តុលាការសាលាដំបូងខេត្តត្បូងឃ្មុំ បានសម្រេចផ្តន្ទាទោសអតីតសកម្មជនគណបក្សសង្គ្រោះជាតិ៥នាក់ឱ្យជាប់ពន្ធនាគារ៧ឆ្នាំ និង២នាក់ទៀតជាប់ពន្ធនាគារចំនួន៥ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសរួមគំនិតក្បត់។
កាលពីថ្ងៃម្សិលមិញ សាលាដំបូងខេត្តត្បូងឃ្មុំ បានប្រកាសសាលក្រមលើសំណុំរឿង «រួមគំនិតក្បត់» ដែលត្រូវបានចោទទៅលើអតីតសកម្មជនបក្សប្រឆាំង៧នាក់ ក្នុងនោះមានម្នាក់បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាហើយ។
អ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំ លោក ថេង ជាង មានប្រសាសន៍កាលពីរសៀលថ្ងៃម្សិលមិញថា តុលាការសាលាដំបូងខេត្ត បានសម្រេចផ្តន្ទាទោសអតីតសកម្មជនបក្សប្រឆាំងចំនួន៥នាក់ ឱ្យជាប់ពន្ធនាគារ៧ឆ្នាំ។ លោកបន្តថា ចំពោះអតីតសកម្មជនបក្សសង្គ្រោះជាតិចំនួន២នាក់ទៀត តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ ប៉ុន្តែទោសនោះត្រូវបានព្យួរ។
លោក ថេង ជាង បញ្ជាក់ថា៖ «ក្នុងនោះ តុលាការសម្រេចផ្តន្ទាទោសឈ្មោះ គង់ សំអាន, មាន ឡា, ស៊ីម ស៊ាងឡេង, យ៉ែម វណ្ណណែត និង ចក់ ហួរ ដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ។ ដោយឡែក ជនជាប់ចោទពីររូបទៀតឈ្មោះ ជឹម វណ្ណៈ និងឈ្មោះ វ៉ាន់ សុផាត់ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ តែទោសនេះត្រូវបានព្យួរ»។
បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះ ក្នុងចំណោមអតីតសកម្មជនបក្សប្រឆាំងទាំង៧នាក់នោះ មាន៤នាក់បានរត់គេចខ្លួន និងមានម្នាក់ឈ្មោះ គង់ សំអាន កំពុងជាប់ឃុំនៅពន្ធនាគារបន្ទាប់ពីបានចាប់ខ្លួនកាលពីដើមខែកញ្ញា ខណៈ២នាក់ទៀតពុំបានគេចខ្លួនទៅណាឡើយ។
ការប្រកាសសាលក្រមនេះ បានធ្វើឡើងក្រោយពីតុលាការបានបើកសវនាការជម្រះក្តីលើសំណុំរឿងនេះ កាលពីថ្ងៃទី១១ ខែកញ្ញា។
កាលពីរសៀលថ្ងៃម្សិលមិញនេះដែរ អ្នកសារព័ត៌មាននិងអ្នកឃ្លាំមើលសិទ្ធិមនុស្សមកពីអង្គការលីកាដូ មិនត្រូវបានអនុញ្ញាតឱ្យចូលបន្ទប់សវនាការក្នុងអំឡុងពេលប្រកាសសាលក្រមនោះទេ ហើយមេធាវីការពារក្តីឱ្យអតីតសកម្មជនគណបក្សសង្គ្រោះជាតិ គឺលោក សំ សុគង់ ក៏មិនបានចូលរួមស្តាប់ការប្រកាសសាលក្រមនោះដែរ។
អ្នកស្រី គង់ មួយលី អាយុ៣១ឆ្នាំ ជាកូនស្រីរបស់លោក គង់ សំអាន បាននិយាយថា អ្នកស្រីមិនអាចទទួលយកបាននូវការប្រកាសសាលក្រមរបស់តុលាការដែលផ្តន្ទាទោសឪពុករបស់គាត់បានទេ និងថាជារឿងអយុត្តិធម៌។
អ្នកស្រីបន្តថា៖ «ខ្ញុំពឹងលើគាត់ហ្នឹងហើយ ឥលូវគាត់ជាប់ពន្ធនាគារទៀត តើខ្ញុំរស់ពឹងលើអ្នកណា! អយុត្តិធម៌ណាស់»។
អំឡុងពេលដែលតុលាការប្រកាសសាលក្រមនេះដែរ ក្រុមប្រជាពលរដ្ឋប្រមាណជិត១០០នាក់ បាននាំគ្នាទៅប្រមូលផ្តុំនៅសាលាដំបូងខេត្តត្បូងឃ្មុំ ក្នុងនោះមានពលរដ្ឋប្រមាណ៤០នាក់ មកពីស្រុកមេមត់ ដែលជាស្រុកកំណើតរបស់លោក សំអាន។
បើតាមលោក សំ សុគង់ មេធាវីការពារក្តីឱ្យអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ក្រោយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ មានសំណុំរឿងជិត៣០០ រងការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ហើយបច្ចុប្បន្ននៅមានសកម្មជនបក្សប្រឆាំងជាង២០នាក់ទៀត កំពុងជាប់ឃុំ៕