ក្រសួងសុខាភិបាល ណែនាំឱ្យពង្រឹងបន្ថែមលើការលើកកម្ពស់ គាំទ្រ និងការពារការបំបៅកូនដោយទឹកដោះម្តាយ ខណៈថ្មីៗនេះ ក្រសួងសង្កេតឃើញមានម្តាយមួយចំនួន បានត្អូញត្អែរពីបញ្ហាសុខភាពកូនៗបន្ទាប់ពីបានបំបៅទឹកដោះគោម្សៅផ្សំតាមរូបមន្ត។
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានលើកឡើងថា ថ្មីៗនេះ ម្តាយមួយចំនួនបានត្អូញត្អែរពីសុខភាពកូនៗ ដោយថា បន្ទាប់ពីបានបំបៅទឹកដោះម្សៅតាមរូបមន្តផ្សំរួចមក កូនៗរបស់ពួកគាត់មានបញ្ហាស្លេកស្លាំងដោយសារមានបញ្ហាកង្វះជាតិដែក។
ក្រសួងបានបន្តថា ភស្តុតាងវិទ្យាសាស្ត្របានបង្ហាញច្បាស់ថា ទឹកដោះម្តាយជាអាហារដ៏ល្អឥតខ្ចោះសម្រាប់ទារកនិងកុមារគ្រប់កាលៈទេសៈទាំងអស់ ហើយគ្មានផលិតផលណាមួយរួមទាំងទឹកដោះគោម្សៅផ្សំតាមរូបមន្តផងដែលល្អប្រសើរជាងទឹកដោះម្តាយនោះទេ។
ក្រសួងថា៖ «ទឹកដោះម្តាយមានផ្ទុករាល់សារធាតុចិញ្ចឹមទាំងអស់ដែលទារកត្រូវការ ដោយមិនបាច់បន្ថែមអាហារ ទឹក ឬភេសជ្ជៈអ្វីទៀតទេ នៅក្នុងអំឡុងពេល៦ខែដំបូងនៃជីវិតទារក»។
ក្រសួងបានបន្ថែមថា ការបំបៅកូនដោយផលិតផលជំនួសទឹកដោះម្តាយ រួមទាំងទឹកដោះគោម្សៅផ្សំតាមរូបមន្ត អាចបង្កហានិភ័យជាច្រើនចំពោះកុមារ ដូចជា ជំងឺរាគ ជំងឺសួត ជំងឺហឺត ពិន្ទុភាពឆ្លាតវៃចុះខ្សោយ ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង បញ្ហាលើសទម្ងន់ និងធាត់ជ្រុលជាដើម។
ករណីនេះ ក្រសួងសុខាភិបាល បានជំរុញឱ្យមានការលើកកម្ពស់ គាំទ្រ និងការពារការបំបៅទឹកដោះម្តាយ តាមគោលនយោបាយចំនួន៣ រួមមាន ការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាមអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល៦ខែដំបូងនៃជីវិត និងបន្តបំបៅកូនដោយទឹកដោះម្តាយរហូតដល់កុមារអាយុ២ឆ្នាំឬលើស និងការផ្តល់អាហារបន្ថែមនៅពេលកុមារមានអាយុចាប់ពី៦ខែឡើងទៅ។
ក្រសួងក៏បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងធ្វើការផ្នែកគាំពារមាតានិងទារក ត្រូវបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរ ដើម្បីធានាឱ្យបាននូវអាហារូបត្ថម្ភល្អសម្រាប់មាតានិងកុមារ។
ក្រសួងណែនាំបន្ថែមថា៖ «បង្កើនយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយ និងហានិភ័យការបំបៅកូនដោយទឹកដោះគោម្សៅផ្សំតាមរូបមន្ត ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រួមទាំងមូលដ្ឋានសុខាភិបាលសាធារណៈនិងឯកជន»។
តាមរយៈអត្ថបទស៊ើបអង្កេតរបស់វីអូឌីដែលចេញផ្សាយកាលពីថ្ងៃទី២០ ខែឧសភា រកឃើញថា ជាង៩០%ក្នុងចំណោមកុមារ៣៤នាក់ដែលរងគ្រោះដោយសារជំងឺនេះ បានបៅទឹកដោះគោម៉ាក នុតទ្រីលែតស៍១ (Nutrilatt 1)។
ក្រុមឪពុកម្ដាយកុមារដែលធ្លាក់ខ្លួនឈឺជំងឺស្លេកស្លាំងដោយកង្វះជាតិដែកធ្ងន់ធ្ងរ បានដាក់ពាក្យប្ដឹងទៅកាន់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៧ ខែកក្កដា ដើម្បីស្វែងរកការត្រួតពិនិត្យគុណភាពទឹកដោះគោដែលជាមូលហេតុបង្កជំងឺ។
អង្គភាពជំនាញនៃក្រសួងពាណិជ្ជកម្ម បានយកទឹកដោះគោនុតទ្រីលែតស៍លេខ១ ទៅពិសោធនៅមន្ទីរពិសោធន៍ឯករាជ្យមួយឈ្មោះ Eurofins Food Testing Singapore Pte Ltd ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
នៅថ្ងៃទី៣ ខែកញ្ញា ក្រសួងពាណិជ្ជកម្ម បានហាមឃាត់ការចែកចាយម្សៅទឹកដោះគោយីហោ Nutrilatte បន្ទាប់ពីលទ្ធផលពីមន្ទីរពិសោធន៍សិង្ហបុរីរកឃើញថា ផលិតផលជំនួសទឹកដោះម្ដាយប្រភេទនេះ មិនមានផ្ទុកសារធាតុដែកគ្រប់គ្រាន់ទៅតាមស្ដង់ដារដែលតម្រូវនោះឡើយ។
មួយសប្តាហ៍ក្រោយមក ក្រុមហ៊ុនម្សៅទឹកដោះគោ Nutrilatt ក៏បានប្រកាសទទួលស្គាល់ថា ផលិតផលជំនួសទឹកដោះម្ដាយរបស់ខ្លួនមានបញ្ហា ហើយប្រកាសទទួលខុសត្រូវលើផលប៉ះពាល់ទៅលើទារកដែលបានទទួលទានផលិតផលរបស់ខ្លួន។
អង្គការក្រៅរដ្ឋាភិបាលចំនួន៣ រួមមាន មូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) អង្គការសុខភាពពិភពលោក (WHO) អង្គការ Helen Keller អន្តរជាតិ (HKI) បានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃទី៧ ខែកញ្ញា ដោយជំរុញរដ្ឋាភិបាលឱ្យគ្រប់គ្រងតឹងរ៉ឹងលើការលក់ផលិតផលជំនួសទឹកដោះម្ដាយ។
សេចក្តីថ្លែងការណ៍បន្តថា លទ្ធផលតេស្តលើទឹកដោះគោនុតទ្រីលែត គឺជាការក្រើនរំឭកពីសារៈសំខាន់នៃការគ្រប់គ្រងដ៏តឹងរ៉ឹងលើការលក់ផលិតផលជំនួសទឹកដោះម្ដាយ ហើយប្រសិនបើកុមារមិនទទួលបាននូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេនោះ ពួកគេនឹងមិនអាចលូតលាស់បានល្អលើផ្នែករាងកាយនិងស្មារតីទ្បើយ៕