អាជ្ញាធរខេត្តសៀមរាប បានព្រលែងសត្វប្រវឹកដែលចាប់បានពីការជួញដូរខុសច្បាប់ចំនួន៣៨២ក្បាល ចូលក្នុងតំបន់អភិរក្សនៃសហគមន៍ទេសចរណ៍បឹងឈូក ក្នុងស្រុកបន្ទាយស្រី។
កាលពីថ្ងៃទី២៦ ខែកញ្ញា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងនគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចាប់ឃាត់រថយន្តមួយគ្រឿង ពាក់ស្លាកលេខ ខម ដឹកសត្វព្រៃខុសច្បាប់ ដែលមានទិសដៅចេញពីច្រកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅរាជធានីភ្នំពេញ។
អធិការស្រុកប្រាសាទបាគង លោក លឹម សម្បត្តិ មានប្រសាសន៍នៅថ្ងៃចន្ទនេះថា សត្វប្រវឹកដែលសមត្ថកិច្ចបង្ក្រាបបាននោះមានជិត៥០០ក្បាល ប៉ុន្តែវាបានងាប់ខ្លះ នៅសល់ចំនួន៣៨២ក្បាល ត្រូវបានអាជ្ញាធរពាក់ព័ន្ធយកទៅព្រលែងនៅតំបន់អភិរក្សនៃសហគមន៍ទេសចរណ៍បឹងឈូក កាលពីថ្ងៃអាទិត្យម្សិលមិញ។
លោកបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពីរនាក់ផងដែរ ដែលបច្ចុប្បន្នត្រូវបានបញ្ជូនទៅមន្ត្រីជំនាញ ដើម្បីបន្តនីតិវិធីចាត់ការទៅតាមផ្លូវច្បាប់។
ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ពុំអាចសុំការអត្ថាធិប្បាយបានទេ កាលពីថ្ងៃម្សិលមិញ។
ប៉ុន្តែគេហទំព័រអគ្គស្នងការនគរបាលជាតិ បានស្រង់ប្រសាសន៍លោក ម៉ក់ ធារ៉ា មកផ្សព្វផ្សាយកាលពីថ្ងៃម្សិលមិញថា ក្នុងប្រតិបត្តិការបង្ក្រាបករណីលួចនាំចេញសត្វប្រវឹកខុសច្បាប់នេះ សមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន០២នាក់ រួមមាន ឈ្មោះ ឆាយ រស្មី ភេទប្រុស អាយុ៣៧ឆ្នាំ និងឈ្មោះ យ៉េង ឈុនហេង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែលោកពុំបានបញ្ជាក់មុខរបរឬតួនាទីរបស់ជនសង្ស័យទាំងពីរនាក់នេះទេ។
លោកបានបន្ថែមថា ចំពោះវត្ថុតាងដែលរឹបអូសបាន រួមមាន៖ ១.សត្វស្លាបប្រវឹក ចំនួន៣៨២ក្បាល, រថយន្តម៉ាកឡង់គ្រីស័រស៊េរីឆ្នាំ១៩៩៨ ពណ៌ប៉ារ៉ា (ត្រេអ៊ី) ស្លាកលេខ ខ.ម ២ ៦១៥៨-០៧ ភូមិភាគ៥ ចំនួន០១គ្រឿង។
សមាជិក សំ វាសនា ខន់សឺវេសិនធួរ កញ្ញា ពេជ្រ កញ្ញា មានប្រសាសន៍នៅថ្ងៃចន្ទនេះថា សត្វប្រវឹកនៅមិនទាន់ចាត់ចូលជាសត្វដែលកម្រនៅឡើយទេ ព្រោះវានៅតែមានច្រើន។
កញ្ញាបាននិយាយថា៖ «ធម្មតាសត្វទាំងអស់ហ្នឹងវាចូលចិត្តនៅលក្ខណៈធម្មជាតិ អ៊ីចឹងបើគាត់[សមត្ថកិច្ចខេត្ត] ព្រលែងវាទៅធម្មជាតិវិញ វាអត់មានអីប៉ះពាល់ប៉ុន្មានទេ »៕









