សមត្ថ​កិច្ច​​ខេត្ត​ស្វាយ​រៀង​​ចាប់​​នគរ​បាល​​ម្នាក់​​ជាង​២​ខែ ក្រោយ​​ប៉ុន​ប៉ង​​រំលោភ​​ក្មេង​ស្រី​​អនីតិជន​​ម្នាក់​

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​អង្គ​តា​សូរ លោក ម៉ៅ វីរៈ ក្រោយឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង)

​មេន​គរ​បាល​ខេត្តស្វាយរៀង បាន​ឱ្យដឹង​ថា មន្ត្រី​នគរបាល​មូលដ្ឋាន​ម្នាក់​នៅ​ស្រុក​ស្វាយជ្រំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃនេះ ក្រោម​បណ្ដឹង​ចោទ​ថា បាន​បំពាន​ផ្លូវ​ភេ​ទកេ្មង​ស្រី​អនីតិជន​មួយ​រូប​កាលពី​ខែកក្កដា​កន្លងមក​នេះ។

ស្នងការ​នគរបាល​ខេត្តស្វាយរៀង លោក កឹង ឃន បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា សមត្ថកិច្ច​បានឃាត់​ខ្លួន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​អង្គ​តា​សូរ លោក ម៉ៅ វីរៈ នៅ​ថ្ងៃនេះ ហើយ​កសាង​សំណុំរឿង​តាម​នីតិវិធីទៅតាម​បណ្ដឹង​របស់​ក្រុម​គ្រួសារ​ក្មេងស្រី​រងគ្រោះ។

នៅពេល​វី​អូ​ឌី​ព្យាយាម​សាកសួរ​បន្ថែម​អំពី​ការ​ចាប់ខ្លួន​មន្ត្រី​នគរបាល​រូប​នេះ លោក កឹង ឃន បាន​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត។

ប៉ុន្តែចំណាត់ការ​ទៅលើ​មន្ត្រី​នគរបាល​មូលដ្ឋាន បាន​កើតឡើង​ជាង២ខែក្រោយ​ករណី​បំពាន​ផ្លូវភេទ​លើ​ក្មេងស្រី​អនីតិជន​ និង​ក្រោយពី​ក្រុម​គ្រួសារ​ក្មេងស្រី​រងគ្រោះបាន​ព្យាយាម​ដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​នានា។

លោក កែវ សុ​ខាន វ័យ៦០ឆ្នាំ​ ដែល​អះអាង​ជា​ឪពុកបង្កើត​ក្មេងស្រី​អនីតិជន បាន​ឱ្យដឹង​ថា កូនស្រី​របស់​លោក​អាយុ១៥ឆ្នាំ នៅផ្ទះ​ម្នាក់ឯង ហើយ​លោកនិង​ភរិយា​បាន​ទៅ​ចូលរួម​ពិធី​មង្គលការ​កូន​អ្នកភូមិ នៅពេល​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាន​បំពាន​ផ្លូវភេទ​កូនស្រី​របស់​លោក។

បុរស​រូប​នេះបាន​រៀបរាប់​បន្ត​ថា នៅ​ម៉ោង​ប្រហែល៧និង៣០នាទី​យប់ កូនស្រី​របស់​គាត់​ប្រាប់​ថា មន្ត្រី​នគរបាល​ឈ្មោះ ម៉ៅ វីរៈ រស់នៅ​ផ្ទះ​ជិត​គ្នា បាន​លួចចូល​ទៅ​ក្នុង​ផ្ទះចាប់​ឱបកូន​ស្រី​របស់​គាត់និង​ស្ទាប​គ្រប់សព្វ​លើ​រាងកាយ។ ក្រោយមក ​មាន​ម៉ូតូ​អ្នកភូមិ​ធ្វើដំណើរ​ឆ្លងកាត់ ទើប​ជនល្មើស​ឈប់​ធ្វើសកម្មភាព ហើយ​កូនស្រី​គាត់​បាន​រត់​ទៅផ្ទះ​អ្នកភូមិ​ដែល​នៅ​ជិត​គ្នា ពឹងឱ្យជួយ​ប្ដឹងទៅ​សមត្ថកិច្ច​អន្តរា​គម​ន៍​ភ្លាម​ៗផង​ដែរ។ ប៉ុន្តែមិន​មាន​ចំណាត់ការ​ពី​នគរបាល​រូប​នោះ​ទេ បាន​ត្រឹមតែ​សម្របសម្រួល​ឱ្យជនល្មើស​ទៅផ្ទះ​វិញ។

លោក​បន្ត​ថា គាត់​បាន​ដាក់ពាក្យ​ប្តឹង​ទៅ​ប៉ុស្តិ៍​នគរបាល​ក្រោលគោ ​កាលពី​ថ្ងៃទី២០ ខែកក្កដា ហើយ២ថ្ងៃបន្ទាប់​មក​ទៀត លោក​ក៏បាន​ដាក់ពាក្យ​ប្តឹង​ទៅ​អធិការ​ស្រុក​ស្វាយជ្រំ មុននឹង​ដាក់​បណ្ដឹង​មួយទៀត​ទៅ​តុលាការខេត្ត​ស្វាយរៀង​នៅ​ថ្ងៃទី១២ ខែសីហា​កន្លងមក ប៉ុន្តែលោក​ថា មិន​មាន​ចំណាត់ការ​នោះ​ទេ បាន​ត្រឹមតែ​សម្របសម្រួល​តែ​ប៉ុណ្ណោះ។

លោក​ប្រាប់​ថា តុលាការ​បញ្ជា​ទៅ​សមត្ថកិច្ច​ឱ្យចាប់ខ្លួន​ជនល្មើស​យក​ទៅ​ចាត់វិធានការ​ច្បាប់​នៅ​ថ្ងៃទី២៥ ខែកញ្ញា​នេះ។

លោក សុ​ខាន អំពាវនាវ​ទៅ​សមត្ថកិច្ច​ឱ្យបញ្ជូន​ជនល្មើស​ទៅ​តុលាការ​ចាត់​វិធាន​ការ​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​លោក។

លោក​អំពាវនាវ​ដូច្នេះ​ថា៖ «ឱ្យយក​ទៅ​ដោះស្រាយ​តាមច្បាប់ ដើម្បី​សុំ​ឱ្យ​កែប្រែ កុំ​ឱ្យថ្ងៃក្រោយ​មិន​ចោល​ក្បួន បាន​ខ្ញុំ​មិន​ចង់​ដោះស្រាយ​ជា​សំណង​សម្រុះសម្រួល​តាំងពី​ថ្នាក់ក្រោម​ទៅដល់​លើ ទៅដល់​តុលាការ»។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដ​ូ លោក មុំ លីដា ដែល​អះអាង​ថា តាមដាន​ករណីនេះ​ផ្ទាល់ បាន​បញ្ជាក់​ថា មន្ត្រី​នគរបាល ម៉ៅ វីរៈ ពិតជា​ប៉ុនប៉ង​រំលោភ​ក្មេងស្រី​នោះ​ប្រាកដ​មែន។ លោក​ជំរុញ​ទៅ​តុលាការ​ចាត់វិធានការ​ច្បាប់​លើ​បុគ្គល​នោះឱ្យបាន​តឹង​រ៉ឹង ដើម្បីកុំឱ្យមាន​វប្បធម៌​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា។

លោក​ជំរុញ​ដូច្នេះ​ថា៖ «បើសិនជា​សមត្ថកិច្ច​មិន​អនុវត្ត​តួនាទី​របស់​ខ្លួនក្នុង​ការ​មាន​វិធានការ​ផ្លូវច្បាប់​ទៅលើ​ជនល្មើស​ទេ ធ្វើឱ្យបញ្ហា​ក្រោយ​ៗទៀត វា​អាច​កើតមាន​ទៀត។ ប្រសិនបើ​មាន​បទល្មើស​អញ្ចឹង​កើតឡើង វា​អាច​រួចខ្លួន ជនល្មើស​វា​បានចិត្ត អញ្ចឹង​អំពើ​និ​ទណ្ឌ​ភាព​វា​នៅតែ​មាន ធ្វើឱ្យអយុត្តិធម៌​ដល់​ជនរងគ្រោះ»។

ប្រសិនបើ​រក​ឃើញ​ទោស មន្ត្រី​នគរបាល​រូប​នេះនឹង​ត្រូវ​ជាប់ពន្ធ​នា​គារ​ចន្លោះ​ពី១ឆ្នាំទៅ៣ឆ្នាំ ហើយ​រង​ពិន័យ​ជា​ប្រាក់​ចន្លោះ​ពី២លានទៅ៦លាន​រៀល លើ​បទល្មើស​ប្រទូស​កេរ្តិ៍​ភេទ ដែល​មាន​ចែង​ក្នុង​​មាត្រា២៤៦នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ