ប្រទេសមហាអំណាច រួមទាំងសហរដ្ឋអាមេរិក និងប្រទេសមានឥទ្ធិពលមួយចំនួនទៀត កំពុងតែរៀបចំដាក់ទណ្ឌកម្មលើប្រទេសបេឡារុស (Belarus) ពាក់ព័ន្ធការចោទថា លួចបន្លំសន្លឹកឆ្នោតនិងចាប់អ្នករិះគន់ជាង១ម៉ឺននាក់ដាក់ពន្ធនាគារ។
សហភាពអឺរ៉ុបបានប្តេជ្ញាកាលពីខែសីហាថា នឹងដាក់ទណ្ឌកម្មទៅលើប្រទេសបេឡារុស ដោយចោទថា មេដឹកនាំក្នុងប្រទេសនេះដែលប្រកាសឈ្នះការបោះឆ្នោតកាលពីថ្ងៃទី៩ ខែសីហា គឺបានលួចបន្លំនិងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ប្រភពចំនួន៦បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីសប្តាហ៍មុនថា ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក គ្រោងនឹងដាក់ទណ្ឌកម្មលើប្រជាជនបេឡារុសជាលក្ខណៈបុគ្គល ដែលជាសកម្មភាពក្នុងការសម្របសម្រួល។
ចំពោះអង់គ្លេសនិងកាណាដាដើរមុខគេក្នុងការដាក់ទណ្ឌកម្មលើប្រទេសបេឡារុស។ ចំណែកសហរដ្ឋអាមេរិកបញ្ជាក់ថា គាំទ្រលើគោលជំហររបស់អង់គ្លេសនិងកាដាណា។ អាមេរិកបញ្ជាក់ថា ខ្លួនបានដាក់ទណ្ឌកម្មជាលក្ខណៈបុគ្គលលើមេដឹកនាំបេឡារុសចំនួន១៦នាក់រួចហើយ ក្នុងនោះរួមទាំងលោក អាឡិចសាន់ឌ័រ លូកាហ្សេនកូ (Alexander Lukashenko)។
ការដាក់ទណ្ឌកម្ម គឺដើម្បីជំរុញឱ្យមានដំណោះស្រាយជម្លោះបោះឆ្នោត បន្ទាប់ពីបក្សប្រឆាំងចោទថា ការបោះឆ្នោតមានការលួចបន្លំ ហើយមានការគំរាមកំហែងលើអ្នកតវ៉ាឬរិះគន់។ ការគំរាមកំហែងនេះធ្វើឡើងដោយលោក អាឡិចសាន់ឌ័រ លូកាហ្សេនកូ (Alexander Lukashenko) ដែលបានកាន់តំណែងជាប្រធានាធិបតីបេឡារុស២៦ឆ្នាំមកនេះ។
លោក លូកាហ្សេនកូ ប្រកាសថា ការបោះឆ្នោតកាលពីថ្ងៃទី៩ ខែសីហា លោកទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី។ លោកក៏បានចាប់ខ្លួនអ្នកតវ៉ាដែលចោទថាលោកលួចបន្លំសន្លឹកឆ្នោត ដាក់ពន្ធនាគារអស់១២០០០នាក់។ ចំណែកថ្នាក់ដឹកនាំបក្សប្រឆាំងមួយចំនួនជាប់ពន្ធនាគារនិងមួយចំនួនរត់គេចខ្លួន។
បេឡារុស គឺជាប្រទេសដែនដីគោកមួយ មានទីតាំងនៅភាគខាងកើតនៃសហភាពអឺរ៉ុប មានប្រជាជនជិត១០លាននាក់។ ប្រទេសនេះប្រើប្រាស់ភាសាជាតិខ្លួនឯងនិងភាសារុស្ស៊ី។
ក្នុងដំណើរការដែលអឺរ៉ុបប្រកាសជំហរដាក់ទណ្ឌកម្មលើបេឡារុសនេះ ក៏មានការចម្រូងចម្រាសដែរ គឺប្រទេសស៊ីប (Cyprus) ប្រកាសជំទាស់។ ស៊ីប បញ្ជាក់ថា បើអឺរ៉ុបដាក់ទណ្ឌកម្មលើបេឡារុស លុះត្រាតែមានការដាក់ទណ្ឌកម្មលើប្រទេសតួកគីដែរ។
ស៊ីបចោទតួកគីថា បានរំលោភបំពានបូមយកប្រេងនិងឧស្ម័ននៅភាគខាងកើតនៃសមុទ្រមេឌីទែរ៉ានេ៕









