្តឹងសន្តិសុខនៅកន្លែងធ្វើចត្តាឡីស័កទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារនិងធ្វើការអន្តរាគមន៍ក្រែងលោមានជនដែលត្រូវធ្វើចត្តាឡីស័ក មានបញ្ហាសុខភាពឬក៏បង្កការអុកឡុកណាមួយ។
លោកបានញ្ជាក់ថា៖ «យើងគ្រាន់តែរឹតបន្តឹងបន្ថែម បើសិនខ្វះកម្លាំង ថែមកម្លាំង កន្លងទៅយើងសហការគ្នាល្អ [រវាងក្រសួងសុខាភិបាលនិងកម្លាំងអាជ្ញាធរ] គ្រប់កន្លែងទាំងអស់ ទាំងនៅចាក់អង្រែលើ និងព្រលានយន្តហោះ ឬកន្លែងដ៏ទៃទៀត។ យើងបានទំនាក់ទំនង ហើយមានបញ្ហាអីគាត់អាចសំណូរពរមកអាជ្ញាធរមក»។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មិនអាចទាក់ទងសុំការអត្ថាធិប្បាយ បានទេ។
ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ធ្លាប់បានចេញលិខិតណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវដាក់កម្លាំងសមត្ថកិច្ចយាមកាមឱ្យបានម៉ត់ចត់ ដើម្បីពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់នៅតាមមណ្ឌលចត្តាឡីស័កទាំងអស់នៅទូទាំងប្រទេស ជាពិសេសកុំឱ្យអ្នកកំពុងធ្វើចត្តាឡីស័ករត់ចេញពីមណ្ឌលចត្តាឡីស័កមុនកាលកំណត់។
លិខិតរបស់ក្រសួងបានបញ្ជាក់ដែរថា ប្រសិនបើមានបុគ្គលណាមិនអនុវត្តតាមវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាល សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តច្បាប់និងបទដ្ឋានគតិយុត្តិដែលមានជាធរមាន។
កាលពីខែសីហា មានជនជាតិវៀតណាម២នាក់និងបុរសជនជាតិខ្មែរ២នាក់ ក៏បានលួចចេញពីការធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេច និងមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ខេត្តព្រៃវែង។
តែយ៉ាងណា អាជ្ញាធរខេត្តបានរកឃើញពួកគេភ្លាមៗនៅថ្ងៃដដែលផងដែរ ដោយក្រុមការងារក្រសួងបានតម្រូវឱ្យពួកគេធ្វើចត្តាឡីស័ក១៤ថ្ងៃឡើងវិញ និងពុំមានការពិន័យជាប្រាក់នោះទេ ដោយសារពួកគេមានជីវភាពក្រីក្រ។
ដោយឡែក កាលពីថ្ងៃទី១៧ ខែកក្កដា ក៏មានស្ត្រីខ្មែរសញ្ជាតិអាមេរិកម្នាក់បានរត់ចេញពីមណ្ឌលចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញដែរ និងត្រូវបានមន្ត្រីសុខាភិបាលរកឃើញវិញនៅខេត្តកំពង់ចាម។ ស្ត្រីរូបនោះត្រូវបានមន្ត្រីសុខាភិបាលខេត្តសម្រេចផាកពិន័យអន្តរការណ៍ចំនួន១លានរៀល៕