ក្រសួងថា មាន​ជនជាតិចិន​ម្នាក់​ឆ្លង​ជំងឺ​កូវីដ​​១៩ និង​​មិនមានករណីជាសះស្បើយ​

ស្លាកទីស្តីការក្រសួងសុខាភិបាល ដែលមានទីតាំងនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ (VOD)

ក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃនេះថា រកឃើញអ្នកឆ្លងជំងឺកូវីដ​១៩​ថ្មីម្នាក់ទៀត ជាជនជាតិចិន និង​មិនមានករណីជាសះស្បើយទេ។

សេចក្តីជូនព័ត៌មាន​របស់ក្រសួង​សុខាភិបាល បាន​លើក​ឡើង​ថា បុរសជាជនជាតិចិន អាយុ ២៨ឆ្នាំ ដែលរកឃើញវិជ្ជមានជំងឺកូវីដ​១៩ បាន​ធ្វើដំណើរមក​ពីប្រទេស​ហ្វីលីពីន បន្តជើងហោះហើរ​នៅប្រទេស​កូរ៉េខាងត្បូង មក​ដល់ប្រទេស​កម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា។

ក្រសួង​បន្តថា ជើង​ហោះហើរដែលបុរស​នោះធ្វើដំណើរ មាន​អ្នកដំណើរសរុបចំនួន​ ១០២​នាក់ ក្នុងនោះ មានជនជាតិខ្មែរ ៥៥នាក់ កូរ៉េ៨នាក់ មីយ៉ាន់ម៉ា​១នាក់ អាមេរិកាំង​២នាក់ អ៊ឺរ៉ង់១នាក់ ជប៉ុន​១១នាក់ ចិន២៣នាក់ និងអង់គ្លេស១នាក់។

ក្រសួងបញ្ជាក់ថា៖ «អ្នកដំណើរផ្សេងទៀត តាមជើង​ហោះហើរ​នោះ មានលទ្ធផល​អវិជ្ជមាន​វីរុស​កូវីដ​១៩ ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារ​មួយ​ក្នុង​រាជធានីភ្នំពេញ ចំនួន ៤៩នាក់ និង​ធ្វើ​ចត្តាឡីស័ក​នៅអនុវិទ្យាល័យ​ពោធិ៍ចិន​តុងចំនួន​៥២​នាក់»។

បើតាមក្រសួងសុខាភិបាល គិត​មកដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពុជា បាន​រកឃើញអ្នកឆ្លងជំងឺកូវីដ​១៩ សរុបចំនួន ២៧៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២៧៥នាក់ និង​កំពុង​សម្រាក​​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ចំនួន ២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ