ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ទៀត ជាជនជាតិចិន និងមិនមានករណីជាសះស្បើយទេ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានលើកឡើងថា បុរសជាជនជាតិចិន អាយុ ២៨ឆ្នាំ ដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩ បានធ្វើដំណើរមកពីប្រទេសហ្វីលីពីន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា។
ក្រសួងបន្តថា ជើងហោះហើរដែលបុរសនោះធ្វើដំណើរ មានអ្នកដំណើរសរុបចំនួន ១០២នាក់ ក្នុងនោះ មានជនជាតិខ្មែរ ៥៥នាក់ កូរ៉េ៨នាក់ មីយ៉ាន់ម៉ា១នាក់ អាមេរិកាំង២នាក់ អ៊ឺរ៉ង់១នាក់ ជប៉ុន១១នាក់ ចិន២៣នាក់ និងអង់គ្លេស១នាក់។
ក្រសួងបញ្ជាក់ថា៖ «អ្នកដំណើរផ្សេងទៀត តាមជើងហោះហើរនោះ មានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ចំនួន ៤៩នាក់ និងធ្វើចត្តាឡីស័កនៅអនុវិទ្យាល័យពោធិ៍ចិនតុងចំនួន៥២នាក់»។
បើតាមក្រសួងសុខាភិបាល គិតមកដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៧៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២៧៥នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២នាក់៕









