លោក កឹម សុខា ចុះចែកអំណោយ​ជូនពលរដ្ឋតាមខេត្ត​ស្របពេល​កំពុង​ជាប់បំរាមតុលាការ

លោក កឹម សុខា ចុះជួបសំណេះសំណាលប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ អំឡុងខែកក្កដា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក កឹម សុខា)

​​​អតី​តមេដឹក​នាំ​បក្សប្រឆាំង លោក​ កឹម សុខា ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃចុងក្រោយនេះ បានចុះចែ​​ក​អំ​ណោយ​ដល់​ប្រជា​ព​ល​រដ្ឋ​ដែលរងគ្រោះដោយទឹកជំនន់ នៅខេ​ត្ត​ព្រះ​សីហនុ និងខេត្តពោធិ៍សាត់​ បើទោះជា​លោកនៅជាប់បំរាម​​​តុលាការនៅឡើយ។

លោក​ កឹម សុខា បានលើកឡើង​​នៅ​លើទំព័រហ្វេសប៊ុក​របស់លោក កាលពីថ្ងៃចន្ទ​ម្សិល​មិញ​​ថា កាលដែលរូបលោក និងសហការី បានយកអំណោយ​ចែកជូនប្រជាពលរដ្ឋក្រីក្រ​ រងគ្រោះដោយទឹកជំនន់នៅខេត្តព្រះសីហនុ និង​ខេត្តពោធិ៍សាត់ កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ ក្នុងគោលបំណង​ដើម្បីជួយ​រំលែកទុក្ខលំបាក និង​ការខ្វះខាតរបស់​ប្រជាពល​រដ្ឋ ទៅ​​តាមលទ្ធភាពដែលលោក​​អាចធ្វើបាន។

លោកបានបន្តថា ការធ្វើសកម្មភាពមនុស្ស​​ធម៌ ជាសម្បជញ្ញៈ​របស់អ្នកមានគុណធម៌ ចំពោះប្រជាពលរដ្ឋ​ និងប្រទេស​ជាតិ ប្រសើរជាង​ការចោទប្រកាន់មួលបង្កាច់​នាំឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ និងសង្គមជាតិ។

លោកក៏បាន​គូសបញ្ជាក់​​ថា៖ «អ្វីដែលអាចធ្វើបាន មិនប៉ះពាល់ដល់ផលប្រយោជន៍ជាតិ មិនរំលោភសិទ្ធិអ្នកដទៃ ហើយ​ច្បាប់មិនហាមឃាត់ ទោះបីសេរីភាពត្រូវបានកម្រិតក៏ដោយ ខ្ញុំនៅតែព្យាយាមធ្វើទៅតាមលទ្ធភាព​ និងកាលៈទេសៈ ដើម្បីចូលរួមជាប្រយោជន៍ដល់សង្គមជាតិ ជាពិសេសដើម្បីប្រជាពលរដ្ឋខ្មែរ»

សហមេធាវីការពារក្តីឱ្យ លោក កឹម សុខា គឺ​លោក ចាន់ ចេន ឱ្យដឹងតាមបណ្តាញសង្គមតេឡេក្រាម​ថា ការចុះចែកអំណោយរបស់​លោក កឹម សុខា ជារឿងមនុស្សធម៌សុទ្ធសាត និង​​មិនប៉ះពាល់ដល់បំរាមរបស់តុលាការទេ។

លោកបន្តថា៖ «នរណាក៏មានសិទ្ធិធ្វើដែរ ជួយពលរដ្ឋ​ដែលកំពុងមានការលំបាក ក្រៅពីបំរាម លោក កឹម សុខា មានសិទ្ធិ​ធ្វើកិច្ចការផ្សេងទៀត»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង មិនអាចសុំអត្ថាធិប្បាយបានទេ​ នៅថ្ងៃអង្គារនេះ។

ចំណែក អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជីន ម៉ាលីន ថ្លែងថា លោកមិនអាចបកស្រាយជំនួសតុលាការបាន។

លោកថា៖ «សកម្មភាពមនុស្សធម៌នេះ គ្មាននរណាអាចបកស្រាយបានថា តើជាសកម្មភាពនយោបាយដែលត្រូវហាមប្រាមឬក៏អត់ទេ មានតែខាងតុលាការទេ​ដែលអាចធ្វើការបកស្រាយបាន សូម្បីតែមេធាវីគាត់ក៏មិនអាចបកស្រាយជំនួស​តុលា​កា​របានដែរ»។

នាយករងអង្គការ​ឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍​ថា តុលាការបានដាក់បម្រាមលើអតីតមេដឹកនាំបក្សប្រឆាំង​តែសកម្មភាពនយោបាយ និងមិនឱ្យចេញ​ទៅក្រៅប្រទេស ប៉ុន្តែ​​ការចែកអំណាយបែបមនុស្សធម៌ មិនជាប់ពាក់ព័ន្ធទៅនឹងបំរាម​​របស់តុលាការទេ។

លោកថា៖ «ការចែកអំណោយនរណាក៏ធ្វើបានដែរ ទាក់ទងនឹងសប្បុរសធម៌ឱ្យតែគាត់[កឹម​ សុខា ]មានទឹកចិត្តហើយមានធនធាន ទ្រព្យសម្បត្តិ​ក្នុងការចែកដល់ជនរងគ្រោះ ទាក់ទងនឹងគ្រោះធម្មជាតិឬក៏សប្បុរសធម៌ផ្សេងៗអត់មាននរណាហាមឃាត់ទេ ពីព្រោះបំរាមគេហាមតែធ្វើសកម្មភាពនយោបាយ»។

លោក កឹម សុខា ត្រូវបានតុលាការ​ដកសិទ្ធិធ្វើនយោបាយជាង ៣ឆ្នាំមកហើយ ​គិតចាប់ពីថ្ងៃដែលសមត្ថកិច្ចចាប់ខ្លួន​លោកកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោម​ការ​​ចោទពីបទល្មើស​ថា បានឃុបឃិ​ត​ជាមួយបរទេស​​​ចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា​។​

ប​ច្ចុ​ប្បន្ន មេបក្សប្រឆាំងរូបនេះ មិនទាន់ត្រូវបានអនុញ្ញាតឱ្យធ្វើន​យោ​បាយឡើងវិញនៅឡើយទេ បើទោះបីសហរដ្ឋអា​មេរិក និងសហភាពអឺរ៉ុបបាននំាមុខគេ ទាមទារទៅរដ្ឋាភិបាលកម្ពុជា​​ ឱ្យអតីតបក្សប្រឆាំងធំមួយនេះ បានដំណើរ​ការ​ឡើ​ង​​វិញ​ក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ