UN​ជំរុញ​​កម្ពុជា​​ប្រកាន់​​ខ្ជាប់​​លទ្ធិ​ប្រជា​ធិប​តេយ្យ​​សេរី​​ពហុ​បក្ស​ ស្រប​​ពេល​​ខួប​២៧​ឆ្នាំ​​នៃ​​រដ្ឋ​ធម្មនុញ្ញ​ ​

ក្រុមអ្នកដាក់ញត្តិតវ៉ាមួយក្រុម បាននាំគ្នាមកដាក់ញត្តិនៅស្នាក់ការអង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីឆ្នាំ២០១៧។ (ហេង វិចិត្រ)

អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ជំរុញ​ឱ្យ​កម្ពុជាបន្ត​ប្រកាន់​ខ្ជាប់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​គោរព​សិទ្ធ​មនុស្ស ស្របតាម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​សេចក្តី​ប្រកាស​ស្តី​ពី​សិទ្ធិមនុស្សដែល​កម្ពុជា​បាន​ទទួលស្គាល់។

ការជំរុញ​នេះបាន​ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជាប្រារព្ធ​ខួប២៧ឆ្នាំ​នៃ​ការប្រកាស​ឱ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​កម្ពុជា នៅ​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ។

អង្គការសហប្រជាជាតិ បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «អង្គការសហប្រជាជាតិ លើកទឹកចិត្ត​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ប្រកាន់​ខ្ជាប់និង​គោរព​សិទ្ធិមនុស្សដែល​មាន​ចែង​នៅក្នុង​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ សេចក្តី​ប្រកាស​ជាស​កល​ស្តី​ពី​សិទ្ធិមនុស្ស សន្ធិសញ្ញា​អន្តរជាតិ​នានា ក៏ដូចជា​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​ត្រូវ​បាន​ទទួលស្គាល់និង​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន»។

រដ្ឋធម្មនុញ្ញ​កម្ពុជា ជំពូក​ទី៤ និយាយ​អំពី​របបនយោបាយ មាត្រា៥១ ចែងថា៖ «ព្រះរាជាណាចក្រ​កម្ពុជា អនុវត្តន​យោ​បាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស។ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេសជាតិ​របស់​ខ្លួន។ អំណាច​ទាំងអស់ជា​របស់​ប្រជាពលរដ្ឋ»។

ប្រធាន​គណៈកម្មា​ធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើ​ពុក​រលួួយ លោកស្រី ម៉ម ស៊ី​ថា និយាយ​ថា ក្រោយពី​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​រយៈពេល២៧ឆ្នាំ​មកនេះ កម្ពុជា​ហាក់​នៅ​មិនទាន់​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ឱ្យ​បាន​ពេញលេញ​នៅឡើយ ដោយសារ​ការអនុវត្ត​ច្បាប់​នៅ​មាន​ភាព​ទន់ខ្សោយ ដែល​ជំរុញ​ឱ្យ​មាន​វិវាទ​ក្នុង​សង្គមនិង​មានការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទៅលើ​អ្នក​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល។ 

លោក​​ស្រី​ថា៖ «តុលាការ​មិន​ឯករាជ្យ វា​ធ្វើ​ឱ្យ​សង្គម​វឹកវរ​អ៊ីចឹង កុំ​អះអាង​ណា! គ្មាន​ទេ​នីតិរដ្ឋ គ្មាន​ទេ​ប្រជាធិបតេយ្យ វា​មានតែ​ការរំលោភ វា​មានតែ​ការ​ចាប់ វា​មានតែ​ការ​ចង​អ៊ីចឹង»។

ចំណែកប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៅ​សមា​គម​អាដ​ហុក លោក នី សុខា សង្កេតឃើញ​ថា ការអនុវត្ត​រដ្ឋធម្មនុញ្ញ​ជិត៣០ឆ្នាំ​មកនេះ កម្ពុជាមាន​សិទ្ធិ​សេដ្ឋកិច្ចនិង​សង្គម​ល្អ​ប្រសើរ ប៉ុន្តែ​សិទ្ធិពល​រដ្ឋនិង​សិទ្ធិ​នយោបាយមានការ​ធ្លាក់ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ ស្រប​ពេល​មានការ​រំលាយ​គណបក្ស​ប្រឆាំង ហើយ​ជំនួស​មកវិញ​ដោយ​រដ្ឋាភិបាល​ឯក​បក្ស។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ ក៏បាន​លើកឡើង​ដែរ​ថា ក្រោយពី​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន២០ភាគរយ​រួចមក កម្ពុជា​មានការ​ខាតបង់​ច្រើន ហើយ​កម្ពុជា​អាច​នឹង​បន្ត​ខាតបង់​ទៀត ប្រសិនបើ​រដ្ឋាភិបាលមិន​ស្តារ​ប្រទេស​ឱ្យ​វិល​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​វិញ ដូចដែល​សហគមន៍​អន្តរជាតិ​ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កំពុង​ជំរុញ​ទេ​នោះ។

លោក​ថា៖ «ដូច្នេះ ​បើសិនជា​យើង ​[រដ្ឋាភិបាល​] អនុវត្ត​សិទ្ធិមនុស្សនិង​ប្រជាធិបតេយ្យ​ហ្នឹង​មិនបាន​ត្រឹមត្រូវ​ទេ អាហ្នឹង​វា​ចូល​ទៅដល់​លក្ខណៈ​កាតព្វកិច្ច​អន្តរជាតិ»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា លោក ជិន ម៉ា​លីន និយាយ​ថា អ្វី​ដែល​អង្គការសហប្រជាជាតិ​បាន​លើកឡើង​នេះ ជា​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជាបាន​និង​កំពុង​ធ្វើ ហើយក៏​នឹង​បន្ត​ធ្វើ​ក្នុង​តួនាទី​ជា​ប្រទេសដែល​បាន​ទទួលស្គាល់​សន្ធិសញ្ញា​អន្តរជាតិ​ទាំងនោះ។

ជាមួយគ្នា​នេះ​ដែរ លោក​ក៏បាន​ច្រានចោល​ការវាយតម្លៃ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដោយ​អះអាង​ថា ការវាយតម្លៃ​នោះមិនបាន​វិភាគ​ឱ្យ​បាន​ស៊ីជម្រៅ​ទៅលើ​គោល​ការណ៍​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​សន្និដ្ឋាន​ខុស​ទៅលើ​សមត្ថកិច្ចដែល​អនុវត្ត​ច្បាប់និង​ពង្រឹង​នីតិរដ្ឋ​តប​តាម​រដ្ឋធម្មនុញ្ញ។

លោក​ថា៖ «យើង​ឃើញ​ជំងឺសង្គម​យើង​សព្វថ្ងៃ ការ​ព្យាយាម​បកស្រាយ​ច្បាប់​រដ្ឋធម្មនុញ្ញ​តាមទំនើងចិត្ត ដើម្បី​ការពារ​ទង្វើ​ល្មើសច្បាប់​របស់​ខ្លួន ដូចជា សកម្មភាព​ល្មើសច្បាប់​របស់​ខ្លួនដែល​ត្រូវ​ប្រឈម​ផ្លូវច្បាប់ បែរជា​នាំគ្នា​បកស្រាយ​ថា អាហ្នឹង​ជា​ការអនុវត្ត​សិទ្ធិ​តាម​បែប​រដ្ឋធម្មនុញ្ញ​វិញ»។

នាយក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក ប៉ា ចន្ទ​រឿន មានប្រសាសន៍​ថា រដ្ឋធម្មនុញ្ញជា​មូលដ្ឋាន​គ្រឹះ​នាំ​កម្ពុជា​ទៅ​រក​សុខ​សន្តិភាពនិង​ការ​អភិវឌ្ឍ​ប្រកបដោយ​តម្លាភាព។

ប៉ុន្តែ​លោក​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិទ្ធិ​មនុស្សនិង​លំ​ហប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ធ្លាក់ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ ប្រឈម​នឹង​ការបែកបាក់​ជាតិ ក្រោយពី​អ្នកនយោបាយបាន​កែ​រដ្ឋធម្មនុញ្ញ​ច្រើនដងតប​តាម​ការ​ចង់បាន​របស់​ខ្លួន ជាពិសេស​ក្រោយ​ការ​រំលាយ​អតីត​គណបក្ស​ប្រឆាំង​អំឡុង​ចុងឆ្នាំ២០១៧។

លោក​ថា៖ «ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ហើយ​ថា វា​គ្មាន​របប​ណា​ដែល​ល្អ​ជាង​របប​ប្រជាធិបតេយ្យ ដែល​ឈរ​លើ​គោលការណ៍​គោរព​សិទ្ធិមនុស្ស សេរីភាព និង​យុត្តិធម៌​ទេ សម្រាប់​ស្រុកខ្មែរ​នោះ បើសិន​យើង​ដើរ​ហួសគន្លង​ហ្នឹង ​វា​នឹង​ធ្វើ​ឱ្យ​ប្រទេស​យើង​ធ្លាក់ទៅក្នុង​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ រហូតដល់​ការកាប់សម្លាប់គ្នា​ដូច​សម័យ ​ប៉ុ​ល ព​ត ក៏​ថា​បាន​ដែរ»។

ទោះ​យ៉ាងណា ប្រធាន​រដ្ឋសភា លោក ហេង សំ​រិន បាន​លើកឡើង​ក្នុង​ហ្វេសប៊ុក​របស់​លោក​ថា ក្នុងរយៈពេល២៧ឆ្នាំ​មកនេះ រដ្ឋសភាដែល​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ បាន​បំពេញ​តួនាទី​របស់​ខ្លួន​ស្របតាម​រដ្ឋធម្មនុញ្ញ ដោយ​បាន​តាក់តែង​និង​អនុម័ត​ច្បាប់សរុប​បាន​ចំនួន៥៧៥ច្បាប់ សំដៅ​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​សង្គមជាតិ ទាំង​ក្នុង​ផ្នែក​នយោបាយ សង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទំនាក់ទំនង​អន្តរជាតិ។

លោក​បាន​គូសបញ្ជាក់​ថា៖ «ក្នុង​ន័យ​នេះ ចូរ​យើង​រួមគ្នា​បន្ត​គោរព ការពារ ​និង​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ សំដៅ​កសាងនិង​លើកកម្ពស់​នីតិរដ្ឋ ជា​កោះសន្តិភាព មានការ​អភិវឌ្ឍ និង​រុងរឿង​រហូត​តទៅ»។

ចំណែកលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ក្នុង​ហ្វេសប៊ុក​របស់​លោក​ដែរ​ថា រដ្ឋធម្មនុញ្ញគឺជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ច្បាប់និង​សេចក្តី​សម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត។

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន១៦ជំពូកនិង១៥៨មាត្រា។ ចាប់ពី​រដ្ឋធម្មនុញ្ញត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ១៩៩៣មក ច្បាប់​កំពូល​មួយ​នេះត្រូវ​បាន​ធ្វើ​វិសោធនកម្ម៩ដង​ហើយ ដែល​ការ​កែ​នោះបាន​ធ្វើឡើង​ពេល​ជាប់​គាំង​នយោបាយក្រោយ​ការបោះឆ្នោត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ