រដ្ឋាភិបាល​កាត់ផ្ទៃដីបឹង​តាមោក​ចំនួន​៨ហិកតា​​ឱ្យ​ក្រសួង​​យុត្តិ​ធម៌

ទិដ្ឋភាពបឹងតាមោក ខណៈអាជ្ញាធររៀបចំចាក់បំពេញដី ដើម្បីអភិវឌ្ឍ កាលពីឆ្នាំ២០១៩។ រូបភាព៖ ខាន់ លក្ខិណា

រដ្ឋាភិបាល សម្រេច​កាត់ដី​បឹង​​តាមោក ៨ហិកតា ឱ្យទៅក្រសួង​យុត្តិ​ធម៌ ដែល​​ធ្វើឱ្យ​ចំនួន​​ផ្ទៃដី​​​បឹងធម្មជាតិ​​មួយនេះ​​សរុបជិត ៦០០​ហិកតា​​ហើយ​​​ ត្រូវ​​រដ្ឋកាត់យក​ទៅប្រើប្រាស់។

ក្នុងអនុត្រឹក្យចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​កាត់ផ្ទៃដីបឹងតាមោក ទំហំ ៨ហិកតា នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានី​ភ្នំពេញ ទៅឱ្យ​ក្រសួង​​​យុត្តិធម៌ ចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅថ្ងៃពុធនេះ សុំមិនអត្ថាធិប្បាយ​ជុំិវញករណី​នេះ ដោយ​លោក​ជំរុញឱ្យសួរ​​ទៅ​ទីស្ដីការគណៈ​រដ្ឋមន្ត្រីវិញ។

លោកថា៖ «ជាការសម្រេចរបស់រដ្ឋាភិបាល សូមទាក់ទងទៅខាងគណៈរដ្ឋមន្រ្តី»។

ប្រធានអង្គភាពអ្នកនាំពាក្យរាជ​រដ្ឋាភិបាលនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការកាត់ផ្ទៃដីបឹងតាមោកឱ្យ​ទៅក្រសួងយុត្តិធម៌ គឺ​ដើម្បីឱ្យស្ថាប័ននេះ សាងសង់ការិល័យរបស់ខ្លួន ខណៈទីតាំងក្រសួង​បច្ចុប្បន្នមាន​ភាពតូចចង្អៀត។

លោកថា៖ «ក្រសួងសព្វថ្ងៃហ្នឹង វាចង្អៀត​​​​ ដល់យកទៅធ្វើរបៀបជាទីស្ដីកា​​​ររបស់ក្រសួងយុត្តិធម៌ ដែលពួកយើងត្រូវការការិយាល័យច្រើន ត្រូវការលំហបន្ទប់ធ្វើការច្រើន។ ដូច្នេះ យើងគ្មានដីសាធារណៈណាមួយ ដែលអាចសម្រួលបាន ដូច្នេះ​​ហើយបានយើងយកដីសាធារណៈដែលទំនេរ[នៅបឹងតាមោក]»

​លោកបន្តថា ការកាត់ដីផ្ទៃបឹងតាមោកមួយផ្នែកនេះ  ដោយសារ រដ្ឋគ្មានដីសាធារណៈណាសម្រាប់ផ្ដល់ឱ្យ ទៅក្រសួង និងសា្ថប័នពាក់ព័ន្ធក្រៅពីទីតាំងនោះទេ។

លោកផៃ ស៊ីផាន ថ្លែង​ថា៖ «សារៈសំខាន់ទី២ យើងឈរក្នុងន័យគឺអភិរក្សជាមួយនឹងការអភិវឌ្ឍយើងដឹងហើយបឹងតាមោក ជាអាំងទឹកសម្រាប់ទទួលទឹកចេញពីទីក្រុងភ្នំពេញនៅជាយរាជធានីភ្នំពេញ។ ដូច្នេះ ក្នុងការលុបមួយចំណែក​​ ដើម្បីធ្វើការអភិវឌ្ឍ ក៏ប៉ុន្តែយើងនៅតែរក្សានៅតែអភិរក្សនៅតំបន់នោះ គ្រាន់តែទំហំវាតូចបន្តិច ប៉ុន្តែសេចក្ដីត្រូវការជាអាទិភាពយើងត្រូវផ្ដល់តម្លៃជាអា​ទិភាព»

យោងតាមលិខិតរបស់ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីលោក កែន   សត្ថា ដែលផ្ញើទៅ​រដ្ឋមន្ត្រី​ក្រសួងពាក់ព័ន្ធ និងអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ​២០២០ ឱ្យដឹងថា ផ្ទៃដីបឹងតាមោក ទំហំ៨ ហិកតានោះ ត្រូវកាត់ទៅឱ្យក្រសួងយុត្តិធម៌ សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើជាឃ្លាំងរក្សាទុកនូវឯកសារនិងសម្ភារៈ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ​ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គីម​អេង បង្ហាញ​​​ការសោកស្តាយចំពោះ​ការកាត់ផ្ទៃដីបឹងធម្មជាតិមួយនេះ ទៅឱ្យស្ថាប័នផ្សេងៗ។ លោកបាន​ស្នើទៅរដ្ឋាភិបាល​រកទីតាំងផ្សេងអភិវឌ្ឍន៍ស្ថាប័នរដ្ឋទាំងនោះ​ ជា​ជាងកាត់ផ្ទៃបឹងតាមោកនេះ និង​គួរ​​​រក្សាបឹងធម្មជាតិនេះ សម្រាប់​​ប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ និងគួរបង្កើត​ជាតំបន់ទេស​ចរណ៍​ផងដែរ។

លោកថា៖ «ខ្ញុំថាមិនគួរនឹងកាត់ដីបឹងតាមោក គួរតែរកកន្លែងផ្សេងក្នុងការអភិវឌ្ឍ ធ្វើការិយាល័យរបស់រដ្ឋអីហ្នឹង។ បើសិនជាកាត់ដីបឹងតាមោកម្ដងហើយម្ដងទៀត អាហ្នឹងជាការប្រឈមការធ្វើឱ្យរាជធានីភ្នំពេញ ជួបនៅការលិចលង់ដោយសារ​គ្មានកន្លែងរំដោះទឹក»

កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការកំណត់ផ្ទៃ​បឹង​តាមោក ជាសម្បតិ្តរបស់រដ្ឋ ដែលមានផ្ទៃដីសរុបប្រមាណ ៣ ២៣៩ហិកតា សម្រាប់ស្តុក​ទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ។ ​

ចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ រដ្ឋាភិបាលបានកាត់ផ្ទៃបឹងតាមោកសរុបជាង ៥៨០​​ហិក​តា ទៅ​ឱ្យស្ថាប័នរដ្ឋ និង​​ក្រុមហ៊ុន​ឯកជន សម្រាប់​សាងសង់​អគារ និង​​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗ។

របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​សមាគម​ធាងត្នោត​ កាលពី​ថ្ងៃទី២៦ ខែ​ធ្នូ​ ឆ្នាំ២០១៩ បង្ហាញ​​ថា បឹង​​ធម្មជាតិ​ទាំងអស់​ ​នៅ​រាជធានី​ភ្នំពេញ ​កំពុង​ប្រឈម​នឹង​ការចាក់​ដី​លុប​អស់​ទាំង​ស្រុង។

របាយការណ៍​បញ្ជាក់​ថា គិត​ចាប់ពី​ឆ្នាំ១៩៩០មក បឹង​ចំនួន​១៦ ហើយត្រូវ​បាន​ចាក់​ដី​លុប​​ទាំងស្រុង ខណៈ​បឹង​ចំនួន ១០​ទៀត ត្រូវ​គេ​ចាក់​លុប​មួយ​ផ្នែក​ៗជា​បណ្ដើរ​ៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ