ក្រសួងសុខាភិបាល បានប្រកាសជាផ្លូវការថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១នាក់ បន្ថែមទៀតលើជនជាតិហុងគ្រី ដែលនាំឲ្យអ្នកឆ្លងកើនឡើងដល់២៧៥នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកញ្ញានេះ បានលើកឡើងថា ក្រសួងបានទទួលលទ្ធផលវិភាគពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីម៉ោង១០.៣០នាទីព្រឹកនេះ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី លើបុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។
បុរសរូបនោះ ជាអ្នកដំណើរពីប្រទេសបារាំង បន្តជើងហោះហើរតាមប្រទេសកូរ៉េខាងត្បូងបានមកដល់កម្ពុជានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល គិតត្រឹមព្រឹកថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២០នេះ មានមនុស្សចំនួន ២៧៦នាក់ហើយ ដែលត្រូវបានរកឃើញឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះអ្នកជំងឺ ២៧៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០១នាក់ និងនៅមន្ទីរពេទ្យខេត្តសៀមរាបចំនួន១នាក់៕









