ក្រសួងធនធានទឹក អំពាវនាវទៅប្រជាពលរដ្ឋរស់នៅទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ ត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានា ដែលអាចកើតឡើងដោយបាតុភូតធាតុអាកាសរយៈពេល៣ថ្ងៃ នៅចុងខែនេះ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី២៦ ខែកញ្ញានេះថា ស្ថានភាពធាតុអាកាសមានការវិវត្តប្រែប្រួល រហ័ស ដោយប្រព័ន្ធសម្ពាធទាប បានរំកិលអូសបន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម។
នៅថ្ងៃបន្តបន្ទាប់នេះ ប្រព័ន្ធសម្ពាធទាប នឹងរំកិលចុះមកក្រោម ឆ្លងកាត់លើភាគខាងជើងព្រះរាជាណាចក្រកម្ពុជា។
ករណីនេះ អាកាសធាតុនឹងមានការប្រែប្រួល ហើយភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ និងកើនឡើងជាលំដាប់ ស្ទើរក្របខណ្ឌទូទាំងប្រទេស ជាពិសេស នៅតំបន់ភាគពាយ័ព្យជាប់ប្រទេសថៃ និងខេត្តជាប់មាត់សមុទ្រ ដែលលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់ខ្លាំង ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃ២៩ ខែកញ្ញានេះ។
ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ អ្នកនេសាទ និងអ្នកដំណើរសមុទ្រទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានា ដែលអាចកើតឡើងដោយបាតុភូតធាតុអាកាសនេះ៕