នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើដល់ប្រទេសរុស្ស៊ីផ្តល់នូវជំនួយថ្នាំវ៉ាក់សាំងកូវីដ១៩ដល់កម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេស។
ការស្នើនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា កម្ពុជា អបអរសាទរចំពោះរុស្ស៊ីដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ (Covid-19)។
លោកបន្តថា ការរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ នឹងអាចជួយដល់ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ ដែលកំពុងធ្វើឱ្យមានបញ្ហាប្រឈមជាច្រេីន រួមទាំងបញ្ហាសេដ្ឋកិច្ច សង្គម និងការទំនាក់ទំនងរវាងប្រទេសជាច្រេីននៅក្នុងពិភពលោក។
លោកនាយករដ្ឋមន្ត្រីក៏បានស្នេីសុំដល់រុស្សីផ្តល់នូវជំនួយថ្នាំវ៉ាក់សាំងកូវីដ១៩ដល់កម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេស។
ក្នុងជំនួបនេះដែរ ភាគីទាំងពីរក៏បានលើកឡើងពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី ដែលគិតមកដល់ពេលនេះ មានរយៈពេល៦៤ឆ្នាំមកហើយ។
លោក អាណាថូលី បូរូវីក បានបញ្ជាក់ថា រុស្ស៊ីនឹងបន្តប្រឹងប្រែងឱ្យអស់ពីសមត្ថភាពធ្វើយ៉ាងណា ដើម្បីពង្រឹងចំណងមិត្តភាពនិងសហប្រតិបត្តិការដែលមានស្រាប់នេះ ឱ្យមានការរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត និងវិស័យដទៃទៀតដែលនាំមកនូវការរីកចម្រើនសម្រាប់ប្រទេសទាំង២។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមម៉ោង០៧ព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប២៧៥នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៧៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០១នាក់៕









