ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(UNHRC) បាននិយាយថា ការបំភិតបំភ័យប្រឆាំងនឹងប្រជាជនកម្ពុជា នឹងត្រូវរាយការណ៍ក្នុងកិច្ចប្រជុំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃពុធស្អែកនេះ។
UNHRC បានលើកឡើងទំព័រហ្វេសប៊ុករបស់ខ្លួនថា នៅថ្ងៃពុធស្អែកនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងធ្វើបទបង្ហាញ អំពីរបាយការណ៍ប្រចាំឆ្នាំរបស់លោក ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ស្តីពី ការបំភិតបំភ័យ និងការសងសឹក ដែលបានធ្វើឡើងប្រឆាំងនឹងអ្នកដែលបានសហការជាមួយអង្គការសហប្រជាជាតិ និងយន្តការរបស់ខ្លួន នៅក្នុងវិស័យសិទ្ធិមនុស្ស។
ស្ថាប័នអន្តរជាតិមួយនេះ រំឭកថា នៅខែតុលា ឆ្នាំ២០០៩ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានស្នើសុំអគ្គលេខាធិការឱ្យរាយការណ៍ជារៀងរាល់ឆ្នាំ ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សលើប្រធានបទនេះ ហើយសម្រាប់ប្រទេសកម្ពុជា អគ្គលេខាធិការអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីឧទាហរណ៍នៃការសងសឹក និងការបំភិតបំភ័យ ដែលធ្វើឡើងដោយមន្រ្តីសន្តិសុខប្រឆាំងនឹងអ្នកដែលចូលរួមធ្វើការងារជាមួយអង្គការសហប្រជាជាតិ។
UNHRC បានបន្តថា នៅខែសីហា និងខែវិច្ឆិកា ឆ្នាំ២០១៩ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានកត់សម្គាល់ថា ខ្លួនបានទទួលរបាយការណ៍ជាច្រើន អំពី មន្ត្រីនគរនបាលមូលដ្ឋានដែលមិនបានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាល ឬការប្រជុំមួយចំនួន ដែលរៀបចំដោយសង្គមស៊ីវិល និងពលរដ្ឋ ដោយអាជ្ញាធរទាំងនោះ បានទៅថតរូប និងសាកសួរព័ត៌មាន ព្រមទាំងសួររកលិខិតអនុញ្ញាត។
បន្ទាប់ពីមានអន្តរាគមន៍ពីការិយាល័យ OHCHR កិច្ចប្រជុំនោះ ត្រូវបានអនុញ្ញាតឲ្យបន្តធ្វើ។ ទោះជាយ៉ាងនេះក៏ដោយ ក៏មន្ត្រីនគរបាល នៅថ្ងៃបន្ទាប់ បានមកទាមទារព័ត៌មានលម្អិតអំពីសកម្មភាព និងឈ្មោះអ្នកចូលរួមពីអង្គការ។
UNHRC បានគូសបញ្ជាក់ថា នៅក្នុងរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានលើកទឹកចិត្តដល់រដ្ឋទាំងឡាយឱ្យសម្តែងជាសាធារណៈនូវការគាំទ្រដោយច្បាស់លាស់ចំពោះសិទ្ធិ និងការប្រាស្រ័យទាក់ទងទាំងអស់ ជាមួយស្ថាប័នអន្តរជាតិដោយមិនមានការរារាំង៕