ក្រសួងសុខាភិបាលបានប្រកាសថា បុរសជនជាតិអង់គ្លេសម្នាក់បានជាសះស្បើយពីជំងឺកូវីដ១៩ និងមិនមានករណីឆ្លងថ្មីនោះទេ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានលើកឡើងថា បុរសជនជាតិអង់គ្លេស អាយុ៥៤ឆ្នាំ ដែលជាសះស្បើយនោះ ជាអ្នកដំណើរមកពីប្រទេសអង់គ្លេស ដោយឆ្លងកាត់ប្រទេសហូឡង់ ហើយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា។
ក្រសួងបន្តថា បុរសរូបនោះត្រូវបានធ្វើតេស្តដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
បើតាមក្រសួងសុខាភិបាល គិតមកដល់ម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៧៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៧៥នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបចំនួន១នាក់៕