អាជ្ញាធរមីន បានឱ្យដឹងថា កម្ពុជា នៅសល់ផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមប្រមាណជាង ៧៤៣គីឡូម៉ែត្រក្រឡា ក្នុងខេត្តចំនួន ១៩ ទូទាំងប្រទេស ដែលនៅមិនទាន់បានបោសសម្អាត។
នៅព្រឹកថ្ងៃពុធនេះ អនុប្រធានទី១អាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានអញ្ជើញទៅទស្សនកិច្ចការងារបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ MAG និងអង្គការ NPA នៅខេត្តរតនគិរី។ នេះបើតាមការផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុករបស់អាជ្ញាធរមីន។
ក្នុងដំណើរទស្សនកិច្ចនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានមានប្រសាសន៍ថា ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវទិន្នន័យមូលដ្ឋាន ចាប់ពីឆ្នាំ២០០៩ ដល់ខែសីហា ឆ្នាំ២០២០ ប្រទេសកម្ពុជា រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមមានផ្ទៃដីប្រមាណជាង ៨៩៤គីឡូម៉ែត្រក្រឡា ក្នុងនោះ បានបោសម្អាតរួច មានប្រមាណជាង ១៨៥ គីឡូម៉ែត្រការ៉េ និងផ្ទៃដីនៅសល់មានប្រមាណជាង ៧៤៣គីឡូម៉ែត្រការ៉េទៀត។
លោកបានបន្តថា រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក បានរួមចំណែកគាំទ្រសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដែលជាការរួមចំណែកកាត់បន្ថយការគំរាមកំហែងដោយសារគ្រាប់មីន និងគ្រាប់បែកចង្កោម និងសង្គ្រោះជីវិតពលរដ្ឋកម្ពុជា។
លោកបានបន្ថែមថា ចាប់តាំងពីឆ្នាំ១៩៩២ រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក បានជួយដល់កម្ពុជានូវទឹកប្រាក់ប្រមាណជាង ១៦០លានដុល្លារ តាមរយៈកម្មវិធី WRA (Weapon Removal and Abatement) និងកម្មវិធី HDR& D (Humanitarian Demining, Research and Development) ។
ស្របពេលគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានស្នើដល់រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក បន្តជួយគាំទ្រដល់កម្ពុជា តាមរយៈការបង្កើននូវកញ្ចប់ថវិការបស់ខ្លួន ក្នុងការចូលរួមលើការងារបោសសម្អាតមីន និងគ្រាប់បែកចង្កោម, ជួយកសាងសមត្ថភាពថ្នាក់ជាតិក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះរយៈពេលវែងក្រោយឆ្នាំ២០២៥ និងគាំទ្រការបង្កើតបន្ថែមក្រុមការងារបច្ចេកទេសស្រាវជ្រាវចម្ការគ្រាប់បែកចង្កោម។
លោក W. Patrick Murphy ត្រូវបានទំព័រហ្វេសប៊ុកអាជ្ញាធរមីន ស្រង់ប្រសាសន៍ដែរថា ជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក លេីការងារបោសសម្អាតមីន/គ្រាប់នៅកម្ពុជា ធ្វើឡើងក្នុងគោលដៅចូលរួមផ្តល់នូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា។
លោកបន្តថា សហរដ្ឋអាមេរិក នឹងប្តេជ្ញាបន្តឈរជាមួយកម្ពុជា ក្នុងការបញ្ចប់ការគម្រាមកំហែងដោយសារមីនឱ្យអស់នៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ លោកទេសរដ្ឋមន្រ្តី លី ធុជ និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានចុះពិនិត្យម៉ាស៊ីនគាំទ្រប្រតិបត្តិការបោសសម្អាតគ្រាប់របស់អង្គការ MAG ដែលជាជំនួយរបស់សហរដ្ឋអាមេរិក នៅក្រុងបានលុង និងលទ្ធផលនៃការបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ NPA នៅវិទ្យាល័យត្រពាំងក្រហម ស្រុកកូនមុំ ព្រមទាំងបានមេីលការប្រកួតបាល់ទាត់នារីរវាងអ្នកដោះមីន/គ្រាប់របស់អង្គការ MAG និងអង្គការ NPA ផងដែរ៕