បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន E-Get ជិត៥០០នាក់ នាំគ្នាប្រមូលផ្តុំនៅលើចិញ្ចើមផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ ដើម្បីទាមទារឲ្យថៅកែក្រុមហ៊ុនគោរពលក្ខខណ្ឌការងារ ដោយកុំកាត់បន្ថយថ្លៃសេវាដឹកជញ្ជូនទំនិញឲ្យភ្ញៀវចំនួន២០%ក្នុងមួយដង ឬមួយប៊ុង។
លោក លោក ញឹម ណាក់ ដែលអះអាងថា ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន E-Get និយាយថា កាលពីម្សិលមិញក្រុមហ៊ុនបានជូនដំណឹងដល់បុគ្គលិកថា នៅដើមខែតុលាខាងមុខនេះ ក្រុមហ៊ុននឹងកាត់ថ្លៃសេវាដឹកជញ្ជូនទំនិញផ្សេងៗទៅឲ្យភ្ញៀវពី១ដុល្លារ មកនៅត្រឹម៨០សេនវិញ។ ប៉ុន្តែពួកគេមិនព្រមទទួលយកការសម្រេចរបស់ក្រុមហ៊ុននោះទេ។
ករណីនេះ លោក ញឹម ណាក់ ស្នើទៅក្រុមហ៊ុនគោរពកិច្ចសន្យា និងរក្សានូវតម្លៃដើមវិញ ទើបពួកគេមានលទ្ធភាពទ្រទ្រង់ជីវភាពគ្រួសារបាន។
លោកស្នើដូចនេះថា៖ «តម្លៃ១ដុល្លារ ក្នុងមួយជើងគឺតម្លៃដើមពីមុន វាសមរម្យដែលយើងទទួលយកបានហើយ ប៉ុន្តែក្រុមហ៊ុនទម្លាក់មួយជើងនៅសល់ត្រឹម៣២០០រៀល (ស្មើ៨០សេន) យើងមិនអាចទទួលយកបានទេ ហើយលុយ១ដុល្លារដែលពួកខ្ញុំដឹកមិនមែនជាលុយក្រុមហ៊ុនទេ ជាលុយភ្ញៀវកម្មង់ឥវ៉ាន់ អញ្ចឹងបើក្រុហ៊ុនឲ្យតម្លៃដដែលបានសមរម្យ សម្រាប់ខ្ញុំចាយគ្រប់គ្រាន់»។
បុគ្គលិកម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ និយាយថា សេវាដឹកម្ហូបអាហារជូនអតិថិជនក្នុងមួយដង ចំនួន១ដុល្លារ សមរម្យ ព្រោះបុគ្គលិកម្នាក់អាចដឹកជញ្ជូនជំនិញជូនភ្ញៀវ ក្នុងមួយថ្ងៃ បានចន្លោះពី១០ទៅ១៥ដងតែប៉ុណ្ណោះ ដែលអាចធ្វើឲ្យពួកគេអាចរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារបានសមរម្យ។
កំឡុងពេលប្រមូលផ្តុំគ្នាតវ៉ា នៅព្រឹកនេះ ក្រុមហ៊ុនបានហៅតំណាងបុគ្គលិកផ្នែកដឹកជញ្ជូនទៅពិភាក្សាគ្នារកដំណោះស្រាយ។ ប៉ុន្តែនៅម៉ោងជិត១១ព្រឹកនេះ ភាគីក្រុមហ៊ុនសម្រេចរក្សាតម្លៃសេវាដឹកជញ្ជូន១ដង ស្មើ១ដុល្លារដដែល។
បុគ្គលិកម្នាក់ទៀត លោក ផ្លុង ធុយ បង្ហាញការរីករាយនៅពេលដែលពួកគេនាំគ្នាតវ៉ារហូតមានដំណោះស្រាយ។ លោកប្តេជ្ញាថានឹងខិតខំផ្តល់សេវាជូនអតិថិជនឲ្យបានល្អ ដើម្បីប្រយោជន៍ខ្លួនឯង នឹងក្រុមហ៊ុន។
លោកនិយាយថា៖ «ពួកខ្ញុំសប្បាយចិត្ត នៅពេលដែលក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន១ដងបាន១ដុល្លារវិញ ខ្ញុំនឹងខិតធ្វើការឲ្យបានល្អបន្ថែមទៀត ឲ្យរហ័ស ទាន់ចិត្តអតិថិជនដែលគាត់កម្មង់ ដើម្បីឲ្យការងារខ្លួនឯងល្អផង និងក្រុមហ៊ុនរីកចំរើនផង»។
បើតាមបុគ្គលិកដែលនាំគ្នាប្រមូលផ្តុំតវ៉ា បានអះអាងប្រហាក់ប្រហែលគ្នាថា បច្ចុប្បន្ននេះក្រុមហ៊ុនមានបុគ្គលិកសរុបជិត៥០០នាក់ ដែលធ្វើការចែកវេនគ្នា២៤ម៉ោងលើ២៤ម៉ោង ដើម្បីផ្តល់សេវាដឹកជញ្ជូនបាយ សម្លរ ភេសជ្ជៈ និងបង្អែម ជូនអតិថិជននៅក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ៕









