ក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េ (KOICA) បានចុះហត្ថលេខាលើកំណត់ត្រាពិភាក្សាគ្នា ស្តីពីគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលផ្នែកជំងឺឆ្លងនៅកម្ពុជា ក្នុងគម្រោងទឹកប្រាក់ចំនួន៨,៥លានដុល្លារ។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកញ្ញានេះ ដោយមានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ជាមួយលោក RHO Hyunjun នាយកទីភ្នាក់ងារKOICA នៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ KOICA នៅថ្ងៃសុុក្រនេះ បានលើកឡើងថា គម្រោងថ្មីដែលមានថវិកាចំនួន៨,៥លានដុល្លារ សម្រាប់ពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីការពារ ស្រាវជ្រាវ និងឆ្លើយតបចំពោះជំងឺឆ្លងនៅកម្ពុជានេះ។
សេចក្តីប្រកាសព័ត៌មានបន្តថា តាមរយៈគម្រោងរយៈពេល៦ឆ្នាំនេះ ការិយាល័យមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា (USCDC) នឹងធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីពង្រឹងប្រព័ន្ធមន្ទីរពិសោធន៍ជាតិ កសាងសមត្ថភាពបុគ្គលិកសុខាភិបាលសាធារណៈ រួមទាំងអ្នកជំនាញផ្នែករោគរាតត្បាត ព្រមទាំងបង្កើតកម្មវិធីឆ្លើយតបបន្ទាន់នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
បើតាមសេចក្តីប្រកាសព័ត៌មាន នៅដំណាក់កាលទីមួយនៃគម្រោងរបស់ KOICA នេះ ត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០១៧ ដោយមានថវិកាចំនួន៣លានដុល្លារ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយ USCDC និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅកម្ពុជា។
ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ KOICA និង USAID បានអនុវត្តគម្រោងពង្រីកការចាក់ថ្នាំបង្ការនិងពង្រឹងប្រព័ន្ធនេះយ៉ាងខ្ជាប់ខ្ជួន នៅក្នុងខេត្តចំនួន៦ រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តក្រចេះ។
ក្រៅពីនោះ កិច្ចសហការរបស់ KOICA ជាមួយ USCDC បានធ្វើការគាំទ្រដល់ការកសាងប្រព័ន្ធមន្ទីរពិសោធន៍ជាតិ និងការកសាងសមត្ថភាពធនធានមនុស្សលើផ្នែកសុខភាពសាធារណៈ។
គួរបញ្ជាក់ថា KOICA បានបរិច្ចាគឧបករណ៍តេស្ត Real Time PCR ចំនួន៨,៦៤០តេស្ត និងបានផ្តល់ថវិកាចំនួន២០០,០០០ដុល្លារដល់រដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃការរាតត្បាតជំងឺកូវីដ-១៩នៅក្នុងប្រទេស។
កាលពីខែឧសភាកន្លងទៅ ម៉ាស់ពេទ្យជាង១៣០ ០០០ម៉ាស់ និងជែលលាងដៃសម្លាប់មេរោគ ត្រូវបានបរិច្ចាគបន្ថែមជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ ដែលជាមន្ទីរពេទ្យថ្នាក់ជាតិសម្រាប់ព្យាបាលជំងឺកូវីដ-១៩នៅរាជធានីភ្នំពេញ។
នៅក្នុងឆ្នាំនេះផងដែរ ការិយាល័យ KOICA នៅកម្ពុជា នឹងចំណាយប្រាក់១លានដុល្លារបន្ថែមទៀតដើម្បីគាំទ្រដល់កម្មវិធីការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា៕