ថៃ​ណែ​នាំ​ម្ចាស់​អាជីវ​កម្ម​ឱ្យ​ឈប់​ជួល​កម្លាំង​ពលកម្ម​ជា​ជន​បរទេស​

កងកម្លាំងរក្សាសន្តិសុខ ឃាត់ខ្លួនពលករចំណាកស្រុកពីប្រទេសមីយ៉ាន់ម៉ា អំឡុងខែកញ្ញា ឆ្នាំ២០២០។ (Bangkok Post/ Assawin Pinitwong)

អាជ្ញាធរថៃបង្កើនការរឹតបន្តឹងនៅតាមព្រំដែន​ជាមួយប្រទេសជិតខាង និងណែនាំដល់ម្ចាស់អាជីវកម្មឱ្យឈប់ជួលកម្លាំងពលកម្មជាជនបរទេស ព្រោះបារម្ភខ្លាចមានការឆ្លងរាលដាលមេរោគកូវីដ១៩រលកទី២នៅក្នុងប្រទេសនេះ។​

​នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ថៃ បានណែនាំទៅម្ចាស់អាជីវកម្មទាំងអស់ឱ្យបញ្ឈប់ការជួលកម្លាំងពលកម្មជាជនបរទេស ដោយលើកឡើងថា ការពារកុំឱ្យមានការឆ្លងមេរោគកូវីដ១៩ក្នុងដំណាក់កាលទី២ នៅក្នុងប្រទេសថៃ។​ នេះបើតាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍។​

លោក Suwannachai Wattanayingcharoenchai នាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង លើកឡើងបែបនេះ បន្ទាប់ពីឃើញមានករណីផ្ទុះការឆ្លងរាលដាលរលកទី២នៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺកាលពីថ្ងៃពុធម្សិលមិញ មានអ្នកឆ្លងថ្មីរហូតដល់៥៩២នាក់។​

លោក Suwannachai បញ្ជាក់ថា ស្របពេលដែលមីយ៉ាន់ម៉ាមានការឆ្លងកើនឡើងនេះ នៅក្នុងប្រទេសឥណ្ឌា ចរន្តនៃការឆ្លងក៏កើនឡើងវិញដែរ គឺជាមធ្យមក្នុង១ថ្ងៃមានដល់ទៅប្រមាណ១០០ ០០០នាក់ គឺជាការឆ្លងថ្មីដែលគួរឱ្យបារម្ភ។​ លោកបានក្រើនរំឭកដល់មន្ត្រីនៅតាមព្រំដែនទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្នឱ្យបានម៉ត់ចត់បំផុត។​

ចំណែកប្រទេសម៉ាឡេស៊ី មានព្រំដែនជាប់ជាមួយថៃដែរនោះ បច្ចុប្បន្នក៏កំពុងតែមានការឆ្លងរាលដាលនៃមេរោគកូវីដ១៩កើនឡើងជាលំដាប់ដែរ។​

ក្នុងស្ថានភាពនៃការឆ្លងរាលដាលនៃមេរោគកូវីដ១៩នេះ ប្រជាជននៃប្រទេសជិតខាង បានលួចឆ្លងដែនទៅរកការងារធ្វើនៅក្នុងប្រទេសថៃដោយខុសច្បាប់ជាបន្តបន្ទាប់។

បើផ្អែកលើរបាយការណ៍របស់អង្គការសង់ត្រាល់ គឺរយៈពេល៣ខែចុងក្រោយនេះ ពលរដ្ឋខ្មែរដែលលួចឆ្លងដែនទៅរកការងារធ្វើនៅក្នុងប្រទេសថៃ មានជាង១ពាន់នាក់ (១ ១៨៨នាក់) ហើយត្រូវអាជ្ញាធរថៃចាប់ខ្លួនបាន។​ ក្នុងនោះ ពាក់កណ្តាលគឺត្រូវជាប់ពន្ធនាគារនៅក្នុងប្រទេសថៃ ចំណែកពាក់កណ្តាលទៀតត្រូវបញ្ជូនមកកម្ពុជាវិញ។​

របាយការណ៍អង្គការសង់ត្រាល់បង្ហាញថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរដែលធ្វើការងារនៅក្នុងប្រទេសថៃ ទាំងស្របច្បាប់និងមិនស្របច្បាប់ មានចំនួន​ប្រមាណ២លាននាក់។​

ទាំងពលករខ្មែរ ក៏ដូចជាពលករជនជាតិផ្សេងៗទៀតនៅក្នុងប្រទេសថៃ ក្នុងស្ថានភាពនៃការឆ្លងរាលដាលមេរោគកូវីដ១៩នេះ ក៏ជួបការលំបាកក្នុងការស្វែងរកការងារធ្វើដែរ ដោយអ្នកខ្លះថយចុះចំណូលពាក់កណ្តាល អ្នកខ្លះបាត់បង់ចំណូលទាំងស្រុង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ