សមត្ថកិច្ចឃាត់ខ្លួនជន​ជាតិចិន​​​​ជិត៤០០​នាក់ ក្នុង​​ភោជនីយដ្ឋាន​មួយ​នៅ​ខេត្តព្រះសីហនុ

អ្នកដំណើរជិះកាត់ស្នងការខេត្តព្រះសីហនុនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ (រូបថត៖ ហេង វិចិត្រ)

សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនជាតិចិនជិត៤០០នាក់ ក្នុងភោជនីយដ្ឋានស៊ីនខាយសៀនមិន នាភូមិ៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៩ខែកញ្ញា។

អាជ្ញាធរខេត្តព្រះសីហនុបញ្ជាក់ថាបន្ទាប់ពីចុះប្រតិបត្តិការ អាជ្ញាធរបាន​រកឃើញភស្តុតាងល្មើស​ច្បាប់មួយចំនួន រួមមានអាវុធ ថ្នាំញៀន និងសកម្មភាពពេស្យាចារ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវស៊ើបអង្កេតនិងបន្តអនុវត្តនិតិវិធីតាមផ្លូវច្បាប់ ចំពោះអ្នកទាំងនោះ។ 

ប្រសាសន៍លោក ឃាង ភារម្យ បានបញ្ជាក់ថា​៖«ករណីនេះកំពុងបន្តនិតិវិធីក្នុងការសួរនាំ  ចំពោះរបាយការណ៍​លម្អិត​ស្នើសុំទំនាក់ទំនង​ទៅកាន់​សមត្ថកិច្ចអនុវត្តផ្ទាល់»។

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ​ មិនទាន់អាចបញ្ជាក់​លំអិតជុំវិញ​បញ្ហានេះ បានទេ ដោយលោកថា​​គណៈបញ្ជាការឯកភាពខេត្ត និងព្រះរាជអាជ្ញា ខេត្តកំពុងបន្ត នីតិវិធីតាម​ជំនាញ។

ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោក លឹម ប៊ុនហេង មានប្រសាសន៍ថាសំណុំរឿងនេះមិនទាន់បានបញ្ជូនមកដល់តុលាការនៅឡើយទេ ដោយនគរបាលកំពុងបន្តនី​តិវិធីសាកសួរ។

ទោះជាយ៉ាងណាក្ដីគេហទំព័រBTV បានផ្សាយ​ថា សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុបាន ​ឃាត់​ខ្លួន​ជន​ជាតិចិន​ប្រុស ស្រី ​ចំនួន​៣៨១​នាក់និងដកហូតថ្នាំញៀនមួយចំនួន ដែលមិនទាន់បានថ្លឹង នៅឡើយ​។ ​​តាមប្រភពដដែល ភោជនីយដ្ឋាននេះ​ជាកម្ម​សិទ្ធិ​ជន​ជាតិ​ចិន ឈ្មោះ BAO FANGZE។

ប្រធាន​មជ្ឍ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គីមអេង មាន​ប្រសាសន៍ថា លោកគាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ចប៉ុន្តែ អាជ្ញាធរកម្ពុជាគួរស្រាវ​ជ្រាវរកឬសគល់នៃអំពើឧក្រិដ្ឋរបស់ជនជាតិចិនទាំង​នោះដើម្បីបង្ក្រាប។

ប្រសាសន៍ លោក យង់ គីមអេង មានប្រសាសន៍ថា ៖«ញឹកញាប់ណាស់ដែលចិនមានបញ្ហា បង្កនូវអសន្តិ​សុខបង្ករ​ការភ័យ​ខ្លាចដល់ប្រជាពលរដ្ឋ​កម្ពុជា អីចឹងរដ្ឋាភិបាលគួរមាន លក្ខខណ្ឌដោយឡែក ហើយ​ចាំបាច់​ក្នុងការត្រួតពិនិត្យនិងតាមដានពួកគេ​ទាំងនោះ បើមិនអីចឹងរដ្ឋាភិបាលនឹង​ចំណាយ​ធន​ធានកាន់​តែច្រើនថែមទៀត​ចំពោះ ខណៈដែល បញ្ហាកាន់តែច្រើនទៅច្រើនទៅ»។

របាយការណ៍បូកសរុបការងារប្រចាំខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៩បង្ហាញថា បទល្មើស​ដែលបង្ករឡើងដោយជនជាតិចិនមានចំនួននាំមុខគេក្នុងចំណោមបទល្មើសដែលកើតឡើង​នៅខេត្តព្រះសីហនុ។តួរលេខដែលផ្ដល់ដោយសាលាខេត្តព្រះសីហនុបង្ហាញថា គិតត្រឹម​ខែ​មិថុនា ឆ្នាំ២០២០ មានចិនប្រមាណ១ម៉ឺន៥ពាន់នាក់កំពុងរស់នៅធ្វើការ​និងប្រកប​អាជីវកម្ម​ក្នុងខេត្តព្រះសីហនុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ