ក្រសួងបរិស្ថាន ជំរុញអាជ្ញាធរថ្នាក់ក្រោមជាតិពង្រឹងការងារ​លើ​​មុខងារវិស័យបរិស្ថាន

អគារក្រសួងបរិស្ថានថ្មី​ (រូបថតពីហ្វេសប៊ុក​)

ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន ជំរុញឱ្យអាជ្ញាធរ​ថ្នាក់ក្រោមជាតិ​ បន្តយកចិត្តទុក​ដាក់អនុវត្តមុខងារ​វិស័យបរិស្ថាន និងពង្រឹង​ការ​អនុវត្ត​ច្បាប់​ ដើម្បីប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារបម្រើនិងផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ការជំរុញនេះ បានធ្វើឡើងនៅក្នុង​សិក្ខាសាលាថ្នាក់តំបន់ ស្តីពី ការផ្តល់បច្ចេកទេសអនុវត្តមុខងារវិស័យបរិស្ថានជូន​រដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីល្ងាច​​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅទីរួមខេត្តកំពត។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក​ សាយ សំអាល់ បានថ្លែងក្នុង​សិក្ខាសាលានោះថា អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវ​​បន្តយកចិត្តទុកដាក់​អនុវត្តមុខងារវិស័យបរិស្ថាន ដែលក្រសួងបានធ្វើប្រតិភូកម្ម និង​ប្រគល់មុខងារគ្រប់គ្រងជូន ដើម្បីឱ្យការ​​​អនុវត្តការងារបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន​មាន​ប្រសិទ្ធិ​ភាពខ្ពស់។​

លោកបានបន្តថា៖ «យើងទាំងអស់ គ្នាត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសក្នុងវិស័យបរិស្ថាន ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងកិច្ចគាំពារ​បរិស្ថាន ការគ្រប់គ្រងសំណល់​​គ្រប់​ប្រភេទ​ ឱ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថាន»។

លោករដ្ឋមន្ត្រី ក៏បានជំរុញដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ពង្រឹងការអនុវត្តច្បាប់ និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើការងារអភិរក្សធនធានធម្មជាតិដែលយើងមាន ឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ដល់មនុស្សរាប់ជំនាន់តទៅមុខទៀត។  

គួរបញ្ជាក់ថា សិក្ខាសាលាថ្នាក់តំបន់នេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញានេះ ដោយ​​មានការ​​ចូលរួមពី​មន្ត្រីអាជ្ញាធរពាក់ព័ន្ធ​ចំនួន ​៤​ខេត្ត រួមមាន ខេត្តកំពត ព្រះសីហនុ កែប និងតាកែវ។

នេះគឺជាលើកទី២ ហើយដែលក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បី​បំពាក់បំប៉ន សមត្ថភាពមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិអំពីបច្ចេកទេសអនុវត្តមុខងារវិស័យបរិស្ថានដែលក្រសួងបានធ្វើប្រតិភូកម្ម និងប្រគល់មុខងារជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្នុងរយៈពេល ៣​ថ្ងៃនៃសិក្ខាសាលាថ្នាក់តំបន់នេះ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន នឹងធ្វើបង្ហាញ​ជូន​ដល់មន្ត្រីថ្នាក់ក្រោមជាតិ នូវទស្សនទាននៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការគ្រប់គ្រងសំណល់រឹងតាមទីប្រជុំជន ការគ្រប់គ្រងប្រព័ន្ធលូ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ការបណ្តុះបណ្តាលបច្ចេកទេសអនុវត្តមុខងារការអភិវឌ្ឍដោយចីរភាព មុខងារផ្សព្វផ្សាយចំណេះដឹង និងព័ត៌មានបរិស្ថាន ការងារគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ និងការគ្រប់គ្រងប្រព័ន្ធតំបន់ការពារ​ធម្មជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ