ពលរដ្ឋ​​មាន​​ជម្លោះ​ដីធ្លី​​ជា​មួយ​​ក្រុម​ហ៊ុន​UDG ជំរុញ​​ជា​ថ្មី​​ឱ្យ​​អាជ្ញាធរ​​ខេត្ត​កោះកុង​​ពន្លឿន​​ការ​​ដោះ​ស្រាយ​

​ប្រជាពលរដ្ឋ​ប្រមាណ៦០នាក់ដែល​អះអាង​ថា​ កំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ញូ​ញៀន (Union Development Group ឬ UDG​) ក្នុង​ខេត្តកោះកុង បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​មុខ​សាលាខេត្ត​ជាថ្មី​ទៀត​ ដើម្បី​ជំរុញ​ទៅ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជូន​ពួក​គេ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

​ប្រជាពលរដ្ឋ​ប្រមាណ៦០នាក់ដែល​អះអាង​ថា​ កំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ញូ​ញៀន (Union Development Group ឬ UDG​) ក្នុង​ខេត្តកោះកុង បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​មុខ​សាលាខេត្ត​ជាថ្មី​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ជំរុញ​ទៅ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជូន​ពួក​គេ ដោយសារ​ជម្លោះ​នោះ​អូស​បន្លាយ​ជាង១០ឆ្នាំ​មក​ហើយ។

អ្នកស្រី ឆៃ គឹ​មធុ​ច អះអាង​ជា​តំណាង​ពលរដ្ឋ​មក​ពី​ឃុំ​ភ្ញីមាស បាន​ប្រាប់​វី​អូ​ឌី​ថា ពលរដ្ឋ​ដែល​តវ៉ា​នេះ មក​ពី​ឃុំ​ចំនួន៣ រួមមាន ឃុំ​ព្រែកខ្សាច់ ឃុំ​ភ្ញីមាស និង​ឃុំ​កោះ​ស្តេច ដែល​ភាគច្រើន​ប្រកបរបរ​ធ្វើស្រែ ចម្ការ និង​នេសាទ។ អ្នកស្រី​បន្ត​ថា ពួក​គាត់​មាន​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ចិន ញូ​ញៀន រយៈពេល១២ឆ្នាំ​ហើយ នៅ​ពុំ​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅឡើយ ដោយ​កន្លងមក អាជ្ញាធរ​បាន​ត្រឹម​សន្យា​ថា​នឹង​ដោះស្រាយ។

អ្នកស្រី​បន្ថែម​ថា៖ «ការ​ពន្យា​រពេល​មិន​ដោះស្រាយ​នេះ បាន​ធ្វើ​ឱ្យពលរដ្ឋ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ គឺ​ពួក​ខ្ញុំ​បាន​បាត់បង់​មុខរបរ កូន​ៗបាត់បង់​ការសិក្សា បាត់បង់​ដី​អាស្រ័យផល និង​ពុំ​បាន​រក[រកស៊ី]​អ្វី​ទាំងអស់​ ដោយសារតែ​រវល់​ដើរ​តវ៉ា។ អ៊ីចឹង​ការអភិវឌ្ឍនេះ មិនបាន​ផ្តល់​ចំណេញ​អ្វី​ដល់​ពួក​ខ្ញុំ​នោះ​ទេ មានតែ​ខាតបង់»។

អ្នកស្រី​បាន​អះអាង​ថា គោលបំណង​ការ​តវ៉ា​នេះ គឺ​ប្រជាពលរដ្ឋ​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ខេត្ត កាត់​ឆ្វៀល​ដី​របស់​ប្រជាពលរដ្ឋដែល​មាន​បណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ ចេញពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ឬផ្តល់​សំណង​តាម​តម្លៃ​ទីផ្សារ។

អភិបាលខេត្ត​កោះកុង លោកស្រី មិថុនា ភូ​ថង មានប្រសាសន៍​ថា ជម្លោះដីធ្លី​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​ចិន​ ញូ​ញៀន ​នេះ ក្រសួង​រៀបចំ​ដែនដីនិង​អាជ្ញាធរ​ខេត្ត កំពុង​ដំណើរការ​សិក្សា​បន្ថែម​លើ​អត្តសញ្ញាណ​របស់​ប្រជាពលរដ្ឋនិង​អត្តសញ្ញា​ណផ្សេង​ៗទៀត ដើម្បី​ឈាន​ទៅ​រក​ការ​ដោះស្រាយ​បញ្ចប់។

លោកស្រី​ថ្លែង​ថា៖ «អ៊ីចឹង​យើង​មិនទាន់​បានសម្រេច​អ្វី​នៅឡើយ​ទេ ដោយសារ​កិច្ចការ​នេះ​ស្ថិត​ក្នុង​ការសិក្សា​នៅឡើយ»។

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លី​កាដ​ូ​ប្រចាំ​ខេត្តកោះកុង លោក ប៉ែន វុទ្ធា មានប្រសាសន៍​ថា ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន UDG នេះ មាន​ពលរដ្ឋ​ប្រហែល​ខ្ទង់ពាន់​គ្រួសារ​ទៀត ដែល​ពុំ​ទាន់​ទទួល​បានការ​ដោះស្រាយ។ លោក​បន្ត​ថា ការ​ពន្យារ​ពេល​មិន​ដោះស្រាយ​ឱ្យ​បាន​ឆាប់​នេះ នឹង​ធ្វើឱ្យពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​អស់ជំនឿ​លើ​ការ​ដឹកនាំ​របស់​អាជ្ញាធរ ក៏ដូចជា​រដ្ឋាភិបាល។

លោក​បន្ថែម​ថា៖ «បើសិនជា​អាជ្ញាធរ​មិន​យកចិត្ត​ទុកដាក់​ដោះស្រាយ​ឱ្យ​ឆាប់​ចប់​ទេ វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​ពួក​គាត់​វិញ​ទេ ក្នុង​ការទទួលខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ពួក​គាត់​ជា​ម្ចាស់​ឆ្នោត។ នៅពេល​ដែល​ពួក​គាត់​រងគ្រោះ​យូរឆ្នាំហើយ ហើយ​អាជ្ញាធរ​មិនបាន​យកចិត្ត​ដោះស្រាយ​ជូន​ពួក​គាត់ អ៊ីចឹង​អាហ្នឹង​វា​នឹងធ្វើ​ឱ្យ​ពួក​គាត់​បាត់បង់​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ ហើយ​ពួក​គាត់​លែងទុកចិត្ត​លើ​អាជ្ញាធរនិង​រដ្ឋាភិបាល​ទៀត»។

កាលពី​ឆ្នាំ២០០៨ រដ្ឋាភិបាល​បានសម្រេច​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទំហំ ៣ម៉ឺន ៦ពាន់​ហិ​កតា ស្ថិតនៅ​ក្នុង​ស្រុក​បទុម​សាគរ និង​ស្រុក​គិរីសាគរ ខេត្តកោះកុង ទៅដល់​ក្រុមហ៊ុន​ចិន UDG ដើម្បី​ធ្វើការ​អភិវឌ្ឍ​ពាណិជ្ជកម្មនិង​រមណីយដ្ឋាន​ទេសចរណ៍។

របាយការណ៍និង​ការវិភាគ​ផ្លូវច្បាប់​របស់​អង្គការ​សង្គម​ស៊ីវិល​ឆ្នាំ២០១២ បាន​រក​ឃើញថា គម្រោង​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន ញូ​ញៀន (UDG​) បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​១១៤៣គ្រួសារ ត្រូវ​បង្ខំ​ឱ្យ​បោះបង់​ដីធ្លី​ប្រមាណ​ជាង១ម៉ឺន​ហិ​កតា រួម​ទាំង​ផ្ទះ១៥០០ខ្នង ត្រូវ​បង្ខំ​ឱ្យ​រុះរើនិង​ឈូស​ឆាយ។

កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ក្រសួង​រតនាគារ​អាមេរិក​សម្រេច​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន UGD ដែល​កំពុង​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍​តារា​សាគរ នៅ​ខេត្តកោះកុង​នេះ ដោយ​លើកឡើង​ថា ក្រុមហ៊ុន​ចិន​មួយ​នេះកំពុង​រំលោភបំពាន​សិទ្ធិមនុស្ស និង​បញ្ហា​មិន​ប្រក្រតី​មួយចំនួន​ទៀត ប៉ុន្តែ​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​នេះច្រាល​ចោលការ​លើកឡើង​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ