គណៈកម្មការអន្តរក្រសួង អំពាវនាវដល់អាជ្ញាធរនិងប្រជាពលរដ្ឋរស់នៅក្រុងសៀមរាប ចូលរួមសហការឱ្យបានល្អជាមួយក្រុមការងារបច្ចេកទេសនិងក្រុមហ៊ុនសាងសង់ ដើម្បីឱ្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ទទួលបានជោគជ័យតាមការគ្រោងទុក។
ការអំពាវនាវនេះ ស្របពេលដែលគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សានិងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន នៅខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកញ្ញានេះ។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអន្តរក្រសួងដែលផ្សព្វផ្សាយនៅរសៀលនេះ បានលើកឡើងថា ក្នុងកិច្ចប្រជុំនោះ គណៈកម្មការអន្តរក្រសួង បានសម្រេចជ្រើសរើសផ្លូវសរុបចំនួន៣៨ខ្សែ ប្រវែងសរុប១០០គ.ម ដើម្បីសិក្សានិងអនុវត្ត ក្នុងគោលដៅលើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋនិងអ្នកទេសចរនៅក្នុងក្រុងសៀមរាប និងធ្វើឱ្យក្រុងសៀមរាបក្លាយទៅជាទីក្រុងទេសចរណ៍កម្រិតពិភពលោក ។
សេចក្តីប្រកាសព័ត៌មាន បន្តថា៖ «ខ្សែផ្លូវដែលត្រូវធ្វើការស្ថាបនា និងកែលម្អឡើងវិញទាំងអស់ នឹងត្រូវធ្វើឱ្យក្លាយទៅជាផ្លូវដែលមានមេត្រីភាពជាមួយវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍ និងស្របតាមរូបសាស្រ្តទីក្រុង និងត្រូវមានការគិតគូរជាប្រព័ន្ធនិងលើគ្រប់ទិដ្ឋភាព មានជាអាទិ៍ ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញានិងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ និងការធ្វើសួននិងដាំដើមឈើ»។
គណៈកម្មការអន្តរក្រសួង ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅក្រុងសៀមរាបទាំងអស់ ចូលរួមសហការប្រកបដោយការយោគយល់ជាមួយគណៈកម្មការអន្តរក្រសួង ក្រុមការងារបច្ចេកទេស អង្គភាព និងក្រុមហ៊ុនសាងសង់ ដើម្បីឱ្យការសិក្សានិងការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្រុងសៀមរាប ខេត្តសៀមរាប ប្រព្រឹត្តទៅបានដោយរលូននិងទទួលបានផ្លែផ្កាតាមការរំពឹងទុក។
កាលពីថ្ងៃទី៤ ខែកញ្ញា រាជរដ្ឋាភិបាលបានប្រកាសបញ្ចេញកញ្ចប់ថវិកាប្រមាណ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវចំនួន៣៨ខ្សែនៅក្នុងទីរួមខេត្តសៀមរាប ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
កាលពីឆ្នាំ២០១៩ រាជរដ្ឋាភិបាលក៏បានសម្រេចទម្លាក់ថវិកាជាតិប្រមាណ៣០០លានដុល្លារអាមេរិក ដើម្បីជួសជុលកែលម្អផ្លូវចំនួន៣៤ខ្សែ មានប្រវែងសរុបជាង៨២គីឡូម៉ែត្រ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផងដែរ៕









