អតីតគ្រួសារយោធាចូលនិវត្តន៍ចំនួន១០គ្រួសារដែលកំពុងមានជម្លោះដីធ្លីជាមួយពលរដ្ឋមួយក្រុមទៀតចំនួន១៤គ្រួសារ នៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានចោទអាជ្ញាធរខេត្តបន្ទាយមានជ័យ ថាមានភាពលម្អៀងក្នុងការដោះស្រាយវិវាទដីធ្លីជូនពួកគេ។
ការលើកឡើងរបស់អតីតគ្រួសារយោធានេះ ធ្វើឡើងក្រោយពីអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានផ្ញើលិខិតមួយទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីសុំចាត់វិធានការចំពោះពលរដ្ឋ១០គ្រួសារ ដែលលោកថា បានចូលទៅកាន់កាប់លើដីមានបណ្ណកម្មសិទ្ធិរបស់ពលរដ្ឋ១៤គ្រួសារ។
ក្នុងលិខិតនោះ អភិបាលខេត្តរូបនេះបានចាត់ទុកពលរដ្ឋ១០គ្រួសារក្នុងចំណោមពលរដ្ឋ៥១គ្រួសារនេះ ថាជាក្រុមជនអនាធិបតេយ្យចូលកាន់កាប់លើដីកម្មសិទ្ធិឯកជនរបស់ពលរដ្ឋ១៤គ្រួសារ ដែលអាជ្ញាធរពាក់ព័ន្ធចេញបណ្ណកម្មសិទ្ធិឱ្យតាំងពីឆ្នាំ២០០៧។
លោក មុត ឡុញ អះអាងថាជាតំណាងពលរដ្ឋ១០គ្រួសារ មានប្រសាសន៍នៅថ្ងៃពុធនេះថា ក្រោយពីអាជ្ញាធរខេត្តបានផ្ញើលិខិតទៅក្រសួងមហាផ្ទៃ ពួកគាត់ក៏បានឆ្លើយបំភ្លឺទៅក្រសួងវិញដែរ កាលពីថ្ងៃទី១៧ ខែកញ្ញា ប៉ុន្តែមកដល់ថ្ងៃនេះ ក្រសួងនៅមិនទាន់មានចំណាត់ការដោះស្រាយនៅឡើយ។ លោកថា ពលរដ្ឋមានក្តីបារម្ភពីវិធានការផ្សេងៗ ក្រោយអភិបាលខេត្តបន្ទាយមានជ័យ សុំវិធានការពីក្រសួងមហាផ្ទៃ។
លោកបន្ថែមថា៖ «ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងចំពោះលោកអភិបាលខេត្ត ដែលគាត់បានភូតកុហកថ្នាក់ដឹកនាំ ទាំងដែលគាត់ដឹងការពិតថា ពួកខ្ញុំពិតជាពលរដ្ឋរងគ្រោះ ហើយពួកខ្ញុំសុទ្ធតែជាប្រជាពលរដ្ឋគណបក្សប្រជាជនកម្ពុជា និងមានកាតគណបក្សប្រជាជនត្រឹមត្រូវ បែរជាគាត់មកលាបពណ៌ពួកខ្ញុំថា ជាអនាធិបតេយ្យទៅវិញ»។
បើតាមតំណាងរូបនេះ ពលរដ្ឋទាំង១០គ្រួសារនោះ ជាអតីតយោធាបានរំសាយនិងចូលនិវត្តន៍ ដែលទទួលបានគោលនយោបាយពីរដ្ឋ ក្នុង១គ្រួសារចំនួន២ហិកតា។
ក្នុងលិខិតឆ្លើយបំភ្លឺទៅលោក ស ខេង កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ពលរដ្ឋតំណាងទាំង១០គ្រួសារនេះ បានច្រានចោលចំពោះការលើកឡើងរបស់លោក អ៊ុំ រាត្រី ដែលថា ពួកគេជាក្រុមអនាធិបតេយ្យចូលកាន់កាប់លើដីគេខុសច្បាប់នោះ។
លិខិតដដែលបានបន្តថា ការលើកឡើងរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គឺជាការបំភ្លៃព័ត៌មាន ភូតភរកុហកថ្នាក់ដឹកនាំ និងមានភាពលម្អៀងខ្លាំងទៅភាគីពលរដ្ឋម្ខាងទៀត ខណៈដែលពួកគេអះអាងថា បានរស់នៅនិងអាស្រ័យផលលើដីកំពុងមានជម្លោះទំហំ២០ហិកតា តាំងពីឆ្នាំ១៩៩៧។
លិខិតដដែលបានស្នើដល់ក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតស្វែងរកការពិត រួមទាំងពិនិត្យឡើងវិញចំពោះការចេញបណ្ណកម្មសិទ្ធិខុសប្រក្រតីឱ្យក្រុមពលរដ្ឋ១៤គ្រួសារដែលជាភាគីជម្លោះម្ខាងទៀតផងដែរ។
វីអូឌី ពុំអាចសុំការបញ្ជាក់ពីអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ រួមនឹងតំណាងពលរដ្ឋ១៤គ្រួសារ ឈ្មោះ ទុយ វ៉ាន់នី បានទេនៅថ្ងៃពុធនេះ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ករណីវិវាទដីធ្លីនេះហាក់មានភាពស្មុគស្មាញ ដែលករណីនេះ លោកបានជំរុញដល់ក្រសួងមហាផ្ទៃ ចាត់មន្ត្រីចុះស្រាវជ្រាវនិងស៊ើបឱ្យបានច្បាស់លាស់និងមានតម្លាភាព។
លោកបន្ថែមថា៖ «អីចឹងគឺទាមទារឱ្យមានការស្រាវជ្រាវនិងស៊ើបអង្កេតម៉ត់ចត់ ដោយតម្លាភាពនិងយុត្តិធម៌ ដើម្បីផ្តល់យុត្តិធម៌ដល់ភាគីទាំងសងខាង មិនថាភាគីណាមួយទេ ហើយបើរកទៅឃើញថា ប្រជាពលរដ្ឋលោកជាអ្នករងគ្រោះដោយសាររឿងហ្នឹង អាហ្នឹងត្រូវតែចាត់វិធានការដើម្បីធ្វើការដោះស្រាយបន្ទាន់»។
កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ពលរដ្ឋ១០នាក់ក្នុងចំណោមពលរដ្ឋ៥១គ្រួសារ បានប្តឹងមន្ត្រីអាជ្ញាធរក្រុងប៉ោយប៉ែត២នាក់ គឺលោក ប៉ាល់ សេដ្ឋា ចៅសង្កាត់ប៉ោយប៉ែត និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបច្ចុប្បន្ន រួមនឹងពលរដ្ឋម្នាក់ទៀតឈ្មោះ ទុយ វ៉ាន់នី តំណាងពលរដ្ឋ១៤គ្រួសារ ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយចោទថា អ្នកទាំងនោះបានឃុបឃិតគ្នាក្លែងបន្លំលិខិតបញ្ជាក់ការកាន់កាប់ដីធ្លីនិងបានប្រព្រឹត្តអំពើពុករលួយ។
នៅថ្ងៃទី១ ខែកញ្ញា ACU បានឱ្យអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បំភ្លឺករណីនេះនិងផ្តល់ឯកសារពាក់ព័ន្ធ ដើម្បីឱ្យអង្គភាពមួយនេះមានមូលដ្ឋានបន្តនីតិវិធីទៀត ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់មានការបញ្ជាក់ពីចំណាត់ការលើរឿងនេះពីសំណាក់ ACU នៅឡើយ៕